តិចអត់ដឹង! តាមច្បាប់​យានទាំងនេះ​ក៏ត្រូវមានបណ្ណបើក​បរ​ដែរ

  • 2018-10-01 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 77

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃនេះ​រហូ​ត​ដល់​បំណាច់​ឆ្នាំ​២០១៨ ក្រុម​មន្ត្រី​ជំនាញ​ និង​មន្ត្រី​នគរបាល​នឹង​ចុះ​ត្រួត​ពិនិត្យ​បណ្ណបើក​បរ​យានយន្ត​ និងអប់​រំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​បណ្តា​ផ្លូវជាតិ​សំខាន់ៗ​ ដោយ​ថា​ដើម្បី​រិត​បណ្តឹ​ង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព និង​តម្លា​ភាព​។

ត្រង់​ចំណុច​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​ទំនងជាបាន​ដឹង​រួច​ហើយ ឬក៏មាន​ខ្លះ​មិនទាន់​ដឹង​ទេ​ថា​តើ​ការ​បើក​បរ​គ្មាន​បណ្ណបើកបរ​នឹង​ត្រូវ​រងការ​ផាក​ពិន័យ​យ៉ា​ងដូច​ម្តេច​នោះ? ហើយ​យានយន្ត​ប្រ​ភេទ​ណា​​មិន​តម្រូវ​ឲ្យ​មានបណ្ណ​បើក​បរ?​

​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ អ្នក​បញ្ជា​​យានយន្តគ្រប់​ប្រភេទ​​ដែល​មានទំហំស៊ីឡាំង​លើស​ពី​១២៥​សង់ទីម៉ែត្រ​គូប ឬ១២៥​សេសេ​ ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ត្រី​ចក្រ​យាន ត្រូវ​មាន​បណ្ណ​បើក​បរ។

​សម្រាប់​អ្នក​បើក​បរណា​បញ្ជារថយន្ត ឬ​យាន​ខាង​លើ​គ្មាន​បណ្ណ​បើក​បរទេ​នោះ​នឹង​ត្រូវ​រង​ពិន័យ​អន្តរការណ៍​ទៅតាម​ប្រ​ភេទ​យាន​។ សម្រាប់​អ្នក​បើ​បរ​ទោចក្រ​យានយន្ត ទោចក្រ​យាន​យន្ត​សណ្តោង​រ៉ឺម៉ក ឬត្រី​ចក្រ​យានយន្ត​នឹង​ត្រូវ​ពិន័យ​១៥ ០០០រៀល រថយន្ត​ធុន​​ស្រាល​២៥ ០០០​រៀល និង​រថយន្តធុន​ធំ​ចំនួន​៥០ ០០០​រៀល។ នេះបើ​តាម​អនុក្រឹត្យ​ស្តីពីការ​ផាកពិន័យអន្តរការណ៍​ឆ្នាំ២០១៥ ត្រង់មាត្រា​៦។

សម្រាប់​អ្នក​បើក​បរ​រថយន្ត​វិញ​អាច​នឹងឈាន​ដល់​ជាប់ពន្ធ​នាគារ​​បើ​សិនជា​ធ្លាប់​រង​ពិន័យ​អន្តរការណ៍​ម្តង​ហើយតែនៅ​តែប្រ​ព្រឹត្ត​​ក្នុង​រយៈ​ពេល​៦ខែ ចាប់ពី​ថ្ងៃ​ត្រូវ​ពិន័យ។ ​អំពើ​ល្មើស​នេះ​នឹង​ត្រូវ​ផន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ខែ ទៅ​៦ខែ និង​ពិន័យជា​ប្រាក់​ពី​៨០​ម៉ឺន​រៀលទៅ​៤លាន​រៀន។ នេះបើ​តា​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​មាត្រា​៧៥​ថ្មី។

គួរ​បញ្ជាក់ថា​ចាប់ពី​ថ្ងៃនេះ​តទៅ​មន្ត្រី​ជំនាញ​ចរាចរណ៍​នឹង​ធ្វើការ​ត្រួត​ពិនិត្យ​បណ្ណបើក​បរ និង​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍ផ្លូវ​គោក​​នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ លេខ២ លេខ៣ លេខ៤ លេខ៥ និង​លេខ៦៕​


អត្ថបទ៖ ទូច សុខា