មិន​សរសើរ​មិន​បាន Oliva Kong ​ច្នៃ​ម៉ូដ​ចេញ​ពី​ទម្រង់​ល្ខោន​ខោល ​ដើរ​បង្ហាញ​ ទាក់​ភ្នែក​អ្នក​ទស្សនា​ ​

  • 2018-10-02 03:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ឈុត​ពិសេស​ក្នុង​ការ​បង្ហាញ​ម៉ូដ ​នៅ​កម្មវិធី "​ពិព័រណ៍​ឧត្ដម​សិក្សា" ​របស់​អ្នក​ច្នៃ​ម៉ូដ Oliva Kong ​ដែល​ដក​ស្រង់​ចេញ​ពី​ទម្រង់​ល្ខោន​ខោល ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

គ្រាន់​តែ​ឃើញ​វត្តមាន​របស់​អ្នក​ច្នៃ​ម៉ូដ​ជាមួយ​ឈុត​នេះ ​សំឡេងហ៊ោ​កញ្ជ្រៀវ​ទះ​ដៃ​កង​រំពង ​បន្លឺ​ឡើង​ពី​អ្នក​ទស្សនា ធ្វើ​ឲ្យ​ទាក់​ទាញ​កាន់​តែ​ខ្លាំង។ ​​លោក Oliva Kong ​ប្រាប់​ថា ឈុត​នេះ​មាន​លក្ខណៈ​ពិសេស ត្រង់​ថា ​អាវ​ពណ៌​ស​ដែល​ពាក់​ខាង​ក្នុង ​មាន​រំលេច​ប៉ាក់​ឌិន​​​​រូប​ក្រុង​រាពណ៍ ​ដែល​ដក​ស្រង់​ចេញ​ពី​ទម្រង់​ល្ខោន​ខោល ហើយ​ជុំវិញ​កអាវ និង​ដៃ មាន​រំលេច​ដោយ​ផ្កា​រំ​ដួល ​​ដែល​ជា​ផ្កា​តំណាង​ប្រទេស​ខ្មែរ ។ ​មួយ​ទៀត គឺ​ក្បាច់​ច្នៃ​លើ​អាវ​ក្រៅ​វែង​ប្រៀប​ដូច​ស្បៃ​កូន​កំលោះ​ពេល​រៀប​អាពាហ៍ពិពាហ៍​ ​ដោយ​​បន្ថែម​ជាមួយ​ក្បាច់​វល្លិ៍​ ​​ស្លៀក​ជាមួយ​ក្បិន​ខ្មែរ។ ​​​​

​មួយ​ឈុត​នេះ ​អ្នក​ច្នៃ​ម៉ូដ​មាន​ស្រុក​កំណើត​​នៅ​​ខេត្ត​ពោធិ៍​សាត់​ប្រាប់​ថា ​ចំណាយ​ពេល​​ដេរ និង​ប៉ាក់​ឌិន​​អស់​ពេល​ជាង​១​ខែ។ ​ ​ចំពោះ​គំនិត​រចនា​ម៉ូដ​នេះ​វិញ ជា​ការ​ប៉ង​ប្រាថ្នា​តាំង​ពី​យូរ​មក​ម្ល៉េះ ​ដោយ​លោក​​​ចំណាយ​ពេល​សាក​សួរ​ពី​អ្នក​សិល្បៈ​បុរាណ​ខ្មែរ ​​គឺ​ លោក ​ហង់ ភូមិ​រ៉ា ​ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ពី​ទម្រង់​ល្ខោន​ខោល ​ក្នុង​ការ​រចនា​ម៉ូដ​នេះ​៕

​​​​ ​រូប​ភាព៖ ផ្តល់​សិទ្ធិដោយ Oliva Kong

​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម