Mourinho និយាយអំពីស្ថានភាពរបស់ក្លឹបបិសាចក្រហម Manchester United
- 2018-10-05 11:43:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho និយាយអំពីស្ថានភាពរបស់ក្លឹបបិសាចក្រហម Manchester United
ចន្លោះមិនឃើញ
ក្នុងសន្និសីទកាសែតថ្ងៃសុក្រនេះ អ្នកចាត់ការក្លឹប Manchester United លោក Jose Mourinho បានសារភាពថាលទ្ធផលប៉ុន្មានប្រកួតចុងក្រោយរបស់កូនក្រុមរបស់លោកមិនទាន់ល្អគ្រប់គ្រាន់ឡើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុចំពោះរឿងនេះទេ។
កំលុងសន្និសីទដែលមានរយៈពេលបីនាទីកន្លះ គ្រូបង្វឹកជនជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា៖ " នៅពេលនេះទើបតែដើមខែតុលាទេ បើយើងក្រឡេកមកមើលតារាងពិន្ទុលីគកំពូលអឺរ៉ុបធំៗ យើងឃើញថាជាទូទៅលទ្ធផលនៅខែ៩ ខែ១០មិនប៉ះពាល់ដល់លទ្ធផលប៉ុន្មានខែទៀតទេ ឬក៏ដល់ចប់រដូវកាលក៏មាន " ។
អ្នកចាត់ការរូបនេះបានបន្តថា៖ " យើងនៅតែអាចធ្វើបានល្អជាងនេះ ដោយយើងត្រូវតែធ្វើយ៉ាងណាយក៣ពិន្ទុឲ្យបានដើម្បីស្ដារស្ថានភាពរបស់យើង។ ទោះយ៉ាងណាក៏ដោយ ក៏ក្រុមដែលត្រូវប៉ះជាមួយយើងនៅថ្ងៃសៅរ៍នេះ (Newcastle United) ត្រូវការពិន្ទុផងដែរ " ។
លោក Mourinho បានបន្ថែមទៀតថា៖ " យើងចាញ់តែមួយប្រកួតនៅ Old Trafford ក្នុង៧ប្រកួតចុងក្រោយពិតមែន ប៉ុន្តែស្មើបីប្រកួតចុងក្រោយក្នុងដីជារឿងមួយមិនល្អ។ ដូច្នេះហើយវាជាការសំខាន់ណាស់ដែលយើងត្រូវតែខិតខំយកឈ្នះ Newcastle ថ្ងៃសៅរ៍នេះឲ្យបាន " ។
កាលពីពេលថ្មីៗនេះ លោក Jose Mourinho ត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាលោកកំពុងស្ថិតក្រោមសម្ពាធខ្លាំងបន្ទាប់ពីលទ្ធផលដើមរដូវកាលរបស់ក្លឹប Manchester United អាក្រក់ខ្លាំងនៅរយៈពេល២៩ឆ្នាំចុងក្រោយនេះ។