កំណត់ត្រា៥ក្នុងពិភពបាល់ទាត់ដែល Messi ពិបាកនឹងបំបែក

  • 2018-10-06 23:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi គឺជាកីឡាករកំពូលមួយរូបរបស់ពិភពលោកដែលធ្វើឲ្យយើងមើលឃើញថាគ្មានឧបសគ្គណាដែល គេពិបាកនឹងបំបែកបានឡើយជាមួយនឹងទម្រង់លេងដ៏ល្អរបស់គេនាពេលបច្ចុប្បន្ន។

ជារឿយៗរាល់ពេលខ្សែប្រយុទ្ធ Barcelona ស៊ុតបញ្ចូលទីតែងមានកំណត់ត្រាមួយចំនួនរបស់អ្នកជំនាន់មុនត្រូវ Messi បំបែកបាន។ យ៉ាងណា ក៏មានដែរ ចំពោះកំណត់ត្រាមួយចំនួនដែលនៅឆ្ងាយដៃរបស់កីឡាករវ័យ៣១ឆ្នាំ ពោលគឺរូបគេត្រូវការពេលយូរទៀតដើម្បីបំបែក ឬក៏មិនអាចបំបែកបានតែម្ដងនៅក្នុងអាជីព។

#៥ លេងពានទ្វីបអឺរ៉ុបច្រើនបំផុត

Lionel Messi បង្ហាញខ្លួននៅ Champions League លើកដំបូងក្នុងឆ្នាំ២០០៤ កាលនៅជាយុវជនហើយបានសម្របខ្លួនទៅជាជម្រើសដំបូងរបស់ Barcelona យ៉ាងឆាប់រហ័សរហូតដល់បច្ចុប្បន្ន។ ជាង១០ឆ្នាំមកនេះ Messi លេងបាន ១២៨ប្រកួតនៅពានទ្វីបអឺរ៉ុប។ ចំនួននេះនៅដាច់ឆ្ងាយបើធៀបជាមួយ Casillas អតីតអ្នកចាំទី Real Madrid ដែលលេងបាន១៧៩ប្រកួតច្រើនជាងកីឡាករណាទាំងអស់។

#៤ គ្រាប់បាល់ច្រើនបំផុតនៅវគ្គផ្ដាច់ព្រ័ត្រ Champions League

វីរបុរស Real Madrid ២រូបគឺលោក Ferenc Puskas និង Alfredo Di Stefano គឺជាអ្នកកាន់កំណត់ត្រាស៊ុតវគ្គផ្ដាច់ព្រ័ត្រពាន Champions League ច្រើនជាងគេ ចំនួន៧គ្រាប់ ហើយ Messi ដែលធ្លាប់លេងវគ្គផ្ដាច់ព្រ័ត្រចំនួន៤លើកទើបស៊ុតចូលទីបាន២គ្រាប់ប៉ុណ្ណោះ។

#៣ គ្រាប់ច្រើនបំផុតនៅ Champions League សម្រាប់១រដូវកាល

Messi ស៊ុតបញ្ចូលសរុប ១០៥គ្រាប់ហើយនៅ Champions League ប៉ុន្តែបើគិតលើគ្រាប់បាល់ច្រើនបំផុតក្នុងមួយរដូវកាលគឺរូបគេនៅចាញ់ Cristiano Ronaldo និង Radamel Falcao នៅឡើយ។ កីឡាករទាំងនេះធ្លាប់ស៊ុតបញ្ចូលទីចំនួន ១៧គ្រាប់ក្នុងមួយរដូវកាល ស្របពេល Messi ធ្លាប់ស៊ុតច្រើនបំផុតត្រឹម ១៤គ្រាប់ប៉ុណ្ណោះ កាលពីរដូវកាល ២០១១-២០១២។

#២ គ្រាប់លឿនបំផុតនៅ Champions League

Lionel Messi បានបំបែកកំណត់ត្រាជាច្រើននៅក្នុងអាជីព ប៉ុន្តែគ្រាប់លឿនបំផុតនៅ Champions League មិនមែនជារឿងងាយស្រួលរបស់គេឡើយ។ Roy Makaay វីរបុរសក្រុមជម្រើសជាតិហូឡង់បានស៊ុតគ្រាប់បាល់លឿនបំផុតនៅ Champions League កាលពីឆ្នាំ២០០៧ ដោយប្រើពេលត្រឹម ១១.១២ វិនាទីប៉ុណ្ណោះ។

#១ បាល់ Hat-Trick លឿនបំផុតនៅ Champions League

Messi គឺជាអ្នកស៊ុត Hat-Trick បានច្រើនជាងគេនៅ Champions League គឺចំនួន៦ដងច្រើនជាងកីឡាករណាទាំងអស់ ប៉ុន្តែការស៊ុត Hat-Trick លឿនបំផុតមិនមែនជាកំណត់ត្រារបស់រូបគេឡើយ។ ខ្សែប្រយុទ្ធBafetimbi Gomis បានប្រើពេល តិចជាង១០នាទីដើម្បីស៊ុត៣គ្រាប់ឲ្យ Lyon ឈ្នះ Dinamo Zagreb កាលពីឆ្នាំ២០១១ នៅ Champions League៕

ប្រភព៖ Wikipedia | UEFA   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម