ទូត​ខ្មែរ វាយ​តម្លៃ​ ក្រុមចម្រៀងមាន​​អ្នក​ទៅ​ទស្សនា​ច្រើន​ជាង​គេនៅ​​កូរ៉េ

  • 2018-10-01 08:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​ការ​វាយ​តម្លៃ​​ថា ចំណោម​​ក្រុម​តារា​សម្ដែង​កម្ពុជា​​ដែល​បាន​មក​ច្រៀង​ក៏​ដូច​ជា​សម្ដែង​លើ​ទឹក​ដី​ប្រទេស​​កូរ៉េ​ខាង​ត្បូង ​ក្នុង​អាណត្តិ​របស់​លោក​កាន់​នេះ មាន​តែ​ក្រុម​តារា​ចម្រៀង​លោក​ ព្រាប សុវត្ថិ ​ទេ ​ដែល​មាន​ចំនួន​អ្នក​ទៅ​​ទស្សនា​ច្រើន​ជាង​​គេ មាន​រហូត​ដល់​ទៅ​ជិត​ម៉ឺន​នាក់​ឯណោះ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ដដែល​បាន​ថ្លែង​បន្ត​ថា ក្នុងអាណត្តិ​ដែល​​ខ្លួន​បាន​មក​កាន់​ជាង​២ឆ្នាំ ៤​ខែ​មក​នេះ គឺ​មាន​តារា​ខ្មែរ​មក​សម្ដែង​ជា​ច្រើន​ក្រុម​ណាស់ ហើយ​មុន​លោក​មក​កាន់​​នៅ​ទី​នេះ​ក៏​មាន​ដែរ។ លោក ឡុង ឌីម៉ង់​ បាន​រៀប​រាប់​​​ឈ្មោះ​តារា​​ត្រួសៗ​ដែល​ធ្លាប់​មក​សម្ដែង​ក្នុង​នោះ​មាន​ដូច​ជា នាយ​កុយ នាយ​ក្រឹម ខេមរៈ សិរីមន្ត ឱក ​សុគន្ធកញ្ញា មាស សុខសោភា ខេម ឆន សុវណ្ណរាជ ខាត់ សុឃីម នេន​ទុំ ពូឃ្លាំង ដួង វីរៈសិទ្ធ និងតារា​ជា​ច្រើន​ទៀត ហើយ​ចុង​ក្រោយ​នេះ មាន​ក្រុម​លោក ​ព្រាប សុវត្ថិ ដែល​ដឹក​នាំ​ដោយ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា មាន​គ្នា​​ជាង​៤០នាក់ ដែល​ទើប​បញ្ចប់​ការ​សម្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង (រូបទី២ រាប់ពីឆ្វេង)

ជុំ​វិញ​ចំនួន​អ្នក​មក​គាំទ្រ​នេះ ឯកអគ្គរាជ​ទូត​ដដែល​សូម​បែង​ចែកកម្មវិធី​២ដាច់​ពី​គ្នា ក្នុង​នោះ​កម្មវិធី​​​ថ្នាក់​ជាតិ​ទូត​អ្នក​រៀបចំ​ និង​កម្មវិធី​ក្រុមហ៊ុន​ឯកជន​​ឬ​សមាគម​អ្នក​រៀប​ចំ។ លោក​ថា កន្លង​មក​ទូត​ខ្មែរ​នៅ​កូរ៉េ​ធ្លាប់​បាន​រៀប​ចំ​ធ្វើ​មហា​សង្ក្រាន្ត​២ឆ្នាំ​ជាប់​គ្នា​យើង ក្នុង​នោះ​មាន​បង​ប្អូន​ខ្មែរ​នៅ​ទៅ​នោះ​មក​ទស្សនា​មាន​ចន្លោះ​១៣ ០០០​ ទៅ​ ១៥ ០០០​នាក់ ដែល​ចំនួន​នោះ​គឺ​លើស​ក្រុមហ៊ុន​ឯកជន​ធ្លាប់​ធ្វើ​កន្លង​មក ត្បិត​អី​កម្មវិធី​មាន​សម្បូរ​បែប ទាក់​ទង​វប្បធម៌​សិល្បៈ​ច្រើន​ទម្រង់ ដែល​​ខ្មែរ​នៅ​ទី​នេះ​ចង់​ឃើញ ។

ចំពោះ​ក្រុម​ហ៊ុន​ឯកជន​អ្នក​រៀប​ចំ​​វិញ លោក ឡុង ឌីម៉ង់ ​ថា កន្លង​មក​មាន​តារា​ច្រើន​ក្រុម​ណាស់​បាន​មក​រៀបចំ​ការ​ប្រគំតន្ត្រី​ជា​បន្តបន្ទាប់ ប៉ុន្តែ​បើ​ប្រៀបធៀប​លើ​ការគាំទ្រ​វិញ លោក​សូម​វាយ​តម្លៃ​ដោយ​​ខ្លី​ថា ក្រុម​លោក ព្រាប សុវត្ថិ មាន​​អ្នក​មក​ទស្សនា​ច្រើន​ខ្លាំងលើស​ក្រុម​ផ្សេង​ៗ​ទៀត។ ក្រុម​ដែល​ទើប​បញ្ចប់​ការ​ប្រគំ​តន្ត្រី​កាល​ពី​ពេល​ថ្មីៗ​នោះ មាន​លោក​ព្រាប សុវត្ថិ កូន​ទាំង​២​​របស់​លោក បូក​រួម​ទាំង​ប្រពន្ធ​ម្ដាយ ព្រម​ទាំង​ក្រុម​រាំផង​មាន​គ្នា​ជាង​២០នាក់ នៅ​មាន​លោក ឆាយ វិរៈយុទ្ធ​ និង​ក្រុម​រាំ កញ្ញា ពេជ្រ សោភា និងក្រុម​​រាំ ​កញ្ញា រ៉ា ប៊ី និង​ក្រុម​រាំ លោក ប៉ែន ចំរ៉ុង នាយ​ពែក​មី និង លោក គុយ លី ជា​ដើម។

ការ​ប្រគំតន្ត្រី​​ដែល​មាន​​គ្នា​សរុប​ស្ទើរ​តែ​១យន្តហោះ​នេះ​បាន​ធ្វើ​នៅ​ទៅ​ក្រុង​ចំនួន​២គឺ អាន់សាន់ និង ក្វាងជូធំ ​មាន​អ្នក​ទស្សនា​ច្រើន​​ជិត​២ម៉ឺន​នាក់ ​ក្នុង​នោះ​លោក​ថា នៅ​អាន់សាន់ អ្នក​​មក​ទស្សនា​មាន​រហូត​ដល់​ទៅ​៨ទៅ៩ពាន់​នាក់ ចំណែក​នៅ ក្វាងជូធំ មាន​ចំនួន​៣ទៅ៥ពាន់នាក់​ ​ដែល​ចំនួន​នេះ ​កន្លង​មក​មិន​ធ្លាប់​មាន​ឡើយ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រូប​នេះ​បាន​លើក​ឡើង​ថា កម្មវិធី​​ប្រគំតន្ត្រី​ដែល​ខ្មែរ​តែង​ធ្វើ​​នៅ​ប្រទេស​កូរ៉េ​ភាគ​ច្រើន​ធ្វើ​នៅ​រដូវ​​បុណ្យ​ភ្ជុំបិណ្ឌ ចូល​ឆ្នាំ និងបុណ្យ​ធំ របស់​កូរ៉េ ហើយ​ទីតាំង​ដែល​ធ្វើ​នោះ​គឺ​នៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​ត្បូង​ទី​ក្រុង​សេអូល។ សម្រាប់​ភាគ​ខាង​ជើង​អាច​មាន​អ្នក​ទស្សនា​ចន្លោះ ​ពី​៨ពាន់​នាក់​ទៅ​ជាង​១ម៉ឺន​នាក់ ចំណែក​ភាគ​ខាង​ត្បូង​វិញ មាន​ចន្លោះ​៣ទៅ៥នាក់។

ក្នុង​នាម​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​តែងតែ​ធ្វើ​ការ​គាំពារ​សិទ្ធិ​សេរីភាពលើ​ពលរដ្ឋ​ខ្មែរ និង​ជួយ​សម្រួល​ការ​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ លោក ឡុង ឌីម៉ង់ សូម​ស្វាគមន៍​ដល់​ក្រុមហ៊ុន​ឯកជន​ផ្សេង​ទៀត ដែល​មាន​បំណង​ចង់​នាំតារា​សិល្បៈ​ផ្សេង​ទៀតមក​សម្ដែង​លើ​ទឹក​ដី​កូរ៉េ ដើម្បី​ចែក​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​របស់​នៅ​ទី​នេះ បាន​​កម្សាន្ត​សប្បាយ​​ក្រោយ​នឿយហត់​នឹង​ការ​ងារ ក្នុង​នោះ​ខាង​ស្ថាន​ទូត​នឹង​ជួយ​សម្រួល​លើ​កិច្ចការ​ទាំង​នោះ​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត។

តាម​ការ​​លើ​ឡើង​របស់ លោក ឡុង ឌីម៉ង់ បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ មាន​​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ជាង​៦ម៉ឺន​នាក់ ក្នុង​នោះ​ជាង​៥ម៉ឺន​នាក់​ជា​ពលករ ស្ត្រី​រៀប​ការ​ជា​មួយ​ជន​ជាតិ​កូរ៉េ ៧ទៅ៨ពាន់​នាក់ សិស្ស​និស្សិត ជាង​៤រយ​នាក់ ដែល​​ចំនួន​នេះ​អាច​ចាត់​ទុក​ថា នៅ​កូរ៉េ​ខាង​ត្បូង គឺ​ជា​សហគមន៍​ខ្មែរ​ដ៍​ធំ​១​នៅ​បរទេស៕

អត្ថបទៈ ស៊ុនហួត