ការ​ប្រគំ​តន្ត្រី​មួយ​របស់ BTS ចាត់​ទុក​ជា​ប្រវត្តិសាស្ត្រ​ ក្រោយ​អ្នក​គាំទ្រ​បោះ​តង់​ដេក​ចាំ​មុន

  • 2018-10-05 01:53:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មី​ៗ​នេះ ខាង​បណ្ដាញ​សារព័ត៌មាន CBS New York បាន​រាយការណ៍​ថា មាន​អ្នក​គាំទ្រ​រាប់​រយ​នាក់ បាន​បោះ​តង់​ក្បែរ​ពហុ​កីឡដ្ឋាន Citi Field  ដើម្បី​រង់​ចាំ​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង BTS។

ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​ក្រុម​នេះ​ដែរ នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​របស់​ពួកគេ​នៅ​ពហុ​កីឡដ្ឋាន Citi Field  នៅ​ថ្ងៃ​ទី ០៦ ខែ​តុលា​ខាង​មុខ​នេះ។ ជាមួយ​នឹង​ការ​លក់​សំបុត្រ​អស់​គ្មាន​សល់ ដូច្នេះ​មាន​អ្នក​គាំទ្រ​​ច្រើន​ជាង ៤ ម៉ឺន​នាក់ នឹង​មក​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង​នេះ​ផ្ទាល់។

បើ​តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បោះ​តង់​នៅ​ជិត​ពហុ​កីឡដ្ឋាន​​Citi Field  ដើម្បី​ធ្វើ​យ៉ាង​ណា​ ពួកគេ​អាច​ឈរ​នៅ​ជួរ​មុខ​បាន។ ជាមួយ​កិច្ច​សម្ភាស​ជាមួយ​អ្នក​គាំទ្រ​ម្នាក់​មាន​ឈ្មោះ​ Linda Xiong ដែល​មក​ពី​រដ្ឋ California បាន​និយាយ​ថា៖ "ពួក​យើង​ចូលចិត្ត​ក្រុម​ចម្រៀង​នេះ​ខ្លាំង។ ពួកគេ​បាន​បង្កើត​ចម្រៀង​ដោយ​ខ្លួន​ឯង សរសេរ​ប៉ារ៉ូល​ដោយ​ខ្លួន​ឯង។ អ្នកដឹង​ទេ ពួកគេ​ធ្វើ​ឲ្យ​យើង ជា​អ្នក​គាំទ្រ​នេះ សប្បាយ​អរ​ជិត​ឆ្កួត​ទៅ​ហើយ ព្រោះ​ពួកគេ​ជា​បុរស​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​ទាំង ៧​រូប"។

គួរ​បញ្ជាក់​បន្ថែម​ថា អ្នក​គាំទ្រ​របស់​ក្រុម BTS ដែល​ភាគ​ច្រើន​ជា​មិត្ត​នារី​វ័យ​ក្មេង​នោះ បាន​មក​បោះ​តង់​ក្រៅ​ពហុ​កីឡដ្ឋាន​នេះ តាំង​ពី​ថ្ងៃ​អាទិត្យ​មក​ម្ល៉េះ និយាយ​ជា​រួម​ជិត​មួយ​សប្ដាហ៍​មុន​ការ​ប្រគំ​តន្ត្រី៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា