ផ្ទុះ​ចម្ងល់​កាន់​តែ​ខ្លាំង រឿង Fan Bingbing បាត់​ខ្លួន​យ៉ាងអាថ៌កំបាំង ក្រោយ​ប្អូន​ប្រុសលេច​មុខ​នៅ​សេអ៊ូល

  • 2018-10-02 13:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូន​ប្រុស Fan Bingbing  គឺ Fan ChengCheng ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង ខណៈ​បង​ស្រី​របស់​លោក នៅ​បន្ត​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ដដែល។

Fan ChengCheng ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​ញុំា​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​នា​ទីក្រុង​សេអ៊ូល​នា​ថ្ងៃ​ម្សិលមិញ។ វត្តមាន​របស់​ប្អូន​ប្រុស​នេះ ត្រូវ​បាន​គេ​ទាញ​ភ្ជាប់​ទៅ​នឹង​ការ​បាត់​ខ្លួន​របស់​កំពូល​តារា​ស្រី Fan Bingbing ដែល​បច្ចុប្បន្ន​នៅ​បន្សល់​មន្ទិល​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន។

និយាយ​ពី​កំពូល​តារា​ស្រី​របស់​ចិន និង​ជា​តួស្រី​ក្នុង​រឿង “X-Men: Days of Future Past ” Fan Bingbing ត្រូវ​បាន​បាត់​មុខ​ពី​សាធារណជន តាំង​ពី​ថ្ងៃ​ទី​១ កក្កដា ហើយ​សកម្មភាព​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម ក៏​ខកខាន​ឃើញ​តាំង​ពី​ដើម​ខែ​មិថុនា​ម្ល៉េះ។ បញ្ហា​នេះ នាំ​ឲ្យ​អ្នក​គាំទ្រ បណ្ដាញ​ព័ត៌មាន​អន្តរជាតិ កំពុង​ចោទ​សួរ​ថា តារា​ស្រី​ដ៏​ល្បី និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​មួយ​នេះ គេច​ផុត​យ៉ាង​ម៉េច​ពី​ក្រសែ​ភ្នែក​សាធារណជន និង​បណ្ដាញ​សារព័ត៌មាន​នានា?

ជុំវិញ​ការ​បាត់​ខ្លួន​យ៉ាង​ស្ងាត់​កំបាំង​នេះ​របស់​តារា​ស្រី មាន​ការ​លើក​ឡើង​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​គេច​ពន្ធ​តាម​រយៈ​កិច្ចសន្យា​ខ្សែ​ភាពយន្ត​ខុស​ច្បាប់ ដែល​គេ​ហៅ​ថា "កិច្ចសន្យា Ying Yang” ហើយ​ថា ប្រកាស​នេះ បាន​ទាញ​ឲ្យ Fan Bingbing មាន​បញ្ហា​ជាមួយ​រដ្ឋាភិបាល​ចិន។ ដូច្នេះ​ហើយ ទើប​មាន​ការ​សង្ស័យ​ថា តារា​ស្រី​ត្រូវ​គេ​ចាប់​ខ្លួន ខណៈ​រដ្ឋាភិបាល​ចិន​នៅ​ស្ងៀមស្ងាត់​នៅ​ឡើយ។

បន្ថែម​ពី​លើ​នេះ បង​ប្អូន​ប្រុស​ស្រី​មួយ​គូ​នេះ ត្រូវ​បាន​ហាម​ឃាត់​សម្រាប់​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ចិន​ទៀត​ផង។ យ៉ាង​នេះ​ក្ដី ប្អូន​ប្រុស​របស់​តារា​ស្រី ស្រាប់​តែ​បង្ហាញ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​កូរ៉េ​ខាង​ត្បូង​ទៅ​វិញ។ ប៉ុន្តែ​ក៏​មាន​ចចាមអារ៉ាម​ទៀត​ថា នោះ​គឺ​ជា​សេណារីយ៉ូ​របស់​រដ្ឋាភិបាល​បង្ខំ​ឲ្យ​ទៅ ដើម្បី​លុប​បំបាត់​ព័ត៌មាន​លោក​ត្រូវ​ហាម​ឃាត់​ការ​ចេញ​ក្រៅ​ប្រទេស។

ប៉ុន្តែ Fan ChengCheng ត្រូវ​បាន​គេ​រាយការណ៍​ថា លោក​​ទៅ​ដើម្បី​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​ភ្នាក់​ងារ​មួយ​ប៉ុណ្ណោះ។ យ៉ាង​លោក ប្អូន​ប្រុស​នៅ​បន្ត​ស្ងៀមស្ងាត់​ជុំ​វិញ​ការ​បាត់​ខ្លួន​របស់​បង​ស្រី ខណៈ​ប្រភព​ពី​សារព័ត៌មាន​បរទេស បាន​ឲ្យ​ដឹង សារព័ត៌មាន​នានា​ក្នុង​ស្រុក​របស់​ចិន ក៏​ត្រូវ​បាន​ហាម​ឃាត់​ចំពោះ​ការ​ធ្វើ​សេចក្ដី​រាយការណ៍​នានា​ជុំ​វិញ​ការ​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​របស់​កំពូល​តារា​ស្រី​នេះ​ផង៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ទារិកា

អត្ថបទថ្មី