ពន្ធនាគារថៃ ៥ កន្លែង អនុញ្ញាតឲ្យអ្នកទោស និងសាច់ញាតិ ឆ្លើយឆ្លងតាម Video Call

  • 2018-10-02 07:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្ធនាគារ​ចំនួន ៥ នៅ​ទូទាំង​ប្រទេស​ថៃ នឹង​អនុញ្ញាត​ឲ្យ​អ្នកទោស ទទួល​ការ​ហៅ​ទូរសព្ទ​ពី​គ្រួសារ និង​សាច់ញាតិ​តាមរយៈ​កម្មវិធី​ទូរសព្ទ Line ជា​លើក​ដំបូង​បង្អស់។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​កែ​ខ្លួន​ថៃ កាល​ពី​ថ្ងៃ​ច័ន្ទ ទី០១ ខែ​តុលា ឆ្នាំ២០១៨។

លោក Naras Savestananប្រធាន​នាយកដ្ឋាន​ខាង​លើ បាន​និយាយ​ថា សេវាកម្ម​នេះ​ត្រូវ​បាន​សាកល្បង ហើយ​ដំបូង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ពន្ធនាគារ Phitsanulok Central Prison, Rayong Central Prison, Chiang Mai Central Prison, Nakhon Si Thammarat Central Prison និង Khlong Phai Central Prison នៅ​ខេត្ត​នគររាជសីមា។

ទោះ​បី​ជា​យ៉ាង​ណា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​ព្យាយាម​ប្រឹងប្រែង​អនុវត្ត​បច្ចេកវិទ្យា នៅ​ក្នុង​ប្រព័ន្ធ​ចូល​សួរ​សុខទុក្ខ​អ្នក​ទោស។ លោក Naras បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​បាន​ធ្វើ​ការ​សាកល្បង ការ​ប្រើប្រាស់ Video Call តាំង​ពី ១០ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​តែ​មាន​កំហុស​បច្ចេកទេស។

«ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ទំនាក់ទំនង​តាម​បណ្ដាញ​សង្គម បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង ហើយ​ល្បឿន​អ៊ីនធឺណិត​លឿន​ជាង​មុន​ខ្លាំង​ទៀត​ផង ដូច្នេះ​យើង​ក៏​សម្រេចចិត្ត​ប្រើ​វា​ម្ដង​ទៀត»។ លោក Naras បាន​បញ្ជាក់​យ៉ាង​ដូច្នេះ។

ការ​សាកល្បង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចប់​ក្នុង​រយៈពេល ២-៣ខែ​ខាង​មុខ ខណៈ​សេវាកម្ម​នេះ​នឹង​ពង្រីក​ទៅ​ពន្ធនាគារ​ផ្សេង​ទៀត ប្រសិន​បើ​ទទួល​បាន​ជោគជ័យ។

យ៉ាងណាមិញ លោក Naras ក៏​បន្ថែម​ថា ដំណើរការ​នេះ​នឹង​តម្រូវ​ឲ្យ​អ្នក​មក​សួរ​សុខទុក្ខ ផ្ដល់​លេខ​សម្គាល់ (Line ID) របស់​ពួកគេ និង ចុះ​ឈ្មោះ​នៅ​នាយកដ្ឋាន​ជា​មុន​សិន។ បន្ទាប់មក មន្ត្រី​នឹង​ទាក់ទង​ទៅ​កាន់​អ្នក​សួរ​សុខ​ទុក្ខ​ដើម្បី​ប្រាប់​ថា នៅ​ពេល​ណា​ដែល​ពួកគេ​អាច​ទាក់ទង​ទៅ​កាន់​អ្នក​ទោស និង បាន​ចំនួន​ប៉ុន្មាន​លើក៕

ចុច​អាន៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង