ចាប់ផ្តើមហើយ ៣ថ្ងៃប៉ុណ្ណោះ «ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៨» នៅកោះ​ពេជ្រ ទៅគាំទ្រទាំងអស់គ្នា

  • 2018-10-11 05:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​ពីស្ថាប័ន​ពាក់ព័ន្ធ​ ជា​ច្រើន​លើ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍ កម្ពុជា​អន្តរជាតិ កាល​ពីឆ្នា ២០១៧ ក្រសួង​ទេសចរណ៍​ រួម​សហការ​ជាមួយ​ក្រុមហ៊ុន Slickbooth Holding Co.,Ltd បាន​រៀប​ចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ២០១៨ Cambodia Travel Mart (CTM) លើក​ទី​២ ដែល​ធ្វើ​នៅ​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៣ តុលា​ ២០១៨ នៅ មជ្ឈមណ្ឌល​សន្និសីទ​និង​ពិព័រណ៍​កោះ​ពេជ្យ ភ្នំពេញ។

នេះ​ជា​វេទិកា​ជួប​ជុំ​ ក្នុង​ការ​ធ្វើ​ធុរកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​នានា ដែល​ជា​ប្រភព​ទី​ផ្សារ​គោលដៅ ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា​រួមមាន​អ្នក ទិញ (Buyers) ជាតិ​ និង អន្តរជាតិ ពាណិជ្ជ​ករ​ជា​អ្នក​ផ្តល់​ សេវាកម្ម​ជាតិ​ និង​អន្តរជាតិ (Seller )។ ក្រៅ​ពី​នេះ​ក៏​មា​នការ​ចូលរួម​ស្ថាប័ន​ទេសចរណ៍​ជាតិ​នានា​របស់​ប្រទេស​អាស៊ាន ដើម្បី​ទិញ​លក់​កញ្ចប់​ទស្សនកិច្ច​ នៃ​សេវាកម្ម​ទេសចរណ៍ ផ្លាស់​ប្តូរ​ ចែករំលែក​បទពិសោធន៍ និង​បង្កើត​ភាព​ជា​ដៃ​គូ​ក្នុង​ធុរកិច្ច​ជាមួយគ្នា​ សំដៅ​អភិវឌ្ឍ​វិស័យ​ទស​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។

ព្រឹត្តិការណ៍​នេះ​មាន​កម្មវិធី​សំខាន់ៗ​ជា​ច្រើន​ដូចជា ៖ ការ​ណាត់​ជួប​ពិភាក្សា​ធុរៈកិច្ច​តាម​ប្រព័ន្ធ​ online, សិក្ខាសាលា​អំពី​ប្រធាន​បទ​ផ្សេងៗ ពាក់ព័ន្ធ និង​វិស័យ​ទេសចរណ៍ ដំណើរ​កម្សាន្ត​ និង​ការ​ដាក់​តាំង​បង្ហាញ​អំពី​ផលិតផល​ និង​សេវាកម្ម​ទេសចរណ៍​នានា​។

ពិព័រណ៍ CTM ២០១៨ នេះ ទទួល​បាន​អ្នក​ផ្តល់​សេវាកម្ម​ (Sellers) ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង ៥០០នាក់​ ពាណិជ្ជ​ករ​ជា​អ្នកទិញ (Buyers) អន្តរជាតិ ប្រមាណ​ជាង ១៥០នាក់​ និង សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ ប្រមាណ ៣០នាក់​ ផង​ដែរ។

ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​ដ៏​ធំ​សម្បើម​ប្រចាំ​ឆ្នាំ​នេះ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តាល​សមាគម​ពាក់​ព័ន្ធ​ដូចជា សហព័ន្ធ​ទេសចរណ៍​កម្ពុជា​ សមាគម ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ សមាគម​សណ្ឋាគារ​កម្ពុជា​ សមាគម​ភោជនីយដ្ឋាន កម្ពុជា​ និង​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិច​ផង​ដែរ។

«​ក្នុង​ឆ្នាំ ២០១៧ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង ៥,៦លាននាក់​កើនឡើង​ ១១% ហើយ​រយៈពេល ២ខែដើមឆ្នាំ ២០១៨ កម្ពុជា​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ ១លាននាក់​ កើន​ ១១% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧ ។ យើង​សង្ឃឹម​ក្នុង​ឆ្នាំ​ ២០១៨ ទាំងមូល​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ ៦,១លាននាក់​។ ព្រឹត្តិការណ៍​ពិព័រណ៍ CTM លើកទី២ នៅ​ភ្នំពេញ​នេះ គឺជា​កត្តា​ចលករ​ដ៏​សំខាន់​ រួម​ចំណែក​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​ និង​សម្រេច​បាន​នូវ​គោលដៅ​គ្រោង​ទុក»។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ ថ្លែង​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌​មាន​ស្តី​ពី​ការ​ពិព័រណ៍​ទេសចរណ៍ ២០១៨នេះកាលពីចុងខែ​កន្លងទៅ។

ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍

កម្មវិធី​នានា​ដែល​នឹង​រៀបចំ​ក្នុង​ពិព័រណ៍ CTM លើក​ទី​២​ នេះ​ រួម​មាន

  • នា​ព្រឹក​ថ្ងៃ​ទី​១១ តុលា ​ពិធី​កាត់​ខ្សែ​បូ​បើក​ពិព័រណ៍ CTM លើក​ទី​២​ជា​ផ្លូវការ និង​ការ​ធ្វើ​បទ​បឋក​ថា បទ​បង្ហាញ​នានា​ពី​វាគ្មិន​ជាតិ-អន្តរជាតិ និង​អ្នក​ជំនា​ញល្បី​ៗ​លើ​ពិភពលោក។

  • សិក្ខា​មួយ​ស្ដី​ពី ទី​ផ្សារ​ឌី​ជីថល (Digital Marting) ក្នុង​វិស័យ​ទេសចរណ៍។

  • យប់​ថ្ងៃ​ទី​១១ តុលា មាន​ពិធី​ជប់​លៀង​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូកេត្រ​។ ក្នុង​ពិធី​នេះ​ ក៏​មាន​ការ​ជូន​រង្វាន់​ដល់​ក្រុមហ៊ុន​ទេសចរណ៍​ដែល​មាន​ស្នាដៃ​ល្អ ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​លើ​វិស័យ​ទេសចរណ៍ និង​ទី​ភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​រៀប​ចំ​កញ្ចប់​ទស្សនកិច្ច​ជូន​ភ្ញៀវ ប្រកប​ដោយ​ការ​ពេញ​ចិត្ត​ខ្ពស់ និង​ការ​ជូន​រង្វាន់​ដល់​រមណីយដ្ឋាន​គំរូ​ផង​ដែរ។

  • ​ថ្ងៃ​ទី​១៣ តុលា ២០១៨ នឹង​មាន​ពីធី​​បិទ​ព្រឹត្តិការណ៍​ពិព័រណ៍ CTM លើក​ទី២​នេះ​៕

ដោយ៖​ ដេត លីដា