មិននឹកស្មាន នាង វ៉ាន់សាន់ ឆ្លងកាត់រឿងរ៉ាវលំបាកក្នុងជីវិតរាប់ភ្លេច មុនល្បីឈ្មោះដូចបច្ចុប្បន្ន

  • 2018-10-11 07:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

មុន​មាន​ឈ្មោះ​ជា​ពិធី​ករ​ល្បី​ល្បាញ​នៅ​ទូរទស្សន៍​​ហង្ស​មាស​ដូច​បច្ចុប្បន្ន​នេះ​​​កំលោះ​សង្ហា នាង វ៉ាងសាន់ បាន​ពុះពារ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​មិន​ដែល​រា​ថយ​​ម្ដង​ណា​ឡើយ ដើម្បី​សម្រេច​ក្ដី​បំណង​ដែល​ខ្លួន​ស្រឡាញ់​តាំង​​ពី​កុមារភាព។

នាង វ៉ាងសាន់ ថា លោក​​បាន​ចាកចេញ​ពី​ស្រុក​កំណើត​​ចោល​​លោក​ឪពុក​អ្នក​ម្ដាយ ព្រម​ទាំង​​សាច់​ញាតិ​បង​ប្អូន​​​នៅ​ឆ្នាំ​ ២០០៧ ដើម្បី​មក​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ស្ពាន​តារា របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។ តែ​គួរ​ឲ្យ​​ស្ដាយ​លោក មិន​បាន​ទទួល​ជោគជ័យ​ពី​ការ​ប្រកួត​​នេះ​ទេ ដោយ​សារ​តែ​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ផ្នែក​សិល្បៈ​នា​ពេល​កន្លង​មក។

ទោះ​បី​ជា​មិន​បាន​ជោគជ័យ​ក្ដី នាង វ៉ាងសាន់ មិន​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ ​ផ្ទុយ​ទៅ​វិញ​លោក បែរ​ជា​​យក​ភាព​បរាជ័យ​លើក​ទី​១​​មក​ធ្វើ​ជា​បទ​ពិសោធន៍​ ដើម្បី​​សម្រេច​គោល​ដៅ​នៅ​ថ្ងៃ​អនាគត។ ដោយ​លោក​បាន​ទៅ​ចូល​រៀន​​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​សិល្បៈ​​រយៈ​ពេល​ ២​ឆ្នាំ​នៅ​សាលា​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ពេល​វេលា​​​នៃ​ការ​ក្រប​យក​ចំណេះ​ដឹង​នូវ​ជំនាញ​​ដែល​ខ្លួន​ស្រឡាញ់​​រយៈ​ពេល​២ ឆ្នាំ​នេះ​ នាង វ៉ាន់សាន់ បាន​ឆ្លង​កាត់​​នូវ​រឿង​រ៉ាវ​​មាន​ពេល​ខ្លះ​លោក ត្រូវ​ដើរ​ស៊ី​ឈ្នួល​បោក​កម្រាល​ពូក នៅ​តាម​សណ្ឋាគារ ផ្ទះ​សំណាក់ និង​​រត់​តុ​តាម​ភោជនីយដ្ឋាន​​​មួយ​ចំនួន​។ ដើម្បី​បាន​កម្រៃ​បន្តិច​បន្តួច​យក​មក​ចិញ្ចឹម​ក្រពះ​​និង ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​ជា​ដើម។​​​​​​​

នាង វ៉ាងសាន់ ថា៖" បាទ​អូន​បង​តស៊ូ​ច្រើន​ឆ្នាំ​ណាស់​ទម្រាំ​មាន​ឡាន​ជិះ ក្លាយ​ជា​ពិធី​ករ​ដូច​សព្វ​ថ្ងៃ​នេះ ហើយ​បង​ក៏​មិន​នឹក​ស្មាន​ថា​​មាន​ថ្ងៃ​នេះ​ដែរ ព្រោះ​យើង​តស៊ូ​វា​ច្រើន​ឆ្នាំ​ហើយ​ក្នុង​សិល្បៈ។ តែ​ការ​តស៊ូ​មិន​បាន​ធ្វើ​ឲ្យ​បង​ខក​បំណង​ទេ នៅ​ទី​បំផុត​ហង្ស​មាស បាន​មើល​ឃើញ​សមត្ថភាព​បង ក៏​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ពិធី​ករ​ប្រចាំ​ប៉ុស្តិ៍​តែ​ម្ដង​ទៅ"។

កំលោះ​សង្ហា នាង វ៉ាងសាន់ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ស្ពឺ មាន​បង​ប្អូន​៧ នាក់។ រូប​គេ​​ជា​កូន​ទី៤​ក្នុង​គ្រួសារ ឯ​​ឪពុក​​របស់​លោក​បាន​ទទួល​មរណភាព​​បច្ចុប្បន្ន​នៅ​តែ​អ្នក​ម្ដាយ​ទេ៕​​​​

​​


អត្ថបទ៖ ឆុង ស៊ីណាន