Neymar បាន​ហៅ​ Pogba ឲ្យ​​ទៅ​ចូលរួម​ជាមួយ​ខ្លួន​​នៅ​​ក្លឹប​យក្ស​បារាំង​

  • 2018-10-06 07:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ធ្លាប់​បាន​ល្បួង Paul Pogba ឲ្យ​​ទៅ​កាន់​ក្លឹប Paris Saint-Germain ចាប់​តាំង​ពី​ខែ​កញ្ញា។ នេះ​បើ​តាម Dailymail ចុះ​ផ្សាយ​ថ្ងៃ​នេះ។

​​ទំនាក់​ទំនង​រវាង Neymar និង Pogba ជិត​ស្និទ្ធ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ កីឡាករ​ប្រេស៊ីល​ក៏​ធ្លាប់​​ប៉ុនប៉ង​ឲ្យ​ Pogba ចូលរួម​នៅ Barcelona ជាមួយ​ខ្លួន​​​តាំង​ពី​ពេល​ដែល​កីឡាករ​បារាំង​ ចាកចេញពី Juventus ទៅ​ចូលរួម​ជាមួយ Manchester United នៅ​ឆ្នាំ ២០១៦។ ប្រភព​ខាង​លើ​បន្ត។

​បច្ចុប្បន្ន ​អតីត​កីឡាករ​របស់​ក្លឹប​អ្នក​មាន​បុណ្យ​បាន​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​រវាង​​ Pogba និង ក្លឹប​ថ្មី​របស់​ខ្លួន។ PSG បាន​ចំណាយ ៣៥០ លាន​ផោន (៤៦០ លាន​ដុល្លារ) ដើម្បី​ទិញ Neymar និង Kylian Mbappe។

Neymar ដែល​ចូលរួម​ជាមួយ PSG ក្នុង​តម្លៃ​ថ្លៃ​​បំផុត​បំបែក​កំណត់ត្រា​ពិភពលោក ២២២ លាន​អឺរ៉ូ កាល​ពី​ឆ្នាំ ២០១៧ បាន​សន្យា​ថា​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​​ក្លឹប​របស់​ខ្លួន​​ដើម្បី​ប្រមាញ់​ Pogba ឲ្យ​បាន​ ដែល​គេ​ជឿ​ថា​​សមត្ថភាព​របស់​កីឡាករ​បារាំង​នឹង​នាំ​ក្លឹប​​ទៅ​កាន់​កម្រិត​មួយ​ទៀត ប៉ុន្តែ កិច្ចព្រមព្រៀង​មួយ​​នេះ​ទំនង​ជា​ស្មុគស្មាញ​ខ្លាំង ហើយ អាច​មាន​តម្លៃ​​ខ្ពស់​​មិន​គួរ​ឲ្យ​ជឿ​ទៀត​ផង។

ស្ថានភាព​របស់ Pogba នៅ Man Utd កាន់​តែ​យ៉ាប់ទៅៗ​នៅ​ពេល​ដែល​សង្រ្គាម​សំដី​របស់​កីឡាករ​វ័យ ២៥ ឆ្នាំ​​ជាមួយ​លោក Mourinho កាន់​តែ​ក្តៅ​ទៅៗ​ ពិសេស​ក្រោយ​ដំណឹង​នៃ​ការ​បណ្តេញ​​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​​នៅ​សប្ដាហ៍​នេះ​កាន់​តែ​ជិត​ក្លាយ​ជា​ការ​ពិត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត