ទិញ​ស្រួល​ជាង​វេច យូរៗទំនង​អាចភ្លេច​​ប្រ​ពៃណី​មួយ​នេះ​?​

  • 2018-10-08 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​លែង​​វេច​នំអន្សម​នៅ​រដូវ​បុណ្យ​ភ្ជុំ​ទៀត​ហើយ ​ដោយ​សុខចិត្ត​ចំណាយ​លុយ​ទិញ​​ទៅ​តាម​ចំនួន​ដែល​ខ្លួន​ត្រូវ​ការ​សម្រាប់​សែន​ព្រេននានា​ឬទុក​ទទួល​ទានបន្តិច​បន្តួច។

(អ្នកស្រី ហែល ស្រី កំពុង​វេច​អន្សម​សម្រាប់អតិថិជន)

បើ​និយាយ​ដល់​ចំណុចនេះ​អ្នក​ប្រ​កប​របរ​វេចនំលក់​ហាក់​ត្រូវ​ប៉ាន់​វិញ​ ដោយ​មាន​អ្នក​បញ្ជា​ទិញ​ច្រើន តែ​បើ​និយាយ​ដល់​ទម្លាប់ ប្រ​ពៃ​ណី​វេច​អន្សម​របស់​ពល​រដ្ឋ​ខ្មែរ​ហាក់​បាន​ថយ​ចុះ។​

អ្នកស្រី ហែល ស្រី រស់​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ​ បានប្រ​កប​របរ​វេច​វេច​អន្សម​លក់ជាច្រើន​ឆ្នាំ​មក​ហើយ និង​ថា​​​កំណើន​នៃ​អ្នក​បញ្ជា​ទិញ​មាន​កាន់​តែ​ច្រើនពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​។

អ្នក​ស្រី​ឲ្យ​ដឹង​ថា​អ្នក​បញ្ជា​ទិញ​ខ្លះ​មិន​ចង់​វេច​ខ្លួន​ឯង​ដោយ​ថា​ចំណាយ​ពេល​យូរក្នុង​ការៀប​សណ្តែក អង្ករ ហើយ​ត្រូវ​​វេច និង​ស្ងោរ​ទម្រាំ​ឆ្អិត​ចំណាយ​ពេល​ស្ទើរ​តែ​មួយ​ថ្ងៃ​ពេញ។ អ្នកស្រីថា​ចំណុច​ទាំងនេះ​ហើយ​ទំនង​ជា​ធ្វើ​ឲ្យ​អ្នកភូមិ​ខ្លះ​មិន​វេច​ខ្លួន​ឯង​និង​បាន​ងាក​មក​បញ្ជា​ទិញពី​អ្នកស្រី​វិញ។

អ្នកស្រី​ ហែល ស្រី រំឭក​ថា​កាលពី​ឆ្នាំ​កន្លង​ទៅ​អ្នកស្រី​លក់​នំអន្សម​បាន​មិន​តិច​ជាង​៥០០​នំ​នោះ​ទេ ដោយ​លក់​មួយ​តម្លៃ​៤ពាន់​រៀល ហើយ​ថា​ឆ្នាំ​នេះ​ទម្រាំ​ចប់​បុណ្យ​ភ្ជុំ អ្នកស្រីជឿថា​ក៏​លក់​បាន​មិន​តិច​ជាង​ឆ្នាំ​កន្លង​ទៅ​ដែរ។

អ្នកស្រី​បន្តថា​៖ «មាន អតិថិជន​ទទួល​ស្គាល់​ថា​នំខ្ញុំឆ្ងាញ់ មាន​អ្នក​ខ្លះទិញ​ផ្ញើ​កូន​នៅ​ភ្នំពេញ និង​ខ្លះ​មាន​ទិញ​ផ្ញើ​កូន​នៅ​កូរ៉េ​ក៏មានដែរ»។

ទាក់ទង​នឹង​ទម្លាប់​វេច​អន្សមនេះ​ដែរ​លោក អ៊ឹម ហ៊ាម ឲ្យ​ដឹងថានៅ​ប៉ុន្មាន​ឆ្នាំ​ចុង​គ្រោយ​នេះ​បន្ទាប់​​ពី​ម្តាយ​របស់​​លោក​បាន​ទទួល​មក​រណ​ភាព​ក្រុម​គ្រួសារ​លោក​មិន​បាន​វេច​អន្សម​នារដូវ​ភ្ជុំ​បិណ្ឌ​នោះ​ទេ។ ​លោក​បញ្ជាក់ថា​សមាជិក​គ្រួសារ​ផ្សេង​ទៀត​មិន​មាន​អ្នក​ចេះ​វេច​នំ​នោះទេ និង​ថា​ដល់​រដូវ​ភ្ជុំ​បិណ្ឌ​ម្តងៗ​ ក្រុម​គ្រួសារ​លោក​បាន​បញ្ជា​ទិញ​​នំអន្សម​សម្រាប់​ធ្វើពិធី​សែន​ខ្លះៗ និង​សម្រាប់​ទទួល​ទាន​បន្តិច​បន្តួច។

ចំណែក​អ្នក​ស្រី​ អ៊ិត ចន្នី វ័យ​ជាង​៣០​ឆ្នាំ លើក​ឡើងថា​កាលអ្នក​ស្រី​នៅ​ក្មេង​ៗ​អ្នកស្រីបាន​វេច​នំ​អន្សមជាមួយ​ម្តាយ​​ ហើយ​​នៅ​តាម​ផ្ទះ​ណា​ក៏​ឃើញ​តែ​អ្នក​វេច​នំ​ដែរ។ ប៉ុន្តែ​ឥឡូវនេះ​អ្នកស្រីថា​មិនសូវ​ឃើញ​មាន​ច្រើន​ដូច​ពីមុន​ទៀតទេ ដោយថា​គ្រួសារ​ខ្លះ​សមាជិក​គ្រួសារ​ទៅ​ធ្វើការ​ឆ្ងាយ​ ខ្វះ​កម្លាំង​ ដែល​នាំ​ឲ្យ​អ្នកទាំងនោះមិនចង់​វេច ហើយ​សុខចិត្ត​ទិញ​វិញ​។

យ៉ាងណា​ក្តីអ្នកស្រីថា​អ្នកស្រី​នៅតែ​បន្ត​វេច​នំអន្សម​នារដូវភ្ជុំ​ដដែល ​ដោយថា​នេះ​ជាទម្លាប់តពី​ម្តាយ​ និងថា​ជាចំណង់ចំណូល​ចិត្ត​ផ្ទាល់​របស់អ្នកស្រី​ផង។

អ្នកស្រី​បន្តថា៖ « ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​ធ្វើ​នំ​ខ្មែរ​ហើយ​ពេល​ទំនេរ​ខ្ញុំ​ក៏ឆ្លៀត​វេច​នំអន្សម​យក​ទៅលក់​នៅផ្សារ​ម្តងម្កាល​ផង​ដែរ​...ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​បាត់​បង់​វប្បធម៌​ប្រពៃណី​វេច​នំតាម​ទម្លាប់​ដូន​តាយើង​ទេ​...ខ្ញុំ​នឹង​បន្ត​ធ្វើ​វាហើយ​បង្រៀន​កូនៗ​ឲ្យ​ចេះ​ធ្វើ​នំ​ដូច​ម្តាយ​ខ្ញុំ​បង្រៀន​ខ្ញុំ​ដែរ»៕

អត្ថបទដោយ៖ ជិន វេន

អត្ថបទពេញនិយម