អតីត​កីឡាករ Chelsea ៤ នាក់​ដែល​កំពុង​លេង​នៅ Liverpool

  • 2018-09-29 06:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool មាន​២​ពិន្ទុ​ពី​លើ ក្រុម​លេខ​៣ Chelsea ហើយ​ហង្ស​ក្រហម​នឹង​ធ្វើ​ដំណើរ​ទៅកាន់ កីឡដ្ឋាន Stamford Bridge ដើម្បី​ប្រកួត​ជាមួយ​តោខៀវ​ម្តង​ទៀត​នៅ​​ថ្ងៃ​សៅរ៍​នេះ​វេលា​ម៉ោង ១១:៣០ នាទី​យប់ បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​លោក Maurizio Sarri ទម្លាក់​ចេញ​ពី​ពាន EFL Cup កាល​ពី​ពាក់​កណ្ដាល​​សប្ដាហ៍​កន្លង​ទៅ។

ខាង​ក្រោម​នេះ​គឺ​ជា​អតីត​កីឡាករ​៤​នាក់​របស់ Chelsea ដែល​បច្ចុប្បន្ន​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​រៀប​ចំ​ក្រុម​ដំបូង​របស់​ Liverpool៖

៤ Rhian Brewster

Rhian Brewster មិនទាន់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Liverpool នៅឡើយ​បើ​ទោះ​ជា​កីឡាករ​រូប​នេះ​បាន​ចូល​រួម​ជាមួយ​ Liverpool ជា​កីឡាករ​បម្រុង​តាំង​ពី​​ចុង​រដូវ​កាល ២០១៦/១៧ ក្តី។

Brewster ធ្លាប់​ជា​អតីត​យុវជន​របស់​ក្លឹប Chelsea ហើយ​គេ​បាន​ផ្ទេរ​ទៅ​កាន់ Liverpool នៅ​អាយុ​១៤​ឆ្នាំ។

Brewster បាន​ឈ្នះ​​ស្បែក​ជើង​មាស​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ FIFA U-17 World Cup ឆ្នាំ ២០១៧ នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​ឆ្នាំ​២០១៧ ដោយ​រក​បាន​៨​គ្រាប់​សម្រាប់​យុទ្ធនាការ​នេះ​ឲ្យ​ប្រទេស​អង់គ្លេស។ កីឡាករ​រូប​នេះ​ស៊ុត​បាន ២០ គ្រាប់​ក្នុង​២២​ប្រកួត​ឲ្យ​ U-១៧ របស់​​ក្រុម​តោ​កំណាច​អង់គ្លេស។

កីឡាករ​វ័យ ១៨ ឆ្នាំ​រូប​នេះ​​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ក្លឹប Borussia Monchengladbach នៅ​ Bundesliga ចង់​ទាក់ទង​ទៅ​ប៉ុន្តែ Liverpool ចង់​រក្សា​ទុក។ នៅទីបំផុត Brewster បាន​ចុះ​កិច្ច​សន្យា​ថ្មី​មួយ​នៅ​រដូវ​ក្តៅ​​កន្លង​ទៅ ខណៈ​ដែល​លោក Jurgen Klopp ជឿ​ជាក់​ថា​កីឡាករ​រូប​នេះ​នឹង​មាន​អនាគត​ជាមួយ​ក្រុម​ហង្សក្រហម Liverpool ដូច Trent Alexander-Arnold ។

៣ Dominic Solanke

Dominic Solanke គឺជាផលិតផល​មួយ​ទៀត​របស់ Liverpool ដែល​កើត​ពី​ថ្នាល​យុវជន​របស់ Chelsea។ Solanke បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​​ក្នុង​ឆ្នាំ ២០១៤ ក្នុង​នាម​ជា​កីឡាករ​បម្រុង​នៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League ឲ្យ Chelsea។

នៅ​ចុង​រដូវ​កាល ២០១៦/១៧ Solanke បាន​ចូលរួម​ជាមួយ Liverpool។ នៅ​រដូវ​កាល​ដដែល​​នេះ រូប​គេ​បាន​ឈ្នះ​បាល់​មាស​ក្នុង​ព្រឹត្តិការណ៍ FIFA U-20 World Cup នៅ​ពេល​ដែល​អង់គ្លេស​គ្រង​ជើង​ឯក។

Solanke បានលេង ២១ ប្រកួតសម្រាប់ក្រុម Liverpool ក្នុងរដូវកាលដំបូង ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ុត​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ។ បច្ចុប្បន្ន​កីឡាករ​​អង់គ្លេស​រូប​នេះ ជា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ទី​៣​របស់​ Liverpool បន្ទាប់​ពី Roberto Firmino និង Daniel Sturridge។

វ័យ​ទើប​តែ​២១​ឆ្នាំ Solanke អាចមានអនាគត​យូរ​ទៀត​នៅ Anfield ប៉ុន្តែការ​ផ្លាស់​ចេញ​ពី​ក្លឹប​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​របស់ Solanke ប្រហែល​អាច​ល្អ​ជាង​នៅ Liverpool តែ​មិន​ដែល​បាន​ចូល​លេង។

២ Daniel Sturridge

ខ្សែប្រយុទ្ធជម្រើសទី​២ ទី​៣ និង ទី​៤​សុទ្ធ​សឹង​តែ​​អតីត​កីឡាករ Chelsea។ បើ​ទោះ​ជា​ស្ថិត​ក្នុង​នាម​ជា​កីឡាករ​បម្រុង ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​រក​បាន​៣​គ្រាប់​ហើយ​នៅ​ដើម​រដូវ​កាល​នេះ។

Sturridge បានចូលរួមជាមួយក្រុម Liverpool កាលពីខែមករាឆ្នាំ ២០១៣ ពីក្រុមតោខៀវ។ Sturridge ស៊ុត​ឲ្យ Liverpool បាន​១១​គ្រាប់​ក្នុង​១៦​ប្រកួត​នៅ​ពាក់​កណ្តាល​រដូវ​កាល​​នោះ និង ២៤​គ្រាប់​ទៀត​​ពី​ការ​ប្រកួត​​ចំនួន​៣៣ នៅ​រដូវ​កាល​បន្ទាប់។

អាជីព​របស់​កីឡាករវ័យ ២៩ ឆ្នាំ​រូប​នេះ​ប្រែប្រួល​ខ្លាំង​ដោយ​សារ​ការ​រ៉ាំរ៉ៃ​ដោយ​សារ​ជម្ងឺ។

១ ​Mohamed Salah

កីឡាករ​ចុង​ក្រោយ​គេ​ក្នុង​បញ្ជី​នេះ គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល Chelsea អាច​ស្តាយ​ដោយ​សារ​បាត់​បង់។ Chelsea បាន​ទិញ​យក ​Mohamed Salah កាត់​មុខ Liverpool កាល​ពី​ឆ្នាំ​២០១៤។ កីឡាករ​អេហ្ស៊ីប​នៅ​ជា​កីឡាករ​បម្រុង​របស់​ Eden Hazard, Willian និង André Schürrle។

Salah លេង​បាន​១៩​ប្រកួត​​ឲ្យ​តោខៀវ​មុន​នឹង​ចាក​ចេញ​ទៅ​ក្លឹប Fiorentina ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពី Chelsea និង ក្រោយ​មក​ទៅ​លេង​ឲ្យ Roma។

Salah បាន​ចូល​លេង​ឱ្យ​ក្រុម Roma ជា​អចិន្ត្រៃយ៍​នៅ​ឆ្នាំ ២០១៦ និង បន្ទាប់​ពី​នៅ​អ៊ីតាលី​បាន​២​រដូវ​កាល ជាមួយ​ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ ទី​បំផុត Liverpool ក៏​ឆក់ Salah ​បាន​នៅ​ឆ្នាំ ២០១៧ ក្នុង​តម្លៃ ៤០ លាន​ផោន (ប្រហែល ៥៥ លាន​ដុល្លារ) ជា​តម្លៃ​ដែល​ថោក​​ជាង​ខ្សែ​ការពារ Virgil van Dirjk ដែល​ Liverpool ទើប​ទិញ​ពី Southampton កាល​ពី​ដើម​ខែ​មករា​នេះ​ដល់​ទៅ​ជិត​ពាក់​កណ្ដាល។

កីឡាករ​វ័យ​២៥​ឆ្នាំ ស៊ុត​បញ្ចូល​ទី​ឲ្យ​ Liverpool បាន ៤៤ គ្រាប់​ក្នុង​ចំណោម ៥២ ប្រកួត​រដូវ​កាល ២០១៧/១៨ រួម​ទាំង​ ៣២ គ្រាប់​ក្នុង​លីគ​​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ នៃ​ក្របខ័ណ្ឌ Premier League រដូវ​កាល​មុន៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត