ក្បាល​ឆក​លើ​ Pixel 3 XL រង​ព្រនង់​​រិះគន់​​ខ្លាំង​ពី​មហាជន

  • 2018-10-11 02:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

Google Pixel 3 និង Pixel 3 XL បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ៩ ខែ​តុលា​ ជា​មួយ​នឹង​រូបរាង​ដែល​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​លេច​ធ្លាយ​កន្លង​មក។

Pixel 3 មាន​អេក្រង់​ P-OLED ​​ទំហំ ៥,៥ អ៊ីញ​លាត​សន្ធឹង​ជា​មួយ​គែម​អេក្រង់​ស្ដើង។ ចំណែក​ Pixel 3 XL មាន​អេក្រង់​ទំហំ ៦,៣ អ៊ីញ ថែម​​ក្បាល​ឆក​ទ្រវែង​មួយ ដែល​ក្បាល​ឆក​​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ និង​សារព័ត៌មាន​មួយ​ចំនួន។

ជាក់​ស្ដែង​វិបសាយ​ Engadget បាន​​លើក​ឡើង​ថា​ ក្បាល​ឆក​របស់​ Pixel 3 XL ពិត​ជា​មាន​រូបរាង​អាក្រក់​ខ្លាំង បើ​ប្រៀប​ធៀប​នឹង​ស្មាតហ្វូន​ក្បាល​ឆក​ដទៃ​ទៀត។ ក្រុមហ៊ុន​ដទៃ​ទៀត​បាន​ខិត​ខំ​បង្រួម​ក្បាល​ឆក​ឲ្យ​តូច​ជាង​មុន​ដូច​ជា​ OnePlus 6T ដែល​គ្រោង​ប្រកាស​ចេញ​ឆាប់, Huawei Mate 20 និង Oppo F9 ជា​ដើម។​

នៅ​ត្រង់​ក្បាល​ឆក​នេះ​ Google បាន​បំពាក់​នូវ​កាមេរ៉ា​មុខ​ដល់​ទៅ​ពីរ​គ្រាប់​ ដោយ​កាមេរ៉ា​មួយ​ជា​ប្រភេទ Wide-Angle អាច​ថត​រូប​ក្នុង​ទំហំ​ធំ និង​មាន​រន្ធ​​ស្ដាប់​ដែល​អាច​ដើរ​តួនាទី​ជា​រន្ធ​បំពង​សំឡេង​បាន។ Pixel 3 ដែល​គ្មាន​ក្បាល​ឆក​ក៏​មាន​បំពាក់​កាមេរ៉ា​ Selfie ពីរ​គ្រាប់​ និង​រន្ធ​បំពង​សំឡេង​មួយ​ផង​ដែរ។

ត្បិត​ថា​​ក្បាល​ឆក​នេះ​រាង​ទាស់​ភ្នែក​បន្តិច​ ប៉ុន្តែ Pixel 3 XL និង Pixel 3 ​នៅ​តែ​មាន​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​​ខ្លាំង និង​កាមេរ៉ា​ដែល​មាន​ភាព​វៃ​ឆ្លាត​លើស​មុន ហើយ​អាច​ផលិត​រូបភាព​បាន​កាន់​តែ​ល្អ។ ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​បន្ថែម​របស់​ស្មាតហ្វូន Goolge ជំនាន់​ថ្មី ៖

  • បន្ទះ​ឈីប​ Snapdragon 845 អម​នឹង RAM ទំហំ ៤ GB
  • ​អង្គ​ផ្ទុក​ទំហំ ៦៤ GB និង ១២៨ GB មិន​មាន​រន្ធ​ដោត​មេមូរី
  • កាមេរ៉ា​ខាង​ក្រោយ​ទំហំ ១២,២ MP Aperture f/1.8 មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​​ OIS
  • កាមេរ៉ា​មុខ​មាន​ពីរ​គ្រាប់​ទំហំ ៨ MP ដោយ​មាន​មួយ​ជា​ប្រភេទ Wide-Angle
  • រន្ធ​បំពង​សំឡេង​បែប​ស្ទេរីអូ​
  • ​ថ្ម​ទំហំ ២៩១៥ mAh (Pixel 3) និង ៣៤៣០ mAh (Pixel 3 XL) អាច​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​ឆាប់​ពេញ​
  • ធន់​នឹង​ទឹក​កម្រិត​ IP68 និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9.0 Pie
  • Pixel 3 តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ និង Pixel 3 XL តម្លៃ​ចាប់​ពី ៨៩៩ ដុល្លារ​​

​​ ចុចអាន៖

​​​​​​


ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង