ងាយៗ​អាច​ដោះស្រាយ​បាន បើ Note 9 មាន​បញ្ហា

  • 2018-10-02 01:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 9 ជា​ម៉ូដែល​ចុងក្រោយ​របស់​ Samsung មាន​លក្ខណៈសម្បត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ រួម​ជា​មួយ​មុខងារ​ល្អ​ៗបន្ថែម​ពី​ S Pen។ ទន្ទឹម​នឹង​សមត្ថភាព​ដ៏​ល្អ​ បញ្ហា​ក៏​មាន​ខ្លះ​ដែរ​ ។

១) បញ្ហា៖ មាន​ការ​សម្គាល់​ឃើញ​ Navigation Keys ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​អេក្រង់​របស់​ Note 9 គាំង​មិន​ដំណើរការ​។

ដំណោះ​ស្រាយ​៖ បញ្ហា​នេះ​មាន​ពាក់ព័ន្ធ​នឹង​ Samsung Pay ហើយ​ Samsung កំពុង​ធ្វើការ​លើ​កំណែទម្រង់​ថ្មី​ ដោះស្រាយ​លើ​បញ្ហា​នេះ​។ ដូចនេះ​ ត្រូវការ​រង់ចាំ​។ ជា​បណ្ដោះ​អាសន្ន អាច​បិទ​បើក​ទូរសព្ទ ពេល​បញ្ហា​នេះ​កើតឡើង​។

២) បញ្ហា៖ អ្នក​ប្រើប្រាស់​លើ​ Samsung forums និង​ XDA Developers បាន​រិះគន់​ពី​ការ​គាំង​ ពេល​ប្រើ​កាមេរ៉ា​របស់​ Note 9 ទាំង​ការ​ថតរូប​ ឬ​វីដេអូ​ ហើយ​ការ​បិទ​បើក​ទូរសព្ទ​មិន​អាច​ជួយ​បាន​នោះ​ទេ​។

ដំណោះស្រាយ៖ មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ ត្បិត​ Samsung បាន​ដឹង​ពី​រឿង​នេះ​ក្តី​។ បើ​មាន​បញ្ហា​នេះ​ គួរ​គិត​គូរ​ធ្វើការ​ស្នើ​សុំ​ផ្លាស់ប្ដូរ​ទូរសព្ទ​ថ្មី​ពី Samsung។

៣) បញ្ហា៖ មាន​សម្គាល់​ឃើញ​ថា​ សំឡេង​វីដេអូ​មាន​ការ​ថយ​ចុះ​ ពេល​ប្រើ​លើ​កម្មវិធី​ដូចជា​ YouTube និង​សូម្បី​តែ​កម្មវិធី​ចាក់​វីដេអូ​របស់​ Samsung។

ដំណោះស្រាយ​៖ បច្ចុប្បន្ន​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​ជា​បញ្ហា​ Software ឬ​ Hardware។ បើ​មាន​បញ្ហា​នេះ​ គួរ​ទាក់ទង​ Samsung ស្នើ​ប្តូរ​ទូរសព្ទ​ថ្មី​។

៤) បញ្ហា៖ មាន​ការ​សម្គាល់​ឃើញ​ថា​ ឧបករណ៍​បំពង​សំឡេង​នៅ​ផ្នែក​ខាង​លើ​ទូរសព្ទ​ ដំណើរការ​មិន​ទៀងទាត់​ កំឡុង​ពេល​ប្រើ​ Speakerphone mode ពេល​ Calls។

ដំណោះស្រាយ​៖ មិន​ទាន់​មាន​ដំណោះស្រាយ​ជា​ផ្លូវ​នៅ​ឡើយ​ទេ​ បើ​ជួប​បញ្ហា​នេះ​ គួរ​ស្នើ​ប្តូរ​ទូរសព្ទ​ថ្មី​។

៥) បញ្ហា៖ សំឡេង​រោទ៍​ និង​សារ​ជូនដំណឹង​ស្ងាត់​ជាង​ទូរសព្ទ​​មាន​លក្ខណៈសម្បត្តិ​ស្រដៀង​គ្នា​ ឬ​ជំនាន់​ Galaxy Note 8 មុន។

ដំណោះស្រាយ​៖ មិន​ទាន់​មាន​វិធី​ដោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ ស្នើ​ប្រើ​កម្មវិធី​ជំនួយ​បង្កើន​សំឡេង​ ដូចជា​ Volume Booster GOODEV។

៦) បញ្ហា៖ មាន​ការ​​សម្គាល់​ឃើញ​ថា​ S Pen មិន​ដំណើរការ​លើ​ផ្នែក​ខ្លះ​នៃ​អេក្រង់​ Note 9។

ដំណោះស្រាយ​៖ បើ​ប្រើ​សម្បក​ការពារ​មាន​មេដែក​ គួរ​ដោះ​ចេញ​ ព្រោះ​មេដែក​អាច​រំខាន​ដល់​ទំនាក់ទំនង​រវាង​ S Pen និង​ Note 9។ បើ​នៅ​មិន​ដើរ​ គួរ​ទាក់ទង​ Samsung ស្នើ​សុំ​ប្តូរ​ថ្មី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន