មកស្គាល់រីសតមួយកន្លែងនៅកម្ពុជា មានផ្ទះគេងធ្វើពីខ្លឹមឈើសុទ្ធ ស្អាតប្រៀបដូចវិមាន

  • 2018-09-28 03:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​ផ្ទះ​មួយ​ខ្នង ធ្វើ​ពី​ខ្លឹម​ឈើ​សុទ្ធ​ទាំង​ក្នុង ទាំង​ខាង​ក្រៅ ដ៏​រលើប​រលោង មាន​រចនាបថ​បែប​ខ្មែរ​ពិតៗ កំពុង​ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​នៅ​កម្ពុជា ចែក​ចាយ​ព្រោង​ព្រាត។ មាន​អ្នក​ខ្លះ​គិត​ថា ជា​ផ្ទះ​អ្នក​មាន​ទ្រព្យ​ណា​មួយ ខ្លះ​គិត​ថា​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​តាម​ការ​យល់ឃើញ​រៀង​ៗ​ខ្លួន។

ថ្ងៃ​នេះ Sabay សូម​ទម្លាយ​ការណ៍​ពិត​ថា ផ្ទះ​សាងសង់​ពី​ខ្លឹម​ឈើ​ គ្រប់​ផ្នែក​ទាំង​អស់​ដ៏​ស្អាត​មួយ​ខ្នង​នេះ គឺ​ជា​ផ្ទះ​សម្រាក​លម្ហែ​កាយ របស់​រីសត​មួយ​កន្លែង​ស្ថិត​នៅ​ខេត្ត​សៀមរាប មាន​ឈ្មោះ​ថា៖ «Model Angkor Resort»។ បើ​តាម​លោក Sky ជា​បុគ្គលិក​ទទួល​ភ្ញៀវ​ជាន់​ខ្ពស់ នៃ​រីសត​នេះ បាន​ប្រាប់​ថា កន្លែង​សម្រាក​លម្ហែ​កាយ​មួយ​កន្លែង​នេះ មាន​លក្ខណៈ​ពិសេស​ជា​ច្រើន។ ផ្ទះ​ស្នាក់​នៅ​​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ ត្រូវ​បាន​សាងសង់​ឡើង​តាម​រចនាបថ​ខ្មែរ​សុទ្ធសាធ បន្ថែម​ដោយ​ក្បូរក្បាច់​រចនា​តាម​ប្រាង្គប្រាសាទ​នានា​របស់​ដូន​តា​ខ្មែរ​ទៀត​ផង។

លោក Sky បន្ត​ថា «Model Angkor Resort» មាន​បន្ទប់​សម្រាប់​ស្នាក់​នៅ​ចំនួន​៣៣​ ចែក​ចេញ​ជា​៣​ផ្ទះ​ផ្សេងៗ​គ្នា ក្នុង​នោះ​ផ្ទះ​ដ៏​និយម​ជាង​គេ​បំផុត​គឺ​ផ្ទះ​សាងសង់​ឡើង​ពី​ខ្លឹម​ឈើ។ ចំណែក​២​ផ្ទះ​ផ្សេង​ទៀត​សាងសង់​ពី​ថ្ម លាយ​ឈើ តែ​ជា​រចនាបថ​បែប​ខ្មែរ​ដូចគ្នា។

ចំពោះ​តម្លៃ​ស្នាក់​នៅ​វិញ​ចែកចេញ​ជា​៣​ប្រភេទ៖

  • Residence Room ក្នុង​មួយ​យប់​តម្លៃ​ខ្ទង់​៥០​ដុល្លារ អាច​គេង​បាន​គ្នា​២​នាក់​មាន​គ្រែ​១

  • Luxury Room ក្នុង​មួយ​យប់​តម្លៃ​ចាប់​ពី ៥០ ទៅ​៧០​ដុល្លារ មាន​លក្ខណៈ​ពិសេស​ និង​ទំនើប​ជាង​Residence Room អាច​គេង​បាន​គ្នា​២​នាក់​ មាន​គ្រែ១

  • Junior Family Sweet Room ក្នុង​មួយ​យប់​តម្លៃ​ចាប់​ពី ១០០​ទៅ​១៣០​ដុល្លារ ជា​បន្ទប់​សម្រាប់​អ្នក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ មាន​គ្រែ​ដល់​ទៅ​៣ អាច​គេង​បាន​៤​នាក់។

ភ្ញៀវទេសចរ​នឹង​ទទួល​បាន​សេវាកម្ម​ជា​ច្រើន​ដូចជា៖ មាន​អាងហែល​ទឹក​ទាំង​ប្រៃ និង​សាប សេវា​ម៉ាស្សា មាន​ផ្ដល់​ជូន​អាហារ​ពេល​ព្រឹក កាហ្វេ Free WiFi បង្រៀន​ធ្វើ​ម្ហូប​ជាដើម។ ក្រៅ​ពី​នេះ​ក៏​មាន​សេវាកម្ម​នាំ​ភ្ញៀវទេសចរ​ដើរ​លេង​កម្សាន្ត​ទៅ​កាន់​តំបន់​ប្រាសាទ​បុរាណ​នានា ដោយ​គិត​តម្លៃ​ផ្សេង​បន្ថែម​ទៀត។

បុគ្គលិក​ទទួល​ភ្ញៀវ​រូប​នេះ​រៀបរាប់​ទៀត​ថា ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ ទី​នោះ នឹង​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ ស្ងប់​ស្ងាត់​ល្អ មាន​ខ្យល់​អាកាស​បរិសុទ្ធ ចំណែក​បន្ទប់​គេង​វិញ​ត្រជាក់​ស្រួល​ទោះ​មិន​ប្រើ​ម៉ាស៊ីន​ត្រជាក់​ក៏​មាន​អារម្មណ៍​ថា​មិន​ក្ដៅ ព្រោះ​ឥទ្ធិពល​នៃ​ខ្លឹម​ឈើ ក៏​ដូចជា​ចរន្ត​ខ្យល់​ធម្មជាតិ​ពិតៗ។

ទីតាំង​វិញ​ក៏​មិន​ពិបាក​រក​ឡើយ មាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ជិះ​តាម​ផ្លូវ​បា​បាខែង ស្ថិត​នៅ​ក្នុង​សង្កាត់​ដង្គុំ ក្រុង​សៀមរាប ខេត្ត​សៀមរាប៕ ​

រូបភាព៖ ផ្ដល់ឲ្យ អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ