«ចង់ច្នៃគំនិតជំនួញឲ្យចំណេញយូរអង្វែង ត្រូវតែរៀន»សម្តីចាក់ដោតក្នុងសន្និសីទរៀនធ្វើជំនួញឆ្នាំនេះ

  • 2018-09-27 03:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«យើង​ធ្លាប់​ឮគេ​និយាយ​ថា មាន​គំនិត គឺ​មាន​លុយ តែ​តាម​ពិតដើម្បី​ច្នៃ​គំនិត​មួយ​ឲ្យ​ទៅ​ជា​ជំនួញ​បាន​លុយ​វា​មិន​មែន​គ្រាន់​តែ​គិត​ឃើញ​មួយ​ព្រាវ​ ប្រមូល​លុយ​ទៅ​រក​ស៊ី ហើយ​រំពឹង​ថា​ចំណេញ​ភ្លាម​នោះទេ។ ​ការពិត​ទៅ​វា​ត្រូវ​ការ​ជំនាញ​ច្បាស់​លាស់ ការ​រៀន​សូត្រ បង្កើត​មូល​ដ្ឋាន​ឲ្យ​រឹង​មាំ​អី​មួយ​ដើម្បីឲ្យ​ចេញ​ជា​លទ្ធផល​ និង​ឲ្យ​អាជីវកម្ម​មាន​និរន្តភាព»។ នេះ​ជា​ការ​ពន្យល់​របស់​លោក សេង ពិសិដ្ឋ នាយក​ក្រុមហ៊ុន​អនុស្សារ​ ថ្លែង​ក្នុង​សន្និសីទរៀនធ្វើ​ជំនួញលើកទី ៣ ប្រធានបទ "ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ” កាលពី​ថ្ងៃ​អាទិត្យ ទី​២៣ កញ្ញា ២០១៨ ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តការ​កម្ពុជា​កូរ៉េ CKCC ។

«សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើកទី១ របស់​យើង​​កាល​ពី ២០១៦ ​មាន​គោលដៅ​ជំរុញ​គំនិត​សហគ្រិនភាព ចង់​ឲ្យ​ទាំង​អស់​គ្នា​ចាប់​អារម្មណ៍​ពី​ការ​ធ្វើ​ជំនួញ ហើយ​សន្និសីទ​លើក​ទី២ និង​ទី​៣ យើង​ចាប់​ផ្តើម​បំបែក​ការ​ចាប់​អារម្មណ៍ មក​ពង្រឹក​បង្កើន​មូលដ្ឋាន​ជំនួញ​ឲ្យ​បាន​រឹក​មាំ​ជាង​មុន ដូច្នេះហើយ​ទើប​ឆ្នាំ​នេះ​យើង​ដាក់​ចេញ​ប្រធានបទ​“ត្រៀម​សម្រាប់​ដំណើរ​ដ៏វែង​ឆ្ងាយ” »។ លោក​បញ្ជាក់​បន្ថែម។

សន្និសីទ​ជំនួញ​រយៈពេល ៨ម៉ោង ពោលគេចាប់ផ្តើមតាំងពីម៉ោង​ ៨ព្រឹក ដល់​៥ រសៀល​ មាន​អ្នក​ចូលរួម​ប្រមាណ ២០០នាក់​ ភាគ​ច្រើន​ជា​ម្ចាស់​អាជីវកម្ម អ្នក​មាន​គម្រោង​ចង់​ប្រឡូក និង​អ្នក​ដែល​ស្រលាញ់​ផ្នែក​ជំនួញ បាន​ចូល​រួម​ស្តាប់ ដោះ​ដូរ​យោបល់ និង​សួរ​សំណួរ​ដោយ​ផ្ទាល់​ទៅ​កាន់​វាគ្មិន​ជំនាញ​ចំនួន​ ៦រូប​របស់​កម្មវិធី ​ដែល​ជា​​ម្ចាស់​ជំនួញ​ល្បី​ៗមក​ពី​វិស័យ​ផ្សេងៗគ្នា ​ចែករំលែក​បទពិសោធន៍ជំនួញ និង​គន្លឹះ​អាជីវកម្ម ជជែក​វែកញែក​ពី​វិធីសាស្រ្ត​សំខាន់​ៗ​ក្នុង​ការ​ចាប់​ផ្ដើម កាត់​បន្ថយ​ហានិភ័យ និង​ធ្វើ​ម៉េច​ឲ្យ​ឈរ​ជើង​ក្នុង​បរិបទ​នៃ​ទីផ្សារ​ប្រកួត​ប្រជែង។

សន្និសីទ​រៀន​ធ្វើ​ជំនួញ​នេះ​ជា​ផ្នែកមួយ​នៃ​គម្រោង​ ស្តី​ពី រដូវ​កាល​អាជីវកម្ម និង​ជំនួញ​ខ្នាត​តូច និង​មធ្យម ២០១៨ «SME & Start up Show ២០១៨» រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​អនុស្សារ សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Cam-Paint និង​ក្រុមហ៊ុន Berocca ដែល​មាន​កម្មវិធី ៣ធំៗ ដូចជា ទី​១ គឺ​​ការ​តាំង​បង្ហាញ​ពី​អាជីវកម្ម​រយៈពេល​ ២​ថ្ងៃ​នៅ​កោះ​ពេជ្រ​ ថ្ងៃទី១ និងទី២ កញ្ញា​កន្លង​ទៅ , ទី២ គឺ សន្និសីទ​ពី​ការ​រៀន​ធ្វើ​ជំនួញ (Investment Pitch) ,និង​នៅ​ថ្ងៃទី​២៣ កញ្ញា​ខាងមុខនេះ គឺ​ជា​បទ​បង្ហាញ​អំពី​ជំនួញ និង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ចាប់ផ្តើម​ថ្មី (Business Startup Conference) ដើម្បី​ចែក​រំលែក និង​ដោះ​ដូរ​​បទពិសោធន៍​អាជីវកម្ម​ពី​បុគ្គល​ជោគ​ជ័យ​មួយ​ចំនួន៕

អត្ថបទ៖ ដេត លីដា