ចង់ដឹង EXO វិលមកវិញពេលណា? អានអត្ថបទនេះហើយ អ្នកគាំទ្រនឹង​ញញឹមបិទមាត់លែងជិត

  • 2018-09-25 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​ ១​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ "Ko Ko Bop” បាន​លេច​រូបរាង​ ហើយ​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ EXO ទាំង​អស់​ក៏​ទន្ទឹង​រង់​ចាំ​​​​​​​​​​ការ​វិល​មក​វិញ​សាជាថ្មី​របស់​ក្រុម​សំណព្វ​ចិត្ត​របស់​ពួកគេ​មួយ​នេះ​ដែរ។

ស្រប​ពេល​គម្រោង​ Comeback របស់​ EXO កាន់​តែ​ស្ងាត់ទៅៗ​បែប​នេះ​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​នាំគ្នា​ព្រួយ​ថា​ ក្រុម​នេះ​អាច​នឹង​វិល​មក​វិញ​នៅ​ឆ្នាំ ២០១៩ ឯណោះ។ សំណួរ​មួយ​បាន​ចាក់ដោត​ពេញ​អារម្មណ៍​អ្នក​គាំទ្រ​ ថា​ "នៅ​ពេល​ណា​ EXO ត្រឡប់​មក​វិញ?” និង​ត្រូវ​បាន​លើក​មក​វិភាគ​ពេញ​អ៊ីនធឺណិត ព្រមទាំងបង្ហាញ​ការ​យល់​ឃើញ​ខុសៗគ្នា​ដូចតទៅ៖

ចាប់​ផ្ដើម​ដំបូង​គឺ គ្រប់​គ្នា​ជឿជាក់​ថា​ EXO នឹង​វិល​មក​វិញ​ក្នុង​ពេល​ឆាប់ៗ ដោយ​សង្កេត​មើល​ការ​ប្ដូរ​ពណ៌​សក់​របស់​សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម។ ក្នុង​នោះ​ បើ​ក្រឡេក​មើល​ សក់​របស់​ D.O ហាក់​ដូចជា​វែង​ជាងមុន ទោះ​មិន​វែង​ខ្លាំង​ក៏​ដោយ​ ប៉ុន្តែ​វា​ចេញ​ជា​ម៉ូដ​ផ្សេង ស្រប​ពេល​ Suho លាប​សក់​ពណ៌​ត្នោត Baekhyun លាប​សក់​ពណ៌​ត្នោត​ខ្ចី និង​ Sehun ប្ដូរ​ទៅ​ជា​ពណ៌​ក្រហម។ សក់​ Chen ក៏​មិន​នៅ​ដដែល​ដែរ គឺ​បាន​ប្ដូរ​ទៅ​ជា​ពណ៌​ត្នោត​ ហើយ​ Xiumin អាច​នឹង​អ៊ុតរួញ។ ងាក​ទៅ​ Kai វិញ​សក់​ទុក​កាន់​តែ​វែង​ ឯ Chanyeol ប្ដូរ​ដល់​ទៅ​ ២ដង លើក​ទី១ ពណ៌​ទងដែង និង​ចុង​ក្រោយ​នេះ​ពណ៌​ប្រផេះ។ ប៉ុន្តែ​យ៉ាង​ណាក្ដី​អ្នក​ខ្លះ​គិត​ថា​ សមាជិក​ទាំង​អស់​គ្រាន់​តែ​ចង់​ប្ដូរ​តាម​អារម្មណ៍​ប៉ុណ្ណោះ​ ហើយ​គ្រប់​គ្នា​នៅ​តែ​មិន​អាច​សន្និដ្ឋាន​បាន​ថា​នឹង​ Comeback ឬ​អត់នៅឡើយ។

បន្ថែម​ពី​នេះ​ បើ​រម្លឹក​កាល​ពី​ដើម​ឆ្នាំ ២០១៨ SM បាន​បង្ហើប​ថា​ Girls' Generation វិល​មក​វិញ​ មុន​ EXO និង​ NCT127។ ប៉ុន្តែ​អ្វី​ដែល​គ្រប់​គ្នា​ស្រងាក​ចិត្ត​នោះ​ គឺ​ ក្រុម NCT127 បែរ​ជា​ចេញ​ Teaser បទ​ថ្មី​មុនបាត់។

ងាក​ចូល​ការងារ​រៀងៗ​ខ្លួន​វិញ សមាជិក​ម្នាក់ៗ​របស់ EXO បាន​បញ្ចប់​រួចរាល់​អស់​ហើយ។ ក្នុង​នោះ​ D.O ក៏​សម្ដែង​រឿង​ "100 Days My Prince” ចប់ ហើយ Sehun ក៏​ថត​រឿង​ "Dokgu Rewind” ចប់ ស្រប​ពេល​ការងារ​ផ្នែក​ម៉ូដ​របស់ Kai ក៏​សម្រេចបានជោគជ័យ។

បន្ថែម​ពី​លើ​នេះ​ បទថ្មីរបស់ក្រុមតូច​ EXO គឺ EXO-CBX ព្រមទាំង Baekhyun, Sehun និង​ Chanyeol ក៏​ចេញ​ផ្សាយ​ចប់​សព្វគ្រប់​អស់​ដែរ។ ប៉ុន្តែ​ងាក​ទៅ​មើល Suho វិញ​ នៅ​មិនទាន់​បញ្ចប់​ការសម្ដែង​ល្ខោនរឿង​ "The Man Who Laughs” ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ថា​ការសម្ដែង​នេះ​នឹង​បញ្ចប់​នៅ​ចុង​ខែ​តុលា​ឯណោះ។ ដូចនេះ​វា​អាច​មក​ពី​ លោក​ត្រូវ​ពន្យារ​ពេល​ដើម្បី​ទុក​ឱកាស​វិល​មក​វិញ​ជាមួយ​ក្រុម។

មួយ​វិញ​ទៀត​ ក៏​មាន​ពាក្យ​លេច​ឮ​ដែរ​ថា​ គម្រោង​ Comeback របស់​ EXO នឹង​មាន​ដល់​ទៅ​ ២​ចុង​ឆ្នាំនៅ ២០១៨។ ក្នុង​នោះ លើក​ទី ១​ គឺ​សម្រាប់​អាល់ប៊ុម​ថ្មី​ និង​មួយ​ទៀត​ជាអាល់ប៊ុម​តូច Repackaged ។ ដូចនេះ​ ក្ដី​រំពឹង​ថា​ក្រុម​នេះ​ នឹង​វិល​មក​វិញ​នៅ​តែ​មាន ពិសេស​នៅ​ចុង​ឆ្នាំ មុន​ Xiumin ចូល​ធ្វើ​ជា​ទាហាន​ក្នុង​ពេល​ឆាប់ៗខាង​មុខ​។

ព័ត៌មាន​មួយ​ទៀត​ក៏​បាន​លេច​ឮ​ដែរ ទាក់ទង​នឹង​វត្តមាន​របស់ Lay ក្នុង​បទ​ថ្មី​ ទោះ​បី​ថ្មីៗ​នេះ​ លោក​ត្រូវ​ឈាន​ជើង​លើក​ដំបូង​លើ​ឆាក​អាមេរិក​ក៏ដោយ។ ទោះ​ជា​យ៉ាង​ណា​ អ្នក​គាំទ្រ​នៅ​តែ​មាន​សង្ឃឹម​ថា​ Lay នឹង​មាន​មុខ​ក្នុង​អាល់ប៊ុម​ថ្មី​របស់ក្រុម ហើយ​អាច​មក​ពី​ SM ចង់​ឲ្យ​គ្រប់​គ្នា​ផ្ដោត​ការ​ចាប់​អារម្មណ៍​មក​លើ Lay កាន់​តែ​ខ្លាំង​ជាមួយ​អាល់ប៊ុម​ទោល​ថ្មី​នេះផង។

គ្រប់​គ្នា​សន្និដ្ឋាន​ថា​ EXO អាច​នឹង​វិល​មក​វិញ​នៅថ្ងៃ​ទី​ ០៦ ខែ​តុលា ផ្អែក​តាម​ការ​សង្កេត​ឃើញ​ថា​ SM ព្យាយាម​ដក​ឃ្លា​ទុក​ឲ្យ ក្រុម EXO ទាំង​មូល​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​បទ​ថ្មី​នេះ។ មួយ​វិញ​ទៀត​ គម្រោង​ Comeback អាច​នឹង​កើត​មាន​នៅ​មុន​ថ្ងៃទី​ ១៩ ខែតុលា ដែល​ជា​ថ្ងៃ​ព្រឹត្តិការណ៍​ K-Pop ដ៏​ធំ​របស់​កូរ៉េ Busan One Asia ចាប់​ផ្ដើម ហេតុនេះ​ការសម្ដែង​បទ​ថ្មី​របស់​ក្រុម​ នឹង​កាន់​តែ​ពិសេស។ កាន់​តែ​មាន​សង្ឃឹម​ គឺ​អំឡុង​ថ្ងៃទី​ ០៧ ដល់​ ១៩​ ខែ​តុលា​ដដែល​ SM ក៏មិន​បាន​រៀប​ចំ​ឲ្យ​ក្រុម​ណា​ចេញ​មុខ​ផ្សាយបទថ្មីដែរ។

សម្រាប់​វីដេអូ​បទ​ចម្រៀង​ផ្លូវការ​វិញ​ អាច​លេច​រូបរាង​នៅ​ថ្ងៃ​ធម្មតា​ ពោល​មិន​មែន​ចុងសប្ដាហ៍​ឡើយ ដូច​ជ្រាប​ស្រាប់​នា​ពេល​កន្លងមក ហើយ​វិល​មក​វិញ​លើក​នេះ វីដេអូ​ពួកគេ​អាច​បង្ហាញ​ខ្លួន នៅ​ចន្លោះ​ថ្ងៃ​ទី​ ០៧ ដល់ ១៤ខែតុលា៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម