ទម្លាយល្បិច៤ស្នៀត របស់អ្នកលក់ក្នុងផ្សារក្ដាមនៅកែប ប្រយ័ត្នយកលុយចោលទទេៗ

  • 2018-09-25 03:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​​កាន់​ខេត្ត​កែប មិន​ដែល​រំលង​ផ្សារ​ក្ដាម​ឡើយ ជា​ជង្រុក​កន្លែង​គ្រឿង​សមុទ្រ​ស្រស់ៗ​គ្រប់​ប្រភេទ។ ប៉ុន្តែ​ក៏​មាន​ភ្ញៀវ​ទេសចរ​មិន​តិច​នាក់​ឡើយ ហាក់​មិន​សប្បាយ​ចិត្ត​ក្រោយ​ពេល​ចំណាយ​លុយ​ទិញ​អស់​ទាំង​ម៉ឺនៗ តែ​បែរ​ជា​ទិញ​ចំ​របស់​មិន​ល្អ ហូប​មិន​កើត។

បើ​តាម​អ្នក​លក់​ត្រី​សាបាក់​ម្នាក់​ នៅ​ក្នុង​ផ្សារ​ក្ដាម បាន​លួច​ខ្សឹប​ប្រាប់​ក្រុម​ការងារ​ Sabay ថា​បើ​ចង់​មក​ទិញ​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ក្ដាម ត្រូវ​ដឹង​ពី​ល្បិច​អ្នក​លក់ កុំ​ឲ្យ​ទិញ​ហើយ​ខក​ចិត្ត អស់​ទាំង​លុយ អស់​ទាំង​ថ្លៃ​សាំង។ ត​ទៅ​នេះ គឺ​ជា​រឿង​សំខាន់​បំផុត​ត្រូវ​ដឹង៖

១. អ្នក​លក់​ខ្លះ​យក​របស់​ចិញ្ចឹម​មក​បន្លំ​ជាមួយ​របស់​ធម្មជាតិ

ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ទិញ​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​មិន​ទាន់​តម្រូវ​ការ​ធ្វើ​ឲ្យ​អ្នក​លក់​ឆ្លៀត​រត់​ទៅ​ទិញ​គ្រឿង​សមុទ្រ​ចិញ្ចឹម​តម្លៃ​ធូរ​ៗ​យក​មក​លក់។ អ្នក​លក់​ខ្លះទៀត ​ទិញ​របស់​ចិញ្ចឹម​យក​មក​លក់​តែ​ម្ដង​ព្រោះ​ចង់​ចំណេញ​ច្រើន។ អ្នក​លក់​ម្នាក់​ក្នុង​ផ្សារ​នេះ លួច​ប្រាប់​ហាក់​គ្មាន​ខ្លាច​បែក​ធ្លាយ​ថា អ្នក​ទិញ​ត្រូវ​ចេះ​មើល ​ថា​តើ​របស់​ណា​ធម្មជាតិ និង​របស់​ណា​ចិញ្ចឹម។ ជាក់​ស្ដែង​បង្គា​ត្រូវ​បាន​អ្នក​លក់​បន្លំ​ច្រើន​ជាង​គេ​បំផុត។

អ្នក​លក់​សុំ​លាក់​ឈ្មោះ​មិន​បញ្ចេញ​ត្រកូល​ខាង​លើ​នេះ​បន្ត​ថា បើ​បង្គា​ធម្មជាតិ មាន​តូច​មាន​ធំ​លាយ​គ្នា មិន​មាន​ទំហំ​ប៉ុន​គ្នា​ស្មើ​ត្រឹប​ឡើយ ហើយ​ជើង​របស់​វា​ពណ៌​ក្រហមៗ។ ចំណែក​ឯ​ដង​ខ្លួន​បង្គា​ទាំង​មូល​មាន​ពណ៌​ក្រហម​តិច ក្លេងក្លោង។ រី​ឯ​បង្គា​ចិញ្ចឹម​វិញ មាន​សម្បុរ​រៀង​ក្រម៉ៅ ឬ​ស​ថ្លា ជើង​របស់​វា​ពណ៌​ស ហើយ​មាន​ទំហំ​ប៉ុន​ៗ​គ្នា​ល្អ​ណាស់ និង​ថ្លោស​ៗ​ល្អ។ ដូច្នេះ​ហើយ​ត្រូវ​សម្គាល់​ឲ្យ​ច្បាស់ ប្រយ័ត្ន​ធ្វើ​ដំណើរ​ដល់​ខេត្ត​កែប តែ​បាន​ត្រឹម​ហូប​បង្គា​ចិញ្ចឹម​ក្នុង​អាង។

ចំណែកឯក្ដាមសមុទ្រវិញក៏មានការបន្លឺដូចគ្នា ដើម្បីមើលថាតាមជាក្ដាមធម្មជាតិឬក៏អត់ អាជីវករក្នុងផ្សារក្ដាម ប្រាប់ថា គេអាចសម្គាល់ត្រង់ការចងកៅស៊ូ។ បើក្ដាមចិញ្ចឹម កៅស៊ូដែលចងនោះ មានពណ៌ចម្រុះ លឿង ក្រហម តែក្ដាមអ្នកនេសាទ មានចងកៅស៊ូតែ១ពណ៌ប៉ុណ្ណោះ គឺពណ៌លឿង។

២. ជៀស​វាង​ដាច់​ខាត​ឲ្យ​អ្នក​លក់​រើស​ឲ្យ

អ្នក​លក់​មួយ​ចំនួន​ធំ ពេល​ដែល​អតិថិជន​ទិញ​ហើយ កាន់​តែ​ស្រវេស្រវា​រើស​ឲ្យ ហើយ​ប្រាប់​ថា ចាំ​ខ្ញុំ​រើស​អា​ល្អៗ​ឲ្យ។ ក្នុង​នោះ​ក្ដាម​សេះ ត្រូវ​បាន​អ្នក​លក់​បន្លំ​ច្រើន​ជាង​គេ ដោយ​យក​ក្ដាម​ស្គមៗ អត់​មាន​សាច់ នៅ​សល់​យូរ​ថ្ងៃ បន្លំ​ជាមួយ​របស់​ល្អ។ អ្នក​លក់​ប្រញាប់​រើ​កកាយ​ឲ្យ ព្រោះ​ចង់​ចាប់​យក​ក្ដាម​ស្គម​សកៗ​លក់​ឲ្យ​ឆាប់​អស់។ ដូច្នេះ​អ្នក​ទិញ​ត្រូវ​រើស​ខ្លួន​ឯង ក្ដាម​ធាត់​ល្អ មាន​សាច់​ គេ​សម្គាល់​ត្រង់​ថា៖ ពោះ​របស់​វា​រឹង​ល្អ យក​ដៃ​ចុច​ទៅ​មិន​ទន់ ជា​ក្ដាម​ញី រាង​ប៉ោងៗ​មូលៗ ហើយ​សម្បុរ​ក្រហមៗ។ រី​ឯ​ក្ដាម​ដែល​អ្នក​លក់​បន់​ឲ្យ​ឆាប់​អស់​គឺ ក្ដាម​ឈ្មោលៗ រាង​វែងៗ សម្បុរ​សៗ​ដូច​លាប​ឡេ ខ្លួន​វា​ទន់​ៗ ពេល​យក​ទៅ​ស្រុះ​ហើយ​បាន​ត្រឹម​ជញ្ជក់​យក​ជាតិ តែ​មិន​មាន​សាច់​ហូប​ឡើយ។

៣. តម្លៃ​កាត់​ថ្លៃ​ញាក់​សាច់

បើ​តាម​សម្ដី​បុរស​ម្នាក់​ ជា​អ្នក​ទទួល​ចម្អិន​ម្ហូប​ក្នុង​ផ្សារ​ក្ដាម​ដែរ​នោះ ប្រាប់​ថា រឿង​ដែល​ត្រូវ​ប្រយ័ត្ន​មួយ​ទៀត គឺ​តម្លៃ។ ជា​ធម្មតា​ក្ដាម​សេះ​ដែល​យក​ពី​ទូក​អ្នក​នេសាទ តម្លៃ​ត្រឹម​១ ៥០០០​រៀល ក្នុង​១​គីឡូក្រាម ចំពោះ​ក្ដាម​មាឌ​តូច​ល្អិត និង​ ២០ ០០០​រៀល ចំពោះ​ក្ដាម​ទំហំ​​ធំ​ល្មម។ ប៉ុន្តែ​អ្នក​លក់ អាច​កាត់​ថ្លៃ​ក្ដាម​សេះ មើល​ទៅ​គ្រាន់​ធំ​នោះ រហូត​ដល់​៤ម៉ឺន​រៀល ឬ​៥​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម។ ឯ​ក្ដាម​តូច​ៗ​ អាច​កាត់​ដល់ ៣៨ ០០០​រៀល។

ដូច្នេះ​អ្នក​ទិញ​ត្រូវ​ចេះ​តថ្លៃ ប្រសិន​បើ​កាត់​ដល់​១​គី​ឡូ​៥​ម៉ឺន ឬ​៤​ម៉ឺន ត្រូវ​ឲ្យ​តម្លៃ​ត្រឹម ២៥ ០០០​ ឬ​៣​ម៉ឺន​រៀល បាន​ហើយ។ ចំពោះ​ក្ដាម​ៗ​តូច ថ្លៃ​បំផុត​ត្រឹម​២​ម៉ឺន​រៀល ទៅ​២​ម៉ឺន​៥​ពាន់​រៀល។ ប្រសិន​បើ​អ្នក​លក់​ថា​លក់​អត់​បាន សូម​កុំ​រួញរា​ ត្រូវ​ប្រញាប់​ទៅ​ត​ថ្លៃ​កន្លែង​ផ្សេង នោះ​ប្រាកដ​ជា​អ្នក​លក់​ស្រែក​ថា៖ «​តោះ! ឥឡូវ​បងឯង​យក​ប៉ុន្មាន​គីឡូ?»

៤. ប្រយ័ត្ន​បំផុត​ការ​ថ្លឹង​មិន​គ្រប់

ជា​បទ​ពិសោធន៍​របស់​យុវជន​ម្នាក់ មក​ពី​ភ្នំពេញ ទៅ​ទិញ​បង្គា​នៅ​ផ្សារ​ក្ដាម កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រូវ​បាន​អ្នក​លក់​បន្លំ​ភ្នែក​ជញ្ជីង ទិញ​៣​គី​ឡូ តែ​បាន​ត្រឹម​២​គីឡូ​កន្លះ។ មូល​ហេតុ​ឈាន​ដល់​ទម្លាយ​ល្បិច​អ្នក​លក់​ស្រស់​ៗ​ទាន់​នឹង​ភ្នែក គឺ​រូប​គេ​ទិញ​ហើយ​យក​ទៅ​សាក​ជញ្ជីង​ផ្សេង​ដល់​ទៅ​២​កន្លែង សាក​កន្លែង​ទី​១​បាត់​១​ខាំ តែ​សាក​កន្លែង​ទី​២​បាត់​រហូត​ដល់​៥​ខាំ។ អ្នក​លក់​បង្គា​ដែល​ត្រូវ​បាន​គេ​តាម​ទាន់​នោះ បាន​ដើរ​ទៅ​មើល​យុវជន​ខាង​លើ​ថ្លឹង​សាក​ល្បង​ដែរ​ ហើយ​បាន​ត្រៀម​ថែម​បង្គា​កន្លះ​គីឡូ​រួច​ជា​ស្រេច​ទុក​មក​ថែម​ឲ្យ។

នេះ​ជា​ហេតុ​ការណ៍ ដែល​អ្នក​សារព័ត៌មាន Sabay បាន​ជួប​ស្ដែង​ៗ​កាល​ពី​ម្សិល​មិញ​នេះ៕

ក្រុមយុវជនដែលត្រូវបានអ្នកលក់ថ្លឹងឲ្យមិនគ្រប់កាលពីម្សិលមិញ

អត្ថបទ៖ វឌ្ឍនៈ