៩ ចំណុច ​ទិញ​ត្រឹម iPhone XR មិន​ខុស​ទេ មិន​បាច់លោត​ដល់ XS ឬ​ XS Max ចំណេញ​លុយ​ ប្រើ​បានកប់​ដូច​គ្នា

  • 2018-10-12 02:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ចេញ​ iPhone បី​ម៉ូដែល​ឆ្នាំ​នេះ។​ iPhone XS និង​ XS Max បាន​ចេញ​នៅ​​ថ្ងៃ​ទី​ ២១ ខែ​កញ្ញា​ ហើយ​ម៉ូដែល​មួយ​ទៀត​ iPhone XR នឹង​ចេញ​បន្ត​នៅ​ថ្ងៃ​ទី​ ២៦ ខែ​តុលា​ ជាមួយ​ការ​កុម្ម៉ង់​ទុក​មុន​នៅ​ថ្ងៃ​ទី​ ១៩ ខែ​តុលា​។

១) មាន​តម្លៃ​ធូរ​ជាង​

តម្លៃ​ជា​ចំណុច​ពិចារណា​ធំ​មួយ​សម្រាប់​មនុស្ស​ភាគច្រើន​ ពេល​ជ្រើសរើស​ iPhone។

  • iPhone XR តម្លៃ 749 ដុល្លារ​ (បរទេស) ជាមួយ​ទំហំ​ Storage 64GB និង​ 899 ដុល្លារ​ (បរទេស) សម្រាប់​ទំហំ​ Storage 256GB។

  • iPhone XS តម្លៃ​ 999 ដុល្លារ​ (បរទេស) ទំហំ​ Storage 64GB និង​ 1 349 ដុល្លារ (បរទេស) សម្រាប់​ទំហំ​ Storage 512GB។

  • iPhone XS Max តម្លៃ​ 1 099 ដុល្លារ​ (បរទេស) ទំហំ​ Storage 64GB និង​ 1 449 ដុល្លារ​ (បរទេស) សម្រាប់​ទំហំ​ Storage 512GB។

តើ​អ្នក​ពិត​ជា​ត្រូវការ​ទំហំ​រក្សាទុក​ដល់​ទៅ​ 512GB សម្រាប់​ទូរសព្ទ​មែន​ទេ​?

២) មាន​ជម្រើស​ច្រើន​ពណ៌​

iPhone XS និង​ XS Max មក​មាន​បី​ពណ៌​ ទឹកប្រាក់​ ប្រផេះ​ និង​មាស​ ខណៈ​ iPhone XR មាន​ពណ៌​ដល់​ទៅ​ ៦ រួម​មាន​ខ្មៅ​ សរ​ លឿង​ ក្រហម​ ខៀវ​ និង​ផ្កាឈូក​កាត់​ទឹក​ក្រូច​ (Coral)។

៣) មាន​អេក្រង់​ធំ​ជាង​ iPhone XS

iPhone XR មាន​អេក្រង់​ប្រភេទ​ LCD 6.1អ៊ីង​ ធំជាង បើ​ប្រៀប​នឹង​អេក្រង់​ប្រភេទ​ OLED 5.8អ៊ីង​លើ​ iPhone XS។

៤) មាន​កាមេរ៉ា​មុខ​ល្អ​ដូច​នឹង​ iPhone XS ដែរ​

ម៉ូដែល​ទាំង​បី​ មាន​កាមេរ៉ា​មុខ​ 7 Megapixels រួម​ជា​មួយ​ប្រព័ន្ធ​ TrueDepth Camera របស់​ Apple សម្រាប់​ Face ID ដូចគ្នា​។ ក្នុង​នោះ​ក៏​មាន​ Portrait Mode, ថត​វីដេអូ​កម្រិត​ 1080p HD, Smart HDR សម្រាប់​ Photos រួម​ទាំង​ Animoji។

៥) មាន​ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​ដូច​នឹង​ iPhone XS

ម៉ូដែល​ទាំង​បី​មាន​កាមេរ៉ា​ក្រោយ​ប្រភេទ​ Wide-angle lens ទំហំ​ 12 Megapixels ដូចគ្នា​ រួម​ជាមួយ​មុខងារ​ល្អ​ៗ ដូចជា​មុខងារ​ទប់​លំនឹង​ (Optical Image Stabilization), Smart HDR, Portrait mode និង​ច្រើន​ទៀត​។ អ្វី​ដែល​ខុសគ្នា​ត្រង់​សមត្ថភាព​ពង្រីក​។

iPhone XR មិន​មាន​ Telephoto Lens នោះ​ទេ​ ដូចនេះ​អាច​ពង្រីក​ (Digital Zoom) បាន​ត្រឹម​ 3x ខណៈ​ iPhone XS និង​ XS Max មាន​ Telephoto lens អាច​ពង្រីក​ (Optical Zoom) 2x និង​ 6x (Digital Zoom)។

៦) ប្រើ​ Chip ដូចគ្នា​នឹង​ iPhone XS

ម៉ូដែល​ទាំង​បី​សុទ្ធតែ​ប្រើ​ Chip A12 Bionic ថ្មី​របស់​ Apple ដែល​មាន​ CPU 6 Cores, GPU 4 Cores និង​ Neural Engine ជំនាន់​បន្ទាប់​។​ បើ​ប្រៀប​នឹង​ Chip A11 Bionic បំពាក់​លើ​ iPhone X ឆ្នាំ​មុន​ ដែល​អាច​ប្រតិបត្តិការ​ 600 ពាន់​លាន​ក្នុង​មួយ​វិនាទី​ ខណៈ​ Chip A12 Bionic អាច​ប្រតិបត្តិការ​ច្រើន​ជាង​ក្នុង​ចំនួន​ដ៏​លើស​លប់​ (5 Trillion) ក្នុង​មួយ​វិនាទី​។

៧) ថ្ម​ប្រើ​បាន​យូរ​ជាង​ iPhone XS

iPhone X ឆ្នាំ​មុន​សាក​មួយ​ដង​ អាច​ប្រើ​បាន​ ១២ ទៅ​ ១៣ម៉ោង​។ iPhone XS បន្ថែម​ ៣០ នាទី​ពី​លើ​ ខណៈ​ XS Max បន្ថែម​ ៩០នាទី​ពី​លើ​ iPhone X។ iPhone XR សាក​មួយ​ដង​ អាច​ប្រើ​បាន​ច្រើន​ម៉ោង​ពី​ ១៥ ទៅ​ ១៦ម៉ោង​ កន្លះ​។

៨) មាន​ប្រព័ន្ធ​ស៊ីម​ពីរ​ដូច​នឹង​ iPhone XS និង XS Max ដែរ

ម៉ូដែល​ទាំង​បី​នេះ​ សុទ្ធតែ​អាច​ប្រើ​ប្រព័ន្ធ​ស៊ីម​ពីរ​បាន​។

៩) ម៉ូដែល​ទាំង​បី​ អាច​ប្រើ​ប្រព័ន្ធ​ Ecosystem របស់​ Apple ដូចគ្នា​

ម៉ូដែល​ទាំង​បី​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS មាន​មុខងារ​ល្អ​ៗ និង​សុវត្ថិភាព​រឹងមាំ​ដូចគ្នា​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ


ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន