គួរឲ្យអាណិត កូនប្រុសតារាចម្រៀង ​ព្រាប សុវត្ថិ មានជំងឺមកយាយីទាំង៣នាក់

  • 2018-09-25 01:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លោក ព្រាប សុវត្ថិ​ បាន​ថ្លែង​ឲ្យ​ដឹង​លើ​ទឹក​ដី​ប្រទេស​កូរ៉េ​​ថា កូន​ប្រុស​ទាំង​៣​របស់​លោក​បាន​កើត​ជំងឺ​គ្រុន​ឈាមទាំង​អស់ ដែល​ដំបូង​គេ​គឺ​កើត​លើ​​កូន​​ពៅ​គេ បន្ទាប់​មក​កើត​លើ​កូន​ទី២ និង​ចុង​ក្រោយ​​នេះ ស្រាប់​តែ​កើត​លើ​កូន​ច្បង​វិញ​ម្ដង ដែល​ធ្វើ​ឲ្យ​គម្រោង​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ទាំង​​​ក្រុម​គ្រួសារ មិន​អាច​ធ្វើ​ទៅ​បាន​តាម​ការ​គ្រោង​ទុក។

តាម​គម្រោង​ការ​ចេញ​ទៅ​ច្រៀង​លើ​ទឹក​ដី​កូរ៉េ ឲ្យ​​បុរី ​ឡេង​ ណាវ៉ាត់​ត្រា ជា​មួយ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​រូប​ទៀត លោក ព្រាប សុវត្ថិ​ ត្រូវ​បាន​គេ​ដឹង​ថា នឹង​ឡើង​មក​​ច្រៀង​ទាំង​ក្រុម​គ្រួសារ បូក​​​ទាំង​ក្រុម​រាំ​របស់​​លោក ព្រម​ទាំង​ម្ដាយ និង​ប្រពន្ធ​របស់​លោក​​ផង​នោះ សរុប​ជាង​២០នាក់​ឯណោះ ប៉ុន្តែ​ដល់​ម៉ោង​ឡើង​យន្តហោះ ​ស្រាប់​តែ​កូន​ច្បង​របស់​លោក មាន​អាការៈ​មិន​ស្រូល​ខ្លួន ដែល​សង្ស័យ​ថា អាច​កើត​ជំងឺ​គ្រុន​ឈាម​​ដូច​ប្អូន​ទាំង​២ ក៏​បង្ខំ​ចិត្ត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក្រោយ​ពី​គ្រូពេទ្យពិនិត្យ​ឃើញ​ថា ពិត​ជា​កើតជំងឺ​គ្រុន​ឈាម​ពិត​ប្រាកដ​មែន។

តារា​ចម្រៀង​រូប​នេះ​ថ្លែង​បន្ត​ឲ្យ​ដឹង​ថា ជំងឺ​គ្រុន​ឈាម​នេះ​ដំបូង​ឡើង គឺ​កើត​លើ​កូន​ពៅ​​លោក បន្ទាប់​ពី​អា​ពៅ បាន​ស្រាល​បន្តិច​ស្រាប់​តែ​កើត​មក​លើកូន​ទី២​តែ​ម្ដង ហើយ​ក្រោយ​ពី​កូន​ទាំង​២ ជា​សោះ​ស្បើយ ស្រាប់​តែ​កើត​លើ កូន​ច្បង​១​ទៀត ដែល​ធ្វើ​ឲ្យ​ការ​ឡើង​មក​ច្រៀង​នេះ បាន​តែ​​កូន​២នាក់ នៅ​ខ្វះ​ម្នាក់ ។

ជា​មួយ​នឹង​ការ​កើត​ជំងឺ​គ្រុន​ឈាម​​រហូត​ដល់​ទៅ​៣នាក់​ក្នុង​ក្រុម​គ្រួសារ​បែប​នេះ លោក ព្រាប សុវត្ថិ​ក៏​ដូច​កូនៗ​របស់​លោក បាន​ស្នើ​ទៅ​ប្រជាពលរដ្ឋ​ទាំង​អស់ មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​លើ​កិច្ច​ការ​ពារ​ជំងឺ​នេះ ដោយ​គេ​ត្រូវ​គេង​ចង​មុង ហើយ​ត្រូវ​​កម្ចាត់​មូស​ខ្លាឲ្យ​អស់​ពី​ក្នុង​ផ្ទះ។​​

កូនប្រុសប្រុសពៅ តារាចម្រៀង ព្រាប សុវត្ថិ សម្តែងនៅប្រទេសកូរ៉េ​

ទោះ​បី​ជា​អវត្តមាន​កូន​ម្នាក់​ក៏​ពិត​មែ​ន ប៉ុន្តែវត្តមាន​របស់​លោក​​ជា​លើក​ដំបូង​លើ​ទឹក​ដី​កូរ៉េ​នេះ ពិត​ជា មាន​បងប្អូន​ខ្មែរ​គាំទ្រ​ខ្លាំង​ណាស់ បើ​ទោះ​បី​ជា​ការ​ចូល​មក​ទស្សនា​នៃ​ការ​ប្រគំតន្រ្តី​នេះមាន​​ការ​លក់​សំបុត្រ​ក្ដី។ ការ​ប្រគំតន្រ្តី​នៅ​​ទី​ក្រុង​អាន់​សាន់​ ​កាល​ពី​ម្សិល​មិញ​នេះ គឺ​មាន​បង​ប្អូន​ខ្មែរ​មក​ទស្សនា​រាប់​ពាន់​នាក់ ដែល​ចំនួន​នេះ គឺ​លើស​ពី​ការ​រំពឹង​ទុក ហើយ​នៅ​ថ្ងៃ​ទី២៥ នេះ លោក និង​តារា​ចម្រៀង​ជា​ច្រើន​ទៀត នឹង​បន្ត​ទៅ​ច្រៀង​នៅ ទីក្រុង ​ក្វាងជូធំ ១​កម្មវិធី​ទៀត ហើយ​ថ្ងៃ​ល្ងាច​ថ្ងៃ ២៦ លោក ​និង​ក្រុម​ការងារ ត្រឡប់​មកប្រទេស​កម្ពុជា​វិញ៕

សកម្មភាពតារាចម្រៀង ព្រាប សុវត្ថិ សម្តែងនៅប្រទេសកូរ៉េ

អត្ថបទៈ ស៊ុនហួត