ឯកឧត្ដម រុន រ័ត្នវាសនា៖ នគរបាលពិន័យប្រាក់ជនជាតិចិន មិនប្រក្រតី ប្រឈមទោសរដ្ឋបាល ឬអាចដកតំណែង
- 2018-10-11 07:37:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម រុន រ័ត្នវាសនា៖ នគរបាលពិន័យប្រាក់ជនជាតិចិន មិនប្រក្រតី ប្រឈមទោសរដ្ឋបាល ឬអាចដកតំណែង
ចន្លោះមិនឃើញ
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលចរាចរណ៍នៅខេត្តព្រះសីហនុមួយរូប បានផាកពិន័យលើអ្នកបើកបរជនជាតិចិន ដែលអាចខុសនីតិវិធី ប្រឈមនឹងទោសពិន័យរដ្ឋបាល, ដកស័ក្ដិ និង ត្រូវបណ្ដេញចេញពីតួនាទី ប្រសិនបើរកឃើញមានកំហុសមែននោះ។
ចុចអាន៖ បន្តិចទៀត! ត្រឹម ១០វិនាទី សមត្ថកិច្ចអាចរកឃើញផ្ទះអ្នកល្មើសច្បាប់ចរាចរណ៍
ប្រតិកម្មរបស់ ឯកឧត្តម រុន រ័ត្នវាសនា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូមួយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហោះរូបភាព នគរបាលចរាចរណ៍ម្នាក់បានផាកពិន័យអ្នកបើកបរជនជាតិចិន ចំនួន១០០ដុល្លារ ដោយចរចានៅសល់ត្រឹម ៥០ដុល្លារ ដោយមិនបានចេញវិក្កយបត្រ ដែលផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦។
ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា បានប្រាប់ Sabay នៅមុននេះថា "ចំណុចទី០១ ខ្ញុំអត់ចេះស្ដាប់ភាសាចិនមិនដឹងខុសអី តែបើផាករឿងអត់ខ្សែក្រវ៉ាត់ មិនមែនតម្លៃហ្នឹងទេ តែបើផាកអត់មានបណ្ណបើកបរគឺ ៤០ម៉ឺនរៀល ប្រភេទរថយន្តធន់ស្រាល រថយន្តធន់ធ្ងន់ ៨០ម៉ឺនរៀល។ ចឹងការបកប្រែនៅតាមបណ្ដាញសង្គមថា ចិនជិះខុសអត់ដាក់ខ្សែក្រវ៉ាត់ហ្នឹង ខ្ញុំអត់ច្បាស់ ព្រោះខ្ញុំអត់ចេះភាសាចិនហ្នឹង!”។
ទោះយ៉ាងណាក៏ដោយ ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ថា បើទោះជនជាតិចិនបើកបរមិនមានបណ្ណបើកបរ ហើយការផាកពិន័យជាប្រាក់ត្រឹមក្ដី ក៏ខុសនឹងគោលការណ៍ ដែលការផាកពិន័យត្រូវចេញវិក្កយបត្រឲ្យបានត្រឹមត្រូវ ដែលផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦។ យ៉ាងណាក៏ដោយ ឯកឧត្ដមថា ស្នងការខេត្តកំពុងធ្វើការរឿងនេះ ព្រោះមិនអនុញ្ញាតឲ្យមានការប្រព្រឹត្តិខុសឆ្គងនោះឡើយ។
ចំពោះទោសទណ្ឌលើមន្ត្រីនគរបាល ឯកឧត្តម រុន រ័ត្នវាសនា បញ្ជាក់ថា នគរបាលរូបនេះអាចប្រឈមនឹងពិន័យរដ្ឋបាល ដកស័ក្ដិ ឬ បណ្ដេញចេញ នៅពេលរកឃើញកំហុសពិតប្រាកដ។
វីដេអូដែលផ្ទុះនៅលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ គឺមន្ត្រីនគរបាលចរាចរណ៍ខេត្តព្រះសីហនុម្នាក់ បាននិយាយភាសាចិន ទារប្រាក់អ្នកបើកបរជនជាតិក្នុងទំហំទឹកប្រាក់ ១០០ដុល្លារ។ អ្នកប្រើប្រាស់បណ្ដាញសង្គមបានសរសេរភ្ជាប់ឃ្លាថា ការផាកពិន័យនោះ លើសគោលការណ៍កំណត់ ដែលត្រឹមបទល្មើសអត់មានខ្សែក្រវ៉ាត់ គឺត្រឹមតែ ២៥ ០០០ រៀលប៉ុណ្ណោះ។