របស់៤យ៉ាងទុកផ្ញើអ្នកមានគុណ ដឹងតែលោកសប្បាយចិត្តញញឹមបិទមាត់មិនជិត
- 2018-10-03 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់៤យ៉ាងទុកផ្ញើអ្នកមានគុណ ដឹងតែលោកសប្បាយចិត្តញញឹមបិទមាត់មិនជិត
ចន្លោះមិនឃើញ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រិយមិត្តប្រហែលជារកនឹកគិតថា តើគួរជូនអ្វីដល់អ្នកមានគុណ រីឯអ្នកខ្លះក៏កំពុងរវល់សម្រុកបញ្ចប់ការងារមុនថ្ងៃឈប់មកដល់ រហូតមិនមានពេលបានគិតគូដល់ពួកគាត់នៅឡើយ។ ទន្ទឹមនឹងនេះ Sabay ក៏សូមចែករំលែករបស់ ៤ យ៉ាង ដែលជាការណែនាំដោយប្រិយមិត្ត ៣រូប តាមរយៈអត្ថបទខាងក្រោមនេះ៖
១. សំលៀកបំពាក់
កញ្ញា អ៊ុង រស្មី មន្ត្រីរាជការមួយរូប ប្រាប់ថា ស្ទើរតែរាល់ឆ្នាំ រស្មីទិញសំលៀកបំពាក់ជូនពុកម៉ែ ព្រោះគិត ថាសំលៀកបំពាក់ ជាជាគ្រឿងបិតបាំងកាយដែលអ្នកមានគុណត្រូវការ ប្រើប្រាស់រាល់ថ្ងៃ មិនតែប៉ុណ្ណោះ តម្លៃវាសមស្របទៅតាមលទ្ធភាពរបស់កូនគ្រប់គ្នា។ ការជូនសំលៀកបំពាក់អាចជាកាដូមួយ ដែលធ្វើឲ្យអ្នកមានគុណនឹករលឹកដល់អ្នកខ្លាំង និងមិនមានអារម្មណ៍ឯកា នៅពេលដែលពួកគាត់លើកពាក់ម្ដងៗ។
២. ថវិកា
ភាគច្រើនបុរសៗ តែងតែជូនកាដូជាថវិកាដល់ឪពុកម្ដាយ ខណៈមនុស្សប្រុសមិនសូវចូលចិត្តដើរផ្សារទិញទំនិញដូចមនុស្សស្រី។ ជាក់ស្ដែង សីហា បុគ្គលិកហាងកាហ្វេ ឲ្យដឹងថា "ស្រួលជាងគេបំផុតហើយ រឿងជូនលុយ! បើទិញអីមិនទាន់ជូនលុយគាត់ក៏បានដែរ ណាមួយខ្ញុំអត់សូវមានពេលទំនេរផង ព្រោះព្រឹករៀន ហើយថ្ងៃធ្វើការដល់យប់"។ សីហាបន្តទៀតថា ការជូនលុយកាក់ បានផ្ដល់ជម្រើសឱ្យលោកទាំងពីរច្រើន ទោះគាត់ចង់ពិសាអី ទិញអ្វី ឬ ប្រើប្រាស់សម្រាប់បុណ្យទានក៏បាន។
៣. ថ្នាំសង្កូវ ឬរបស់ញាំប៉ូវសុខភាព
ងាកមកលោក ភារម្យ ជាបុគ្គលិកឱសថស្ថាន បានផ្ដល់យោបល់ថា ឪពុកម្ដាយ រស់នៅឯស្រុកឆ្ងាយពីកូនៗ ឈឺថ្កាត់យប់ព្រលប់ត្រូវតែមាន ដូច្នេះកូនៗ គួរតែទិញថ្នាំសង្កូវ ឬ ថ្នាំប៉ូវសុខភាពជូនលោកទាំងពីរ។ « ប្រេងកូឡា ទឹកត្រចៀកកាំ ថ្នាំរឹតដៃជើង ថ្នាំក្ដៅ ថ្នាំត្រជាក់អីហ្នឹង គួរតែទិញជូនពួកគាត់ ហើយសរសេរអក្សរដាក់ពីរបៀបប្រើប្រាស់ឱ្យត្រឹមត្រូវកុំឱ្យ ពួកគាត់ប្រើខុស! សំខាន់ណាស់ រឿងថ្នាំបង្ការ បឋមហ្នឹង»។ លោក ភារម្យ បញ្ជាក់។
៤. ភេសជ្ជៈ ចំណីអាហារទុកបានយូរ
ភេសជ្ជៈ ទឹកផ្លែឈើ និងចំណីអាហារទុកបានយូរ ដូចជា ត្រីងៀត ត្រីឆ្អើរគ្រឿង ជាដើម ក៏អាចទិញសម្រាប់ជូនជាកាដូជូនអ្នកមានគុណក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។ លោក ភារម្យ បន្ថែមថា៖ "ចំណីអាហារហ្នឹងមាន ត្រីងៀត ត្រីឆ្អើរគ្រឿងទុកបានយូរ បាយសម្លអីហ្នឹងជូនគាត់! ឬក៏ធ្វើ ឬ ទិញម្ហូបណាប្លែកដែលគាត់មិនដែលពិសា ក៏បានដែរ!” ៕