ធនាគារ​អឺរ៉ុប BRED បន្ត​វាយ​លុក​ទីផ្សារ ដោយ​សម្ពោធ​សាខា​បន្ថែម ម្ដង​នេះ​កៀក TK

  • 2018-09-22 09:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​មក​ពី​ប៉ែក​អឺរ៉ុប ដែល​មាន​តែ​មួយ​គត់​នៅ​កម្ពុជា BRED Bank បាន​ប្រកាស​បើក​សាខា​ថ្មី​របស់​ខ្លួន​កាល​ពី​ព្រឹក​ម្សិលមិញ ក្រោយ​ពី​បើក​ការិយាល័យ​កណ្ដាល​នៅ​លើ​ផ្លូវ​នរោត្ដម កាល​ពី​ខែ​មីនា ២០១៧។

លោក​ស្រី មាស គន្ធា នាយិកា​គ្រប់គ្រង​បណ្ដាញ​សាខា បាន​និយាយ​ថា បន្ថែម​ពី​កម្មវិធី​ចល័ត (Mobile App) និង​ប្រព័ន្ធ​ផ្ដល់​សេវា​ធនាគារ​តាម​អ៊ីនធឺណិត ទីតាំង​ថ្មីៗ​របស់ BRED Bank នឹង​នាំ​យក​សេវាកម្ម​ធនាគារ​ទៅ​កាន់​តែ​កៀក​អតិថិជន។

ក្រៅ​ពី​សម្ពោធ​សាខា​ថ្មី​ដែល​មាន​ទីតាំង​នៅ​ផ្លូវ ៥១៦ កែង​នឹង​ផ្លូវ​សម្ដេច ប៉ែន នុត សង្កាត់​បឹង​កក់ ១ ខណ្ឌ​ទួលគោក (ក្បែរ​ផ្សារ TK) BRED Bank ក៏​នឹង​ត្រៀម​សម្ពោធ​សាខា​នៅ​ខេត្ត​សៀមរាប និង​បាត់ដំបង​បន្ថែម​ទៀត។

គោល​បំណង​របស់​ធនាគារ BRED គឺ​បំបាត់​នូវ​គម្លាត និង​ផ្ដល់​ប្រជាជន​កម្ពុជា នូវ​ដៃគូ​ទំនាក់​ទំនង​ដែល​អាច​ទុកចិត្ត​បាន ព្រម​ទាំង​អាច​ពិភាក្សា​ដោយ​សេរី ពី​គម្រោង​មហិច្ឆតា​របស់​ខ្លួន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Guillaume Perdon នាយក​ប្រតិបត្តិ​ធនាគារ BRED នៅ​កម្ពុជា។

លោក Guillaume Perdon នាយក​ប្រតិបត្តិ​ធនាគារ BRED នៅ​កម្ពុជា

BRED Bank ត្រូវ​បាន​កាន់​កាប់​ដោយ​ធនាគារ BRED Banque Populaire ដែល​ជា​ធនាគារ​សហប្រតិបត្តិការ​របស់​បារាំង និង​បាន​ចុះ​បញ្ជី​ក្នុង​ប្រទេស​បារាំង ដោយ​មាន​សមាជិក​សហប្រតិបត្តិការ ១៨ម៉ឺននាក់ ហើយ​មាន​មូល​ធន ៤,១ លាន​អឺរ៉ូ។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក BRED Bank Cambodia

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម