ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក៖​ ជ័យជម្នះ​លេខ២​នៅ​អាមេរិក​ មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​កម្ពុជា​

  • 2018-10-11 09:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ ថា​ជ័យជម្នះ​របស់​ សាលី​ អ៊ូមើត​ នៅ​ឯ​សហរដ្ឋអាមេរិក​ ពិត​ជា​មាន​សារសំខាន់​ និង​មាន​អត្ថន័យ​ធំធេង​ណាស់​ សម្រាប់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។​

ឯកឧត្ដម​ ណុះ​ ស្លេះ​ ប្រធាន​សហព័ន្ធ

ឯកឧត្ដម​ ណុះ​ ស្លេះ​ ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​មាន​ពេល​​វេលា​មិន​ច្រើន​សម្រាប់​ឲ្យ​កីឡាករ​ត្រៀម​ខ្លួន​ និង​ហ្វឹកហាត់​ក៏​ដោយ​ ប៉ុន្តែ​ដាច់​ខាត់​មិន​បោះបង់​ឱកាស​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​នោះ​ឡើយ។​ ព្រោះ​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​នេះ​ វា​បាន​បញ្ជាក់​ពី​ការ​មាន​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ជា​ផ្លូវ​ការ​ និង​បង្ហាញ​វត្តមាន​កម្ពុជា​ពី​ពេល​នេះ​តទៅ​ ថា​កម្ពុជាមាន​ប្រភេទ​កីឡា​មួយ​នេះ​ដូច​គេ​ដូច​ឯង​ហើយ។​

កីឡាករ សាលី អ៊ូមើត

បើ​ទោះ​ជា​កីឡាករ​ សាលី​ អ៊ូមើត​ បាន​ត្រៀម​ខ្លួន​តិចតួច​ក្ដី​ ប៉ុន្តែ​សហព័ន្ធ​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​រក​ជ័យជម្នះ​ជូន​កម្ពុជា​ ហើយ​វា​ពិត​ដូច​ទៅ​និង​ការ​រំពឹង​ទុក​មែន​ ពោល​ឈ្នះ​មេដាយ​ប្រាក់​(លេខ២​)កម្រិត​ពិភពលោក។​ ក្នុង​នាម​សហព័ន្ធ​ពិត​ជា​មាន​មោទនភាព​ណាស់​ ដែល​កីឡាករ​របស់​ខ្លួន​អាច​ធ្វើ​បាន​ល្អ​ មាន​សមត្ថភាព​កម្រិត​ពិភពលោក​ដូច​នេះ។​ ជ័យជម្នះ​មួយ​នេះ​ ពិត​ជា​បាន​ធ្វើ​ឲ្យ​ពិភពលោក​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​ក្នុង​វិស័យ​កីឡា​ម៉ូតូ​ទឹក​នេះ​បាន​ស្គាល់​ពី​កម្ពុជា​ បាន​ស្គាល់​ពី​សក្ដានុពល​កីឡាករ​កម្ពុជា​ និង​ភាព​រីកចម្រើន​ សុខសាន្ត​ ការ​អភិវឌ្ឍន៍​ប្រទេស​មួយ​នេះ​ផង​ដែរ។​

រូបចាស់

ស្ថាបនិក​សហព័ន្ធ​ខាង​លើ​នេះ​បន្ថែម​ថា​ តាម​រយៈ​ជ័យជម្នះ​ធំធេង​របស់​កីឡាករ​កម្ពុជា​ទាំង​ពីរ​លើក​ថ្មីៗ​នេះ​ ក៏​មិន​ភ្លេច​នោះ​ដែរ​ ការ​លើក​ទឹក​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​ តេជោ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដែល​តែងតែ​លើក​ទឹក​ចិត្ត​ដូច​ជា​ផ្ដល់​ថវិកា​ និង​សម្រួល​ឲ្យ​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​នានា​ផង​ដែរ។​

សម្ដេច តេជោ និង សាលី អ៊ូមើត

បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា​ សាលី​ អ៊ូមើត​ ទទួល​បាន​លេខ២​ មេដាយ​ប្រាក់​ កម្រិត​ពិភពលោក​លើ​វិញ្ញាសា​ Ski Modified​ នៅ​ឯ​សហរដ្ឋអាមេរិក​ កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ​២០១៨​ នា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​ កីឡាករ​ឆ្នើម​ខាង​លើ​នេះ​នឹង​មក​ដល់​កម្ពុជា​ក្នុង​ថ្ងៃ​ទី១២​ ខែ​តុលា​ ២០១៨​ ប្រហែល​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ ហើយ​ក៏​មាន​ការ​ទទួល​ស្វាគមន៍​ពី​សំណាក់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ផង​ដែរ៕​


អត្ថបទ៖ នួន ស៊ីណា​