ប្រវត្តិ​ត្រួស​ៗ​របស់ Lisa គ្រប់គ្នា​មិន​សូវ​បាន​ដឹង

  • 2018-10-11 03:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ បច្ចុប្បន្ន​ក្រុម​ចម្រៀង BlackPink ប្រៀប​បាន​ដូច​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម YG ដូច្នេះ​ហើយ រឿងរ៉ាវ​របស់​សមាជិក​នីមួយ​ៗ​ក្នុង​ក្រុម​ចម្រៀង​ដ៏​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​មួយ​នេះ ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ពួកគេ​ផង​ដែរ។

ក្នុង​ចំណោម​សមាជិក​ទាំង​អស់ មហាជន​ជា​ច្រើន​បាន​និយាយ​ថា តារា​ចម្រៀង Jennie ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ជាង​គេ​ប្រចាំ​ក្រុម ប៉ុន្តែ​តាម​ពិត​ទៅ កូន​ពៅ​ប្រចាំ​ក្រុម​ BLACKPINK តារា​ចម្រៀង Lisa ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ មិន​ថា​ក្នុង​ប្រទេស​កូរ៉េ​នោះ​ទេ ដូច្នេះ​ហើយ រឿងរ៉ាវ​​របស់​នាង តែង​តែ​នៅ​ជា​ចំណុច​ដ៏​ចាប់​អារម្មណ៍​ខ្លាំង​របស់​អ្នក​គាំទ្រ។ ដោយ​ទទួល​បាន​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​ប្រវត្តិ​របស់​តារា​ស្រី​សញ្ជាតិ​ថៃ​រូប​នេះ ខាង​សារព័ត៌មាន Kapook របស់​ប្រទេស​ថៃ​បាន​​សម្រេច​ចិត្ត​ចេញ​ផ្សាយ​ពី​ប្រវត្តិ​ត្រួស​ៗ​របស់ Lisa។

១. ឈ្មោះ​ពិត​ដំបូង Pranpriya Manoban

តារា​ចម្រៀង Lisa កើត​នៅ​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ១៩៩៧ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ ដំបូង​ឡើយ Lisa មាន​ឈ្មោះ​ថា Pranpriya Manoban នោះ​ទេ ប៉ុន្តែ​ក្រោយ​មក នាង​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Lalisa Manoban វិញ។

២. មាន​ឪពុក​ចិញ្ចឹម​ជា មេ​ចុងភៅ​ដ៏​ល្បី

Lisa បាន​ចំណាយ​ពេលវេលា​កុមារភាព​របស់​នាង​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​ខេត្ត Buriram នៃ​ប្រទេស​ថៃ។ បើ​ទោះ​បី​ជា​នាង មាន​ឈាម​ជ័រ​ជា​ជនជាតិ​ថៃ ១០០ ភាគរយ​ក៏​ដោយ តារា​ចម្រៀង​ស្រី​រូប​នេះ ក៏​មាន​ឪពុក​ចិញ្ចឹម​សញ្ជាតិ​ស្វីស​មួយ​រូប​ផង​ដែរ​ ដែល​មាន​ឈ្មោះ​ថា Marco Brueschweiler។ លោក​គឺ​ជា​មេ​ចុងភៅ​ដ៏​ល្បី​មួយ​រូប ហើយ​ក៏​ជា​អ្នក​ជំនាញ​ផ្នែក​អាហារ​ថៃ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត លោក​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ ស្ដេច​ចុងភៅ​សកល ពី​សមាគម​មេ​ចុងភៅ​ពិភពលោក។

៣. Lisa ចូលរួម​កម្មវិធី​ជា​ច្រើន តាំង​​ពី​តូច

ក្រោយ​ពី​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ល្បី​មួយ​រូប Lisa បាន​ចុះ​ឈ្មោះ​ចូលរួម​​កម្មវិធី​ប្រកួត​រាំ និង​ច្រៀង​ជា​ច្រើន។ ក្រោយ​មក នាង​ក៏​បាន​ជាប់​ឈ្មោះ​ជា​តំណាង​របស់​សាលា ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជា​ច្រើន ហើយ​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ច្រើន​គួរ​សម​ដែរ។

៤. ក្លាយ​ជា​អ្នក​ហាត់​ការ​ប្រចាំ​ផលិតកម្ម YG ក្នុង​វ័យ​ត្រឹម ១៤ ឆ្នាំ

ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​កម្មវិធី​ប្រកួត​ជា​ច្រើន Lisa បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ចូល​ផលិតកម្ម​យក្ស YG នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ ២០១០ ហើយ​នាង​គឺ​ជា​បេក្ខជន​មួយ​រូប​គត់​ដែល​ត្រូវ​បាន​ជ្រើសរើស។ ក្នុង​វ័យ​ត្រឹម​តែ ១៤ ឆ្នាំ តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ហ្វឹកហាត់​ក្រោម​ផលិតកម្ម​មួយ​នេះ​អស់​រយៈពេល ៥​ឆ្នាំ និង ៣ ខែ រហូត​បាន​ក្លាយ​ជា​សមាជិក​ក្រុម BLACKPINK ក្នុង​ឆ្នាំ ២០១៦។

៥. បង្ហាញ​វត្តមាន​ក្នុង​វីដេអូ​ចម្រៀង​របស់ផលិតកម្ម YG មុន​ចូល​ប្រឡូក​សិល្បៈ

ប្រិយមិត្ត​ប្រាកដ​ជា​មិន​បាន​ដឹង​ទេ​ថា តារា​ចម្រៀង Lisa បាន​បង្ហាញ​វត្តមាន​ក្នុង​វីដេអូ​បទ "Ringa Linga” របស់​តារា​ចម្រៀង Taeyang នោះ។ ក្នុង​វីដេអូ​នោះ Lisa បាន​បង្ហាញ​ខ្លួន​ដោយ​អម​ជាមួយ​តារា​ចម្រៀង Bobby. BI និង Minho។

៦. សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ ដោយ​គ្មាន​ការ​វះកាត់

ក្រោយ​សម្រេច​ចិត្ត​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម YG ក្នុង​ឆ្នាំ ២០១៣ តារា​ចម្រៀង​រូប​នេះ បាន​ទទួល​យក​ចំណុច​មួយ ដោយ​មិន​ទទួល​យក​ការ​វះកាត់​កែ​សម្ផស្ស​ជា​ដាច់​ខាត។ ទាំង​នេះ អាច​បញ្ជាក់​បាន​ថា តារា​ស្រី​រូប​នេះ ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ តាំង​ពី​រូប​នាង​នៅ​ក្មេង​មក​ម្ល៉េះ។

៧. ជា​មិត្ត​ល្អ​ជាមួយ​សមាជិក​ក្រុម​ល្បី​ផ្សេង​ទៀត​តាំង​ពី​នៅ​តូច

តាំង​ពី​នៅ​ក្មេង​វ័យ តារា​ចម្រៀង​Lisa បាន​ក្លាយ​ជា​មិត្ត​ល្អ​ជាមួយ​តារា​ចម្រៀង Bambam (សមាជិក​ក្រុម GOT7) និង Ten (សមាជិក​ក្រុម NCT) ដែល​កាល​នោះ ពួកគេ​បាន​ចូលរួម​កម្មវិធី​ប្រកួត "We Zaa Cool” ជាមួយ​គ្នា។ ក្រៅ​ពី​តារា​ប៉ុន្មាន​រូប​​នេះ Lisa ក៏​ជិត​ស្និទ្ធ​ជាមួយ​តារា​ចម្រៀង Sorn (សមាជិក​ក្រុម CLC) និង Minnie (សមាជិក​ក្រុម (G) I-DLE) ផង​ដែរ។

៨. អាច​និយាយ​បាន ៤ ភាសា

មិន​ត្រឹម​តែ​មាន​រូបរាង​ស្រស់​ស្អាត រាំ​ឡូយ និង​ច្រៀង​ពីរោះ​ប៉ុណ្ណោះ​ទេ Lisa ថែម​ទាំង​អាច​និយាយ​បាន ៤ ភាសា​ទៀត​ផង។ ក្រៅ​ពី​ភាសា​កំណើត (ភាសា​ថៃ) Lisa អាច​និយាយ​ភាសា​អង់គ្លេស កូរ៉េ និង​ជប៉ុន​បាន​យ៉ាង​ល្អ។

៩. ជា​តារា​សញ្ជាតិ​ថៃ​ដំបូង ដែល​មាន​វត្តមាន​លើ​ផ្ទាំង​​កញ្ចក់ Billboard ក្នុង​ទីក្រុង​ញូវយ៉ក

ជា​តារា​ម្នាក់​ឡិកឡក់​គួរ​ឲ្យ​ស្រឡាញ់ ប្រាកដ​ណាស់​ថា Lisa ទទួល​ការ​ស្រឡាញ់​ពី​សំណាក់​អ្នក​គាំទ្រ​ស្ទើរ​ពាសពេញ​ពិភពលោក។ ជាក់​ស្ដែង នៅ​កណ្ដាល Times Square អ្នក​គាំទ្រ​ក្រុម Black Pink (Blink) បាន​ជួល​ផ្ទាំង​កញ្ចក់ billbaord ដាក់​រូប​តារា​ចម្រៀង Lisa ដើម្បី​ជា​ចំណង​ដៃ​ថ្ងៃ​ខួប​កំណើត​ ២១ ឆ្នាំ​របស់​នាង។

១០. តារា​ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ ២ មាន​ចំនួន​អ្នក​តាមដាន​ច្រើន​ជាង​គេ​លើ Instagram

ក្នុង​រយៈពេល​ត្រឹម​តែ ៣ ខែ​ក្រោយ​បើក​គណនី Instagram របស់​នាង​ជា​ផ្លូវ​ការ Lisa ទទួល​បាន​អ្នក​ចុច​តាមដាន​រហូត​ដល់ ៨,៥ លាន​នាក់ ដែល​ចំនួន​នេះ ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​ថៃ​មួយ​រូប​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​តារា​សម្ដែង Aum Patcharapa៕

​​


ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា