ថ្ងៃ​នេះ រឿង សោភ័ណ្ឌ​ ចេញ​ទៅ​វ៉ៃ​នៅ​ មីយ៉ាន់ម៉ា ​រពឹង​​​គេ​ស្គាល់​គុន​ខ្មែរ​ដូច​​វ៉ៃ​នៅ​បារាំង​

  • 2018-09-24 23:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចិត្ត​សឿង​ រឿង​ សោភ័ណ្ឌ​ ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ លើក​ទី១​នេះ​ រំពឹង​​ធ្វើ​ឲ្យ​​ពិភព​ខាង​ក្រៅ​​ស្គាល់​គុន​ខ្មែរ​​កាន់​តែ​ច្រើន​ ដូច​កាល​ដែល​ខ្លួន​ធ្លាប់​ជោគជ័យ​​​នៅ​​ប្រទេស​បារាំង។​

កីឡាករ រឿង​ សោភ័ណ្ឌ

រឿង​ សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ នា​ចុង​ខែ​កញ្ញា​ ២០១៨​ នេះ​ រូប​គេ​នឹង​ខំប្រឹង​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ដើម្បី​ជូន​កម្ពុជា​ និង​ជា​ពិសេស​នោះ​គឺ​បាន​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​ចំណាស់​​របស់​កម្ពុជា​មួយ​នេះ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។​ រូប​គេ​រំពឹង​ធ្វើ​បាន​ល្អ​​​ដូច​​​លើក​៤​លើក​​កន្លង​មក​ដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង​​គឺ​មាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ការ​ឈ្នះ​ខ្សែក្រវាត់​ និង​ពាន​នានា​។ ការ​ប្រកួត​នៅ​មីយ៉ាន់ម៉ា​លើក​នេះ​ នឹង​ខំ​ប្រឹង​ឲ្យ​ដូច​គ្នានោះដែរ។​

អាជ្ញាកណ្ដលរាប់ ម៉ាណាវថង ពេលត្រូវ សោភ័ណ្ឌ ទាត់
កីឡាករ រឿង​ សោភ័ណ្ឌ

ការ​ប្រកួត​សង្វៀន​ធំ​ WLC​ នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់​ដល់​រូប​គេ​ ដើម្បី​បង្កើត​កេរ្តិ៍ឈ្មោះ​បន្ថែម​ទៀត​ ក្នុង​ការ​ក្ដោប​ឱកាស​បាន​ឡើង​សង្វៀន​ធំៗ​កម្រិត​ពិភពលោក​។​ សោភ័ណ្ឌ​ ក៏​​រីករាយ​ខ្លាំង​​​ដែល​សង្វៀន​នៅ​មីយ៉ាន់ម៉ា​ ទទួល​ស្គាល់​ពី​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ និង​ដាក់​ឲ្យ​ប្រកួត​​ជា​​​គូ​​ពិសេស​ក្នុង​​ក​កម្មវិធី​ទៀត​ផង។​ កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​ និង​គ្រូ​បង្ហាត់​ក្លឹប Cambodian Top Team នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា វេលា​ម៉ោង​៩​យប់​នេះ៕

កីឡាករ រឿង​ សោភ័ណ្ឌ

នា​ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ២០១៨​នេះ​ កីឡាករ​កម្ពុជា​ពីរ​រូប​នឹង​ត្រូវ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​កម្មវិធី​ World Lethwei Championship(WLC)​គឺ ពេជ្រ ​ម្ទេសខ្មាំង​ ប៉ះ​ Mite Yine ក្នុង​​ទម្ងន់​ ៥៧-៦០kg ហើយ រឿង​ សោភ័ណ្ឌ​ ប៉ះ​ Yan Naing Tun ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​-៦៧kg៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម