Huawei Mate 20 ស៊ី​ដាច់​គូ​ប្រជែង​ Android គ្នា​ឯង តែ​នៅ​មិន​អាច​បំបាក់ iPhone បាន

  • 2018-10-02 02:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ Huawei មួយ​ម៉ូដែល​ដែល​មាន​កូដ​ឈ្មោះ​ LYA-L29 ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លេច​មុខ​​លើ​ប្រព័ន្ធ​ធ្វើ​តេស្ត​ម៉ាស៊ីន​ Geekbench ដែល​ដំណើរ​ការ​ដោយ​ Android 9 Pie និង​មាន​ RAM ទំហំ​ ៦ GB។

ជា​មួយ​ពិន្ទុ​ខ្ពស់​ និង​ប្រើ​ប្រព័ន្ធ​​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​បែប​នេះ គេ​ជឿជាក់​ថា​នេះ​ជា​ Huawei Mate 20 ឬ Mate 20 Pro ដែល​ស្មាតហ្វូន​ទាំង​ពីរ​នឹង​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Kirin 980 ដំបូង​គេ។ បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​នេះ ជួយ​ឲ្យ​ Mate 20 អាច​ទទួល​បាន​ពិន្ទុ​ ៣៣៩០ លើ​ដំណើរ​ការ​ Single-Core និង​ ១០៣១៨ ពិន្ទុ​លើ​ដំណើរ​ការ​ Multi-Core។

ពិន្ទុ​របស់​ Mate 20 គឺ​បាន​វ៉ា​ដាច់​ស្មាតហ្វូន​ Android ​ខ្លាំងៗ​ដែល​ជា​គូ​ប្រជែង​រួម​មាន​ Galaxy Note 9 និង​ OnePlus 6 ជា​ដើម។ យ៉ាងណាក្ដី​វា​នៅ​តែ​មិន​អាច​យក​ឈ្នះ​បន្ទះ​ឈីប​ A12 Bionic លើ iPhone XS នៅ​ឡើយ​ទេ។

iPhone XS អាច​ទទួល​បាន​ពិន្ទុ​រហូត​ដល់​ ៤៧៩៥ ​លើ​ដំណើរ​ការ​ Single-Core និង​បាន​ពិន្ទុ ១១១៧០ លើ​ដំណើរ​ការ​ Multi-Core។ យ៉ាងណា​ពិន្ទុ​នៃ​ Geekbench មិន​អាច​បញ្ជាក់​ពី​​ល្បឿន​នៃ​ការ​ប្រើ​ប្រាស់​ជាក់​ស្ដែង​នោះ​ទេ ហើយ​ Mate 20 នៅ​ជា​ស្មាតហ្វូន​មិន​ទាន់​ប្រកាស​ចេញ​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

Mate 20 និង Mate 20 Pro នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា​ ខាង​មុខ​ ដោយ​ជឿជាក់​ថា​នឹង​មាន​បំពាក់​កាមេរ៉ា​ក្រោយ​រហូត​ដល់​បី​គ្រាប់​ដូច​ជា​ P20 Pro ដែរ៕​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង