Settings ទាំង ២៤ ដែលប្រើ​ iPhone គួរ​ដឹង​

  • 2018-10-10 04:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បន្ត​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជាមួយ​នឹង​ល្បឿន​ និង​មុខងារ​ជាច្រើន​ ដល់​ផលិតផល​ខ្លួន​ដូចជា​ iPhone ជាដើម​។ Settings ខ្លះ​អាច​មើល​រំលង​ ទាំង​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​ប្រើ​ប្រចាំថ្ងៃ​។

១) លើក​មើល​ Notification

បើ​ប្រើ​ម៉ូដែល​ iPhone 6s ឬ​ខ្ពស់​ជាង​នេះ​ អាច​ប្រើ​មុខងារ​ Raise to Wake បាន​។ ពេល​បើក​ប្រើ​ អាច​លើក​មើល​ Notifications។ ថ្វី​បើ​ ផ្ទាំង​ Lock screen នឹង​បំភ្លឺ​ ហើយ​បង្ហាញ​ដំណឹង​ថ្មី​ៗ ទូរសព្ទ​នៅ​តែ​ Lock មាន​សុវត្ថិភាព​។

បើក​ Settings > ចុច​លើ​ Display & Brightness > បើក​ប្រើ​ជម្រើស​ Raise to Wake។

២) ផ្តល់​អាទិភាព​កម្មវិធី​ត្រូវ​អាប់ដេត​

អាច​ប្រាប់​ iPhone កម្មវិធី​មួយ​ណា​គួរ​ទាញ​យក​ឲ្យ​បាន​ពេញលេញ​មុន​គេ​។ លើ​ផ្ទាំង​ Home Screen ស្វែងរក​កម្មវិធី​ចង់​ដាក់​អាទិភាព​ទាញ​យក​កំណែទម្រង់​មុន​គេ​ ចុច​ 3D Touch > ចុច​យក​ជម្រើស​ Prioritize Download។

៣) ផ្លាស់ប្ដូរ​កម្រិត​ Flashlight

អាច​កែប្រែ​កម្រិត​ពន្លឺ​ Flashlight បាន​។ ចូល​ទៅ​កាន់​ Control Center ដោយ​ចុច​អូស​ឡើង​ពី​ផ្នែក​ក្រោម​នៃ​អេក្រង់​ (ឬ iPhone X អូស​ចុះ​ក្រោម​ពី​ជ្រុង​លើ​ខាងស្តាំ​) > ចុច​ប្រើ​ 3D Touch លើ​ icon រូប​ពិល​ (Flashlight)។

៤) បើក​ប្រើ​មុខងារ​ស្កេន​ QR Code

បើ​ចង់​ស្កេន​ QR Code អាច​ប្រើ​កម្មវិធី​ Camera មាន​ស្រាប់​ក្នុង​ទូរសព្ទ​តែ​ម្តង​។ ចូល​ទៅ​កាន់​ Settings > Camera > បើក​ប្រើ​ Scan QR Codes។

៥) លុប​កម្មវិធី​លែង​ប្រើ​

អាច​សម្អាត​កម្មវិធី​កម្រ​ប្រើ​បាន​ ដោយ​ចូល​ទៅ​កាន់​កម្មវិធី​ Settings > General > ជ្រើសរើស​ iPhone Storage > ចុច​បើក​ជម្រើស​ Offload Unused Apps។

៦) ប្រើ​ Camera mode បាន​ឆាប់​រហ័ស​

ចង់​ចូល​ប្រើ​ Camera mode បាន​លឿន​ មិន​ខកខាន​ទិដ្ឋភាព​ចង់​បាន​ ចុច​ 3D Touch លើ​ icon រូប​កម្មវិធី​កាមេរ៉ា​ នឹង​ឃើញ​ជម្រើស​ Camera mode ប្រើ​បាន​ ដូចជា​ Selfie ឬ​ Slo-mo។

៧) បិទ​មុខងារ​តាមដាន​លើ​វេបសាយ​

អាច​កំណត់​ព្រំដែន​វេបសាយ​ ក្នុង​ការ​តាមដាន​ឥរិយាបថ​ប្រើប្រាស់​របស់​អ្នក​លើ​វេបសាយ​។ ក្នុង​ការ​ប្រើ​មុខងារ​នេះ​ បើក​កម្មវិធី​ Settings > ចុច​លើ​ Safari > បើក​ជម្រើស​ Prevent Cross-Site Tracking។

៨) ស្វែងរក​ Emoji លឿន​

អាច​ប្រើ​ពាក្យ​ទៅ​ជា​រូបភាព​បាន​ ដោយ​បើក​កម្មវិធី​ Messages ចុច​លើ​ប្រអប់​អក្សរ​ > បញ្ចូល​ពាក្យ​មួយ​ចំនួន > ជ្រើសរើស​ប្រើ Keyboard Emoji។ រាល់​ពាក្យ​ អាច​ជំនួស​ជាមួយ​ Emoji បាន​នឹង​​ប្រែ​ជា​ពណ៌​ទឹកក្រូច​ > ចុច​លើ​ពាក្យ​នោះ​ ហើយ​ Emoji នឹង​ទម្លាក់​ជំនួស​។

៩) ស្វែងរក​តាម​ Tab Safari

ពេល​បើក​ Tab ច្រើន​ អាច​ស្វែងរក​ទៅ​តាម​ Tab មួយៗ​បាន​។ ដើម្បី​ចូល​ប្រើ​ជម្រើស​ស្វែងរក​នេះ​ ត្រូវ​បើក​កម្មវិធី​ Safari > បង្វិល​ទូរសព្ទ​ទៅ​ Landscape mode > ចុច​ប៊ូតុង​ Tab (ប្រអប់​ជ្រុង​ត្រួត​គ្នា​) រួច​នឹង​ឃើញ​ប្រអប់​ Search Tabs ដែល​ធម្មតា​មិន​ឃើញ​។

១០) Live Photos

Live Photo ជា​បណ្ដុំ​រូបភាព​មាន​ចលនា​ បង្កើត​មុន​ នឹង​ក្រោយ​ពេល​រូបភាព​បាន​ថត​។ ដើម្បី​កែប្រែ​ Live Photo នេះ​ បើក​រូប​ក្នុង​កម្មវិធី​ Photos > ចុច​អូស​ឡើង​លើ​ នឹង​ឃើញ​ Effects អាច​បន្ថែម​បាន​ដូចជា​ Loop ដែល​នឹង​កែប្រែ​ Live Photo ទៅ​ជា​ទម្រង់​វីដេអូ​ខ្លី​ៗ ចាក់សារ​ចុះ​ឡើង​ៗ។

១១) សម្គាល់​ម្ចាស់​លេខ​ទូរសព្ទ​បាន​កាន់​តែ​ងាយស្រួល​

អាច​កំណត់​សំឡេង​រោទ៍​ សម្រាប់​មនុស្ស​សំខាន់​ៗបាន​ ដោយ​បើក​កម្មវិធី​ Contacts > ចុច​លើ​នរណា​ម្នាក់​លើ​បញ្ជី​ > ជ្រើសរើស Edit នឹង​មាន​ជម្រើស​អាច​កំណត់​សំឡេង​រោទ៍​ជាក់លាក់​បាន​។

១២) ផ្លាស់ប្ដូរ​ Resolution វីដេអូ​

អាច​កែប្រែ​កម្រិត​ Resolution របស់​វីដេអូ​ ទៅ​តាម​ម៉ូដែល​ទូរសព្ទ​ផ្តល់​ឲ្យ​។ ចូល​ទៅ​កាន់​ Settings > Camera > ចុច​លើ​ Record Video ដើម្បី​កែប្រែ​ Resolution។​ អ្នក​នៅ​តែ​អាច​ទទួល​បាន​វីដេអូ​គុណភាព​ខ្ពស់​ ស្រប​ពេល​សន្សំ​មេម៉ូរី​ខ្លះ​ ដោយ​ថត​ប្រើ​ Resolution ទាប​។

១៣) លែង​ប្រើ​បណ្ដាញ​ Wi-Fi ខ្សោយ​

iPhone អាច​ភ្ជាប់​ទៅ​កាន់​ Wi-Fi (ដាក់​ប្រើ​សាធារណៈ​) ដោយ​ស្វ័យប្រវត្តិ​ ពេល​បើក​ចោល​ ប៉ុន្តែ​បណ្ដាញ​ខ្លះ​អាច​មិន​សូវ​ជាប់លាប់​។ បើ​មាន​គម្រោង​ទិន្នន័យ​អ៊ីនធឺណិត​ប្រើ​ពេញ​លក្ខណៈ​ អាច​ប្រាប់​ Device ឲ្យ​មើល​រំលង​ Wi-Fi មាន​រលក​សញ្ញា​ខ្សោយ​។

ក្នុង​កម្មវិធី​ Settings > ចុច​លើ​ Cellular > បើក​ប្រើ​ Wi-Fi Assist។

១៤) តម្រឹម​លំដាប់​តាម​ File

ក្នុង​កម្មវិធី​ Files អាច​តម្រៀប​ឯកសារ​នានា​បាន​ ដោយ​ត្រង់ Tab ឈ្មោះ Browse > ចុចយក iCloud Drive ឬជម្រើស Storage នានា > ទាញ​ចុះ​ក្រោម​ទីតាំង​ណាមួយ​លើ​អេក្រង់​ នឹង​ឃើញ​ Menu បង្ហាញ​។ នេះ​អាច​ឲ្យ​អ្នក​តម្រៀប​ឯកសារ​ តាម​ឈ្មោះ​ កាល​បរិច្ឆេទ​ ទំហំ​ ឬ​ Tags។

១៥) គេង​ស្តាប់​ចម្រៀង​

អាច​ចាក់​ចម្រៀង​ស្តាប់​ចោល​ រួច​កំណត់​រយៈពេល​ឲ្យ​បញ្ឈប់​ចម្រៀង​បាន​។​ នេះ​ងាយស្រួល​បើ​អ្នក​ចូលចិត្ត​គេង​ស្តាប់​ចម្រៀង​។

បើក​កម្មវិធី​ Clock > ចុច​លើ​ Tab ឈ្មោះ​ Timer > ជ្រើសរើស​ When Timer Ends រួច​ចុច​យក​ Stop Playing > កំណត់​រយៈពេល​ចង់​បញ្ឈប់​ចម្រៀង​ ហើយ​ចុច​ Start។

១៦) ឆ្លើយ​តប​ការ​ Calls ជាមួយ​សារ​ខ្លី​ៗ

ពេល​រវល់​ប្រជុំ​ មិន​អាច​លើក​ទូរសព្ទ​បាន​ អាច​ផ្ញើ​សារ​ជំនួស​បាន​។ ក្នុង​នោះ​ ក៏​អាច​កែប្រែ​ជម្រើស​កំណត់​ពី​មុន​ ទៅ​តាម​អ្វី​ចង់​ឆ្លើយ​តប​។ បើក​កម្មវិធី​ Settings > Phone > ចុច​យក​ Respond with Text ដើម្បី​បន្ថែម​ និង​កែប្រែ​សារ​។

១៧) ផ្តល់​សុវត្ថិភាព​ដល់​ Notes

បើ​អ្នក​រក្សាទុក​លេខ​សម្ងាត់​ ឬ​លេខ​គណនី​ ក្នុង​កម្មវិធី​ Notes របស់​ iPhone អាច​ការពារ​ជាមួយ​លេខ​សម្ងាត់​បាន​។ ចូល​ទៅ​កាន់​ Settings > Notes > Password ត្រង់​នេះ​ អាច​កំណត់​លេខ​កូដ​ ឬ​ Touch ID ដើម្បី​ចាក់​សោ​។ នៅ​ក្នុង​កម្មវិធី​ Notes អាច​ចាក់​សោ​ Note ណា​មួយ​ដោយ​ទាញ​ទៅ​ខាងឆ្វេង​ក្នុង​បញ្ជី​ ចុច​លើ​ icon រូប​សោ​ ហើយ​បញ្ចូល​លេខ​សម្ងាត់​។

១៨) កំណត់​កម្រិត​ការ​តាមដាន​ទីតាំង​

កម្មវិធី​មួយ​ចំនួន​ អាច​ត្រូវការ​ដឹង​ទិន្នន័យ​ទីតាំង​របស់​អ្នក​ ដើម្បី​ដំណើរការ​បាន​ត្រឹមត្រូវ​ ដូចជា​កម្មវិធី​ទាក់ទង​នឹង​ផែនទី​ ប៉ុន្តែ​មិន​បាន​ន័យ​ថា​ ត្រូវ​ដឹង​គ្រប់​ពេល​នោះ​ទេ​។

បើក​កម្មវិធី​ Settings > Privacy > Location Services > ជ្រើសរើស​កម្មវិធី​ណា​មួយ​ ហើយ​ផ្លាស់ប្ដូរ​ពី​ជម្រើស​ Always ទៅ​ While Using the App។

១៩) បិទ​ Read Receipts

ពេល​នរណា​ម្នាក់​នៅ​ក្នុង​ការ​ជជែក​សារ​ Messages នឹង​ដឹង​ ពេល​អ្នក​ឃើញ​សារ​របស់​ពួកគេ​ (មុខងារ​នេះ​ ដំណើរការ​តែ​សម្រាប់​ iMessage ប៉ុណ្ណោះ​)។

ដើម្បី​ការពារ​ កុំ​ឲ្យ​គេ​ដឹង​ថា​ អ្នក​បាន​ឃើញ​សារ​ អាច​បិទ​ Read Receipts បាន​ សម្រាប់​ការ​សន្ទនា​ណា​មួយ​ ដោយ​ចុច​លើ​ icon អក្សរ​ i នៅ​ខាងលើ​ការ​សន្ទនា​ និង​បិទ​ជម្រើស​ Send Read Receipts។

២០) កែប្រែ​កម្រាស់​អក្សរ​ពេល​ផ្ញើរ​សារ​

អាច​ផ្លាស់ប្ដូរ​ទំហំ​ និង​កម្រាស់​អក្សរ​ក្នុង​សារ​បាន​ ដោយ​ពេល​វាយ​បញ្ចូល​សារ​ទំនាក់ទំនង​ចូល​ក្នុង​កម្មវិធី​ Messages > ចុច​សង្កត់​ឲ្យ​ជាប់​លើ​ icon Send ពណ៌ខៀវ​ នៅ​ខាងស្តាំ​ រួច​ទាញ​ឡើង​លើ​ ឬ​ចុះក្រោម​ ដើម្បី​ផ្លាស់ប្ដូរ​ស្ទីល​អក្សរ​។

២១) បញ្ជា​ទៅ​កាន់​ Siri ដោយ​វាយ​បញ្ចូល​អក្សរ​

អាច​វាយ​បញ្ចូល​ពាក្យ​បញ្ជា​បាន​ ជំនួស​ឲ្យ​ការ​និយាយ​ ដោយ​ចូល​ទៅ​កាន់​ Settings > General > Accessibility > Siri រួច​បើក​ជម្រើស​ Type to Siri។ ពេល​ចុច​សង្កត់​ឲ្យ​ជាប់​លើ​ប៊ូតុង​ Home ដើម្បី​ហៅ​ Siri អាច​និយាយ​ ឬ​បញ្ចូល​ពាក្យ​បញ្ជា​បាន​។

២២) ធ្វើ​ឲ្យ​ Notifications រំខាន​តិច​តួច​

អាច​លុប​កំណាត់​ផ្ទាំង​ Preview បន្ថយ​ភាព​រំខាន​ ពេល​មើល​ Notification បាន ដោយ​ចូល​ទៅ​កាន់​កម្មវិធី​ Settings > ចុច​យក​ Notification > Show Previews រួច​ជ្រើសរើស​យក​ Never។

២៣) ផ្ញើរ​លុយ​តាម​រយៈ​សារ​

Apple បាន​បញ្ចូល​សេវាកម្ម​ Apple Pay ចូល​ទៅ​គ្រប់​ផ្នែក​នៃ​ប្រព័ន្ធ​ iOS រួម​ទាំង​កម្មវិធី​ Messages។ ពេល​វាយ​បញ្ចូល​ចំនួន​ជា​ដុល្លារ​ក្នុង​សារ​ជជែក​ នឹង​លេច​មាន​បន្ទាត់​ពី​ក្រោម​ដោយ​ស្វ័យប្រវត្តិ​ ចុច​លើ​តួលេខ​មាន​បន្ទាត់​ពី​ក្រោម​នោះ ហើយ​ Apple Pay នឹង​ផ្ញើរ​ចំនួន​ទឹកប្រាក់​នោះ​ពី​គណនី​អ្នក​ទៅ​កាន់​ ដៃ​គូ​សន្ទនា​។​ មុន​ពេល​ផ្ញើរ​ អ្នក​មាន​ឱកាស​ ដើម្បី​ផ្ទៀងផ្ទាត់​ទឹកប្រាក់​បាន​។

២៤) ប្រើ​អក្សរ​ធំ​ៗ

បើ​មិន​ពេញចិត្ត​ទំហំ​អក្សរ​មាន​ស្រាប់​របស់​ iPhone អាច​កែប្រែ​បាន​ ដោយ​ចូល​ទៅ​កាន់​ Settings > Display & Brightness > អាច​ប្រើ​ជម្រើស​ Text Size និង Bold Text ដើម្បី​ផ្លាស់ប្ដូរ​ពុម្ព​អក្សរ​បង្ហាញ​លើ​អេក្រង់​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PopSci   ប្រែ​សម្រួល៖ ប៊ុនធឿន