ព្រោះសំរាមមួយប្រភេទនេះ ទើបអភិបាលខេត្តព្រះសីហនុ ចេញមុខបោសសំអាតមិនខ្លាចហត់

  • 2018-10-11 01:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​សំរាម​ជា​ប្រភេទ កំប្លោក ត្រគៀត ដែល​រសាត់​តាម​ទឹក​រលក​មក​ពី​ប្រទេស​វៀតណាម បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ជា​ខ្លាំង។ ហេតុនេះហើយទើប អភិបាល​ខេត្ត​ព្រះសីនុ ឯកឧត្ដម យន្ត មីន បាន​ចុះ​សំអាត​សំរាម​ដោយ​ខ្លួន​ឯង​ផ្ទាល់​ដោយមានការចូលរួមពី រដ្ឋបាលក្រុងព្រះសីហនុ មន្ទីរបរិស្ថាន មន្ទីរព័ត៌មាន កម្លាំងប្រដាប់អាវុធ និងបុគ្គលិកអនាម័យក្រុង ព្រមជាប្រជាពលរដ្ឋ ធ្វើការបោសសំអាត ដើម្បីឲ្យឆ្នេរសមុទ្រកម្ពុជា មានសោភ័ណ្ឌភាព សម្រាប់​ឲ្យ​អ្នក​ទេសចរ​ជាតិ និងអន្តរជាតិ រីករាយកម្សាន្ត ក្នុង​ឱកាស​ឈប់​សម្រាក​នេះ។

ក្រោយ​មាន​ការ​ចូល​រួម​សំអាត​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត និង​អង្គភាព​ពាក់​ព័ន្ធ​នានា ព្រម​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាង​ផុលផុស​នោះ ឃើញ​ថា​នៅ​តំបន់​ឆ្នេរ​ប្រែ​មក​ជា​មាន​សភាព​ធម្មតា និង​ស្រស់​បំព្រង​ឡើង​វិញ។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៨​នេះ រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា កំប្លោក​ ត្រគៀត ទាំង​នោះ បាន​បោកបក់​ត្រឡប់​មក​ទៀត​ហើយ។ ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ក៏​បាន​សំណូម​ពរ​ប្រជាពលរដ្ឋ​ ដែល​មាន​ពេល​ទំនេរ​អាច​មក​ជួយ​ចូលរួម​សំអាត​ទាំង​អស់​គ្នា​ផង។

សូម​ជម្រាប​ជូន​ថា ភ្ញៀវ​ទេសចរ​ទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​រយៈ​ពេល​៣ថ្ងៃ ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៨​ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មាន​​ចំនួន​សរុប​ប្រមាណ​ជិត ៨ម៉ឺននាក់ (៧៩៥៨៧) ថយចុះ ១៣,៤៩%។

របាយការណ៍​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី០១ នៃ​ឱកាស​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ១៨០០០នាក់ (០៨ តុលា​) ។ ​ចំណែក​នៅ​ថ្ងៃ​ទី០២ មាន​ភ្ញៀវទេសចរ​ប្រមាណ ៣៥០០០នាក់ (០៩ តុលា)។ រីឯ​ថ្ងៃ​ទី០៣ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ២៦៥០០​នាក់ (១០ តុលា)។

របាយការណ៍​ដដែល​បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៧៣១៧៧​នាក់ ថយ​ចុះ ១៦,២៧%។ ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៦៤១០នាក់ កើន​ឡើង​ ៣៩,៣៤%​៕


រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ