ម្ចាស់ Cover បទ “មេម៉ាយសប្បាយចិត្ត" រ័ត្ន រចនា ប្រឡូកសិល្បៈជិត២០ឆ្នាំ ទើបតែល្បីពេលនេះ

  • 2018-09-26 04:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មេម៉ាយ​សប្បាយ​ចិត្ត" សំនៀង​ដើម​របស់​អ្នកស្រី ប៉ែន រ៉ន ត្រូវ​បាន​តារា​ចម្រៀង រ័ត្ន រចនា យក​មក​ច្រៀង​តាម​កម្មវិធី​នានា​ជា​ញឹក​ញាប់ និង​ជា​យូរ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ទើប​តែ​ថ្មីៗ​នេះ​ផ្ទុះ​ការ​គាំទ្រ ពេញ​បណ្តាញ​សង្គមហ្វេសប៊ុក និង Tik Tok ធ្វើ​ឲ្យ​អ្នក​ចម្រៀង​ស្រី​វ័យ​៣០​ឆ្នាំ​រូប​នេះ​ល្បី​មួយ​រំពេច។

ភាព​ល្បី​ល្បាញ​ក្នុង​រយៈ​ពេលខ្លីនេះ រ័ត្ន រចនា អះ​អាង​ថា ជា​រឿង​នឹក​ស្មាន​មិន​ដល់ អ្វីៗ​កើត​ឡើង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ ខណៈ​ច្រៀង​ក្នុង​កម្មវិធី​មួយ​នៅ​ខេត្ត​ស្វាយ​រៀង ហើយ​មេ​ក្រុម​ភ្លេង​របស់​អ្នក​នាង​បាន Live បទ​ចម្រៀង​នេះ​លើ​ហ្វេស​ប៊ុក ស្រាប់​តែ​មាន​អ្នក​ចូល​មើល Like, share និង Comment កាន់​តែ​ច្រើន​ឡើងៗ។

អ្វី​​ដែល​អ្នក​គាំទ្រ​ពោល​សរសើរ​នោះ គឺ​ទឹក​ដម​សំឡេង​របស់​តារាចម្រៀង រ័ត្ន រចនា គឺ​ស្រដៀង​គ្នា​នឹង​ម្ចាស់​សំនៀង​ដើម​អ្នកស្រី ប៉ែន រ៉ែន ពិសេស​ភាពក្រមិច​ក្រមើម សាច់​ឈាម​ទ្រលុក​ទ្រលន់​របស់​អ្នក​នាងរចនា ត្រូវ​នឹង​អត្ថន័យ​បទ​ចម្រៀង​ទៀត ធ្វើ​ឲ្យ​ប្រិយ​មិត្ត ស្តាប់​ហើយ​ស្តាប់​ទៀត​មិន​ចេះ​ធុញ​ទ្រាន់។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក របស់ រ័ត្ន រចនា បាន​រៀប​រាប់​ពី​អារម្មណ៍​រំភើប​ស្រក់​ទឹក​ភ្នែក​ថា "បង​ប្អូន​អើយ​ខ្ញុំ​អគុណ​ខ្លាំង​ណាស់ ខ្ញុំ​ពិត​ជា​រំភើប​ឡើង​យំ ព្រោះ​មិន​ដែល​គិត មិន​ដែល​ស្រមៃ​ថា​ខ្លួន​ខ្ញុំ​អាច​មាន​មនុស្ស​ជា​ច្រើន​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​ថ្នាក់​នេះ​ទេ ប្រាប់​មក​ថា​ខ្ញុំ​មិន​មែន​យល់​សប្តិ​ទេ?"។

ក្រោយ​ទទួល​បាន​ភាព​ល្បី​ល្បាញ​តារា​ចម្រៀង រ័ត្ន រចនា ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​អញ្ជើញ​ទៅ​ច្រៀង​ជា​ហូរ​ហែ។ តារា​ចម្រៀង​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​ក៏​បាន​ផ្ញើ​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​ខ្លួន​ជូន​ទៅ​អ្នក​ម្តាយ ព្រោះ​លោក​ខំ​ប្រឹង​ធាក់​កង់​ត្រាក់ៗ​ដើរ​សុំ​គេ​ឲ្យ​អ្នក​នាង​ច្រៀង អ្នក​នាង​ថា ញើស​របស់​ម៉ែ​ក្នុង​គ្រា​នោះ អ្នក​នាង​ចងចាំ​មិន​ភ្លេច​ឡើយ។

បទ "មេម៉ាយ​សប្បាយ​ចិត្ត" សំនៀងដើមអ្នកស្រី ប៉ែ​ន រ៉ន៖

រួបភាព៖ ហ្វេសប៊ុក រ័ត្ន រចនា

អត្ថបទ៖ ដេត ធន្នី