Santa Fe ស៊េរីឆ្នាំ 2019 កាន់តែ​ទំនើប អភិវឌ្ឍ​​បច្ចេកវិទ្យា​ថ្មី​ ប្រើ​​លើក​ដំបូង​លើ​រថយន្ត​

  • 2018-09-28 10:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Camko Motor បាន​បញ្ចេញ​រថយន្ត​ប្រភេទ SUV ជំនាន់​ទី ៤ ម៉ូដែល Hyundai SantaFe ឆ្នាំ 2019 ជា​ផ្លូវ​ការ ជា​រថយន្ត​ទំនើបចុង​ក្រោយ​បំផុត​របស់ខ្លួន។

Hyundai SantaFe ឆ្នាំ 2019 មានការ​​រចនា​ខុស​ប្លែក​ពី​ម៉ូដែល​មុន​ ទាំង​ផ្នែក​ខាងក្រៅ ផ្ទៃ​ខាងក្នុង​ រួមជាមួយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា Smart Sense ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត។

ក្រៅពីការ​បំពាក់​​ប្រព័ន្ធ​ហ្វ្រាំង ABS ជា​ស្តង់ដា​សម្រាប់​ប្រភេទ​ឡានទំនើបទូទៅ វា​មានភ្ជាប់ប្រព័ន្ធ​ចាប់​សញ្ញាឲ្យ​ដំណឹង​នៅ​ពេល​មាន​រថយន្ត​ផ្សេង​កំពុង​ជែង ប្រព័ន្ធ​សោរ​ទ្វារ​សុវត្ថិភាព​សម្រាប់​កុមារ, ហ្វ្រាំង​ដៃ​រថយន្ត​អេឡិចត្រូនិក ប្រព័ន្ធ​រក្សា​លំ​នឹង​អេឡិចត្រូនិច រួម​ជា​មួយ​នឹង​អេក្រង់ Heads-Up បង្ហាញ​ព័ត៌មាន​សំខាន់ៗ ដោយ​មិន​ចាំ​បាច់​ងាក​ភ្នែក​ចេញ​ពី​ផ្លូវ​ឡើយ។

ប្រព័ន្ធ Rear Occupant Alert ​ជា​បច្ចកវិទ្យា​ដំបូងបង្អស់​របស់​ពិភព​លោក ត្រូវ​បាន​ណែនាំ​នៅលើ​រថយន្ត​ត្រកូលថ្មី​របស់ Hyundai ដែលបច្ចេកវិទ្យា​នេះ​អាច​ត្រួត​ពិនិត្យ​កៅ​អី​ខាង​ក្រោយ​ដោយ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ និង​ឲ្យ​ដំណឹង​ជា​សំឡេង នៅ​ពេល​ដែល​រក​ឃើញ​ថា​នៅ​មាន​កុមារ​ឬ​សត្វចិញ្ចឹម​នៅ​ក្នុង​រថយន្ត ពេល​អ្នក​បើក​បរ​ចាកចេញ​ពី​រថយន្ត។

ការ​រចនា​ផ្ទៃ​ខាង​ក្នុង មាន​​កន្លែង​ដាក់​ជើង​ទូលាយ ល្អ​បំផុត​សម្រាប់​អ្នក​រួម​ដំណើរ​ដែល​មាន​កម្ពស់​ខ្ពស់។ ចំណែក​កញ្ចក់​ទ្វា​ចំហៀង​ធំ​ជាង​មុន ៤១​ភាគរយ បួក​រួម​ជា​មួយ​ដំ​បូល​កញ្ចក់ Panorama ដែល​អាច​មើល​ទេសភាព​មេឃ​បាន​ទាំង​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ។

Santa Fe ជំនាន់ថ្មិនេះ ក៏​បាន​បំពាក់​ជា​មួយ​ឧបករណ៍​សាក​ទូរសព្ទ​ឥត​ខ្សែ (Wireless Charger) កៅ​អី​ខ្យល់​ក្ដៅ និង​ត្រជាក់ រួម​ជា​មួយអេក្រង់​ថាច់ស្រ្គីន​អណ្ដែត ទំហំ ៧ អ៊ីញ ភ្ជាប់​មក​ជា​មួយ​កម្មវិធី​កម្សាន្ត Apple CarPlay ™ និង Android Auto ™។

Hyundai ​បាន​រួម​បញ្ចូល​កាម៉េរា​មើល​ជុំ​វិញ​រថយន្ត ដែល​អាច​បង្ហាញ​ទិដ្ឋភាព ៣៦០ ដឺក្រេ​ ជួយ​អ្នក​​បើកបរ​​ក្នុង​ការ​ចត ឬ​បើក​នៅ​កន្លែង​ចង្អៀត ដើម្បី​ចៀស​វៀង​ការ​ប៉ះ​ទង្គិច​ផ្សេងៗ។ លើស​ពី​នេះ​ ​ប្រព័ន្ធ​សា​រ៉េ​កៅអី Power Seat និង​មាន​បំពាក់​ប៊ូតុង One-Touch Walk in នៅ​កៅអី​ជួរ​ទី២​ អាច​រំកិល​មក​មុខ​អូតូ​ដើម្បី​ងាយ​ស្រួល​ចូល​ទៅ​អង្គុយ​កៅអី​ជួរ​ទី៣​ផង​ដែរ។

Santa Fe  2019 បាន​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត ២.២ លីត្រ  ជា​មួយ​កម្លាំង ២០០ សេះ, ៨ Speed Transmission ជួយ​កាត់​បន្ថយ​ការ​ស៊ី​ប្រេង​កាន់​តែ​ច្រើន រួម​ជា​មួយ​ប្រព័ន្ធ HTRAC ដើ​ម្បី​តាម​ដាន​ល្បឿន​រថយន្ត​និង​ស្ថានភាព​ផ្លូវ ផ្ដល់​នូវ​ការ​អូស​ទាញ នៅ​ពេល​ចាំ​បាច់​ដូចជា​បើកបរ​នៅ​លើ​ផ្លូវ​កោង ឬ​រអិល ដើម្បី​ធានា​សុវត្ថិភាព​នៅ​ពេល​បើកបរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត


អត្ថបទ៖ ម៉េងងី