១ថ្ងៃមានតែ ៣០០០៛ ទៅរៀន សិស្សក្រីក្រនិទ្ទេសA ប្រាប់គន្លឹះរៀនយកលំដាប់ពិន្ទុ១០០ពេញ

  • 2018-09-24 10:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ ថន រតនា ដែល​អ្នក​គ្រប់​គ្នា​ស្គាល់​ថា​ ជា​សិស្ស​និទ្ទេសA ​លំដាប់​ពិន្ទុ​១០០ពេញ ទូទាំង​ប្រទេស​ នៃ​ការ​ប្រឡង​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨នេះ។

​ប៉ុន្តែ​ប្រិយមិត្ត​ឆ្ងល់​ទេ​ថា​ រតនា​ជា​សិស្ស​ក្រីក្រ​ដែល​មាន​ឪពុក​ជា​អ្នក​រត់​ម៉ូតូឌុប ​ហើយ​រៀន​នៅ​សាលា​រដ្ឋ​​ ចុះ​នាង​ធ្វើ​ដូចម្ដេច​ បាន​ជា​​មាន​សមត្ថភាព​​រៀន​ពូកែ​ប្រចាំ​សាលា​ ​រហូត​​បាន​និទ្ទេស A ​លំដាប់​ខ្ពស់​ផុត​គេ​? តើ​​មាន​លុយ​មក​ពី​ណា ​ដើម្បី​​រៀន​គួរ​បំប៉ន​សឹង​គ្រប់​មុខវិជ្ជា​ (សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ)​​ ?

យុវតី​រូប​នេះ បាន​ប្រាប់​ថា​ខ្លួន​ចាប់​ផ្ដើម​រៀន​ពូកែ​បាន​លេខ១​ តាំង​តែ​ពី​ថ្នាក់​ទី៨​ ដល់​ថ្នាក់ទី១២​។ អ្វី​ដែល​គួរ​កោត​សរសើរ​យុវតី​រូប​នេះ គឺ​នាង​ជា​សិស្ស​មាន​ការ​តស៊ូ​ស្វិតស្វាញ​​សិក្សា​យ៉ាង​មោះមុត​ បើ​ទោះ​បី​គ្រួសារ​គ្មាន​លទ្ធភាព​ផ្ដល់​ថវិកា​ឲ្យ​រៀន​ក៏​ដោយ​។ ​រតនា​ប្រាប់​ថា ​ក្នុង​មួយ​ថ្ងៃ​នាង​​មាន​លុយ​តែ​ ៣ពាន់​រៀល​ប៉ុណ្ណោះ ​ហើយ​ចំនួន​លុយ​នេះ​ គឺ​ពុក​នាង​ឲ្យ​ថេរ​តាំង​ពី​ថ្នាក់​ទី៨ ​មក​ម្ល៉េះ​។ ​​​

"​លុយ​៣ពាន់រៀល​​​ហ្នឹង ​ខ្ញុំ​មិន​ដែល​បាន​ចាយ​វាយ​ទៅ​ណា​ទេ ខ្ញុំ​សន្សំ​​ទុក​​ខ្លះ​សម្រាប់​រៀន​គួរ​ និង​ទុក​ខ្លះ​សម្រាប់​ទិញ​សម្ភារៈ​សិក្សា​។ ​ទន្ទឹម​នឹង​​នោះ ​ខ្ញុំ​សូម​អរគុណ​ដល់​លោក​គ្រូ​អ្នកគ្រូ​​ខ្ញុំ ​​មាន​ទាំង​គ្រូ​បង្ហាត់​ខ្ញុំ​តាំង​ពី​ថ្នាក់​ទី៨​មក ​ ដោយ​ខ្ញុំ​​បាន​សុំ​ការ​អាណិត​សន្ដោស​​ប្រណី​ពី​ពួក​គាត់​​​ ឲ្យ​ខ្ញុំ​បាន​រៀន​គួរ​​បន្ថែម​មិន​គិត​ថ្លៃ​ ហើយ​គ្រូ​ខ្លះ​ក៏​គាត់​យក​ពី​ខ្ញុំ​តិច​តួច​បំផុត"។ រតនា ​បន្ថែម។

ប្ដូរ​ជាមួយ​ការ​រៀន​គិត​ថ្លៃ ឬ​អស់​ថ្លៃ​រៀន​គួរ​តិច​តួច ​រតនា​ស្ម័គ្រចិត្ត​ជួយ​គ្រប់​កិច្ច​ការ​របស់​គ្រូ​មិន​រុញរា​ឡើយ​ មិន​ថា​ដើរ​ប្រមូល​លុយ​គួរ​ ឬ​​ជួយ​សម្រួល​ការងារ​មួយ​ចំនួន​ជា​ដើម​។​​​​ ជា​រៀងរាល់​ថ្ងៃ រតនា​ តែង​វេច​បាយ​ម្ហូប​ទៅ​សាលា​ពេញ​មួយ​ថ្ងៃ លុះ​ល្ងាច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​។ ​យ៉ាង​ណា​មិញ​គ្រួសារ​រតនា​ ក៏​មិន​សូវ​ជា​យកចិត្ត​ទុក​ចំពោះ​ការសិក្សា​នាង​ប៉ុន្មាន​នោះ​ដែរ ​ដោយ​ហេតុ​ថា​ត្រូវ​ស្វែងរក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។

ក្រោយ​ប្រឡង​ជាប់​បាក់ឌុប ​បច្ចុប្បន្ន​ យុវតី​ រតនា កំពុង​រៀន​បំប៉ន​បន្ថែម ដើម្បី​ប្រឡង​ចូល​សាលា​ពេទ្យ ដោយ​នាង​មាន​បំណង​ប្រាថ្នា​ អនាគត​ដ៏​ជាក់លាក់​មួយ​របស់​ខ្លួន​តាំង​ពី​ធំ​ដឹង​ក្តី​មក គឺ​ចង់​ក្លាយ​ខ្លួន​ជា​វេជ្ជបណ្ឌិត​ដ៏​ពូកែ​មួយ​រូប។ គួរ​បន្ថែម​ដែរ​ យុវតី​ក្រីក្រ​រូប​នេះ ត្រូវ​បាន​សាធារណ​ជន​ជា​ច្រើន​អាណិត ក្នុង​នោះ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ​ហ៊ុនសែន ​សន្យា​ជួយ​ឧបត្ថម្ភ​ផ្គត់ផ្គង់​សិក្សា​ផ្នែក​មុខវិជ្ជា​ពេទ្យ​ ប្រសិន​បើ​រតនា​ប្រឡងជាប់៕​​​

​​​​​​ ​​​​​

​​

អត្ថបទ៖ ស៊ិន សាវ៉េត