មក​ស្គាល់​តារា​ហូលីវូដ​ Noah Centineo កំពុង​ឆក់​យក​បេះ​ដូង​នារីៗ​ទូទាំង​ពិភពលោក

  • 2018-10-03 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Noah Centineo ចាប់​ផ្ដើម​ល្បី​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ Peter នៅ​ក្នុង​រឿង "To All the Boys I've Loved Before” របស់​កម្មវិធី​មើល​ភាពយន្ត​ល្បី​ឈ្មោះ Netflix។ ពេល​នេះ Noah បាន​ក្លាយ​ជា​តារា​ប្រុស​ម្នាក់​ដែល​​ត្រូវ​នារីៗ​ជា​ច្រើន​ទូទាំង​ពិភពលោក​លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច​ ហើយ​មាន​អ្នក​តាមដាន​ (Follow) នៅ​បណ្ដាញ​សង្គម​ Instagram ដល់​ទៅ​ជាង​១៣​លាន​នាក់ ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​សង្ហា​និង​ស្នាម​ញញឹម​គួរ​ឲ្យ​ទាក់ទាញ​របស់​លោក។

Noah មាន​ឈ្មោះ​ពេញ​ថា Noah Gregory Centineo ជា​ជនជាតិ​អាមេរិក​កើត​នៅ​ថ្ងៃ​ទី ៩​ខែ​ឧសភា​ឆ្នាំ ១៩៩៦​ អាយុ​២២​ឆ្នាំ​ និង​មាន​ដើម​កំណើត​ពី​ទីក្រុង​ Miami រដ្ឋ​ហ្លរីដា​សហរដ្ឋ​អាមេរិក។ តារា​រូប​នេះ​ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​វិស័យ​សម្ដែង​តាំង​ពី​ឆ្នាំ ២០០៩​ មក​ម្ល៉េះ​ប៉ុន្តែ​ទើប​តែ​ត្រូវ​គេ​​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ឆ្នាំ​ ២០១៨​។​

ភាពយន្ត​ផ្ដាច់​មុខ​របស់ Netflix “To All the Boys I've Loved Before” គឺ​ជា​ភាពយន្ត​ដែល​ Noah ចាប់​ផ្ដើម​ល្បី​ខ្លាំង​នឹក​ស្មាន​មិន​ដល់​ ដោយ​សម្ដែង​ជាមួយ​តារា​សម្ដែង សញ្ជាតិ​វៀតណាម​អាមេរិក Lana Condor។ ក្រៅ​ពី​នេះតារា​វ័យ​២២​ឆ្នាំ​​ ក៏​បាន​សម្ដែង​ក្នុង​រឿង "SPF-18” និង​រឿង "Sierra Burgess Is a Loser” ដែល​សុទ្ធ​តែ​ដាក់​ឲ្យ​ទស្សនា​នៅ​លើ​ Netflix។

ថ្មីៗ​នេះ Noah ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​វិរនារី​ទាំង​៣ "Charlie Angels” ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ២០១៩​ ទៀត​ផង។ អ្វី​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​នោះ​គឺ តារា​រូប​សង្ហា​នេះ​ក៏​បាន​សម្ដែង​នៅ​ក្នុង​វីដេអូ​ចម្រៀង "Havana” ដ៏​ល្បី​របស់​តារា​ចម្រៀង​ Camila Cabello ផង​ដែរ៕

បណ្ដា​ Trailer ភាពយន្ត​ដែល Noah Centineo បាន​សម្ដែង៖

អត្ថបទ៖ ធារ៉ូ