មិត្តភាព​ម្សិលមិញ​ ក្រុម​បាល់ទះ​វិសាខា​ខ្មែរ​ ដាក់​ភាគច្រើន​យុវជន​ព្រោះ​...

  • 2018-10-12 02:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​បាល់ទះ​វិសាខា​ថៃ​ ម្សិលមិញ​នេះ​ ក្រុម​ខ្មែរ​ដាក់​ភាគច្រើន​យុវជន​ក្មេងៗ​ច្រើន​នាក់​ ព្រោះ​ចង់​ដឹង​ពី​សមត្ថភាព​ និង​ភាព​រីកចម្រើន​របស់​ពួកគេ​ដើម្បី​ពង្រឹង​ចំណុច​ខ្វះខាត​បន្ថែម​ទៀត។​

ក្រុមទាំងពីរ

លោក​ សាន​ សុក្រិត​ គ្រូ​បង្វឹក​របស់​វិសាខា​ខ្មែរ​ ឲ្យ​ដឹង​ក្រោយ​ប្រកួត​ថា​ ជំនួប​មិត្តភាព​ម្សិលមិញ​នេះ​ គឺ​មិន​ផ្ដោត​ទៅ​លើ​លទ្ធផល​នោះ​ទេ​ ពោល​សំខាន់​គឺ​ចង់​ដឹង​សមត្ថភាព​យុវជន​ថ្មីៗ​ ដែល​កំពុង​ហ្វឹកហាត់​នា​ពេល​បច្ចុប្បន្ន។​ ថា​តើ​ពួកគេ​មាន​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​អ្វី​ខ្លះ​ គួរតែ​ត្រូវ​កែប្រែ​ឲ្យ​ល្អ​ឡើង​វិញ។​

រូបភាពពេលប្រកួត

តាម​រយៈ​ការ​ប្រកួត​ទាំង​៥សឹត​នេះ​ គ្រូ​បង្វឹក​ខាង​លើ​នេះ​ មើល​ឃើញ​ថា​កីឡាករ​ក្មេងៗ​របស់​លោក​ មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដូច​ជា​ ទទួល​សេវា​គេ​មិន​បាន​ល្អ​ និង​ការ​វ៉ៃ​សេវា​ខូច​ច្រើន​ ប៉ុន្តែ​បាល់​សម្លាប់​គឺ​ធ្វើ​បាន​ល្អ​ដូច​គ្នា។​ ចំណែក​ក្រុម​វិសាខា​ថៃ​វិញ​ គេ​ដាក់​មក​លេង​បាន​ល្អ​ស្មើ​គ្នា​តែ​ម្ដង​ ប៉ុន្តែ​នៅ​ចុង​ការ​ប្រកួត​គេ​ចាប់​ផ្ដើម​ ដូរ​កីឡាករ​ចេញ​ខ្លះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រហាក់ប្រហែល​គ្នា​វិញ​ទៅ​និង​ក្រុម​កម្ពុជា។​ ការ​ប្រកួត​មួយ​នេះ​ គឺ​ជា​ដំណើរ​មួយ​សម្រាប់​ស្វែង​រក​កីឡាករ​ល្អ​ៗ​ ជំរុញ​ការ​ហ្វឹកហាត់​យុវជន​ទាំង​នោះ​ដើម្បី​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ឆ្នាំ​២០២៣​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។​

គ្រូបង្វឹកខាងថៃ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​បង្វឹក​តំណាង​វិសាខា​ថៃ​វិញ​ លើក​ឡើង​ដែរ​ថា​ ការ​ប្រកួត​មួយ​នេះ​ពិត​ជា​ល្អ​ណាស់​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​ជា​ពិសេស​ក្រុម​បាល់ទះ​វិសាខា​ខ្មែរ​តែ​ម្ដង​ ព្រោះ​មាន​ភាគ​ច្រើន​យុវជន។​ ចំពោះ​ការ​ប្រកួត​ម្សិលមិញ​នេះ​ កូន​ក្រុម​របស់​លោក​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ឡើយ​ គឺ​លេង​បាន​ល្អ​ តាម​អ្វី​ដែល​លោក​បាន​ប្រាប់​មុន​ការ​ប្រកួត​មក​ម្ល៉េះ។​

ក្រុមទាំងពីរសម្រាកក្រោយប្រកួត

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​បាល់ទះ​វិសាខា​ថៃ​ និង​វិសាខា​កម្ពុជា​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី១១​ ខែ​តុលា​ ឆ្នាំ​២០១៨​ នៅ​បុរី​ហ្រ្គេន​ភ្នំពេញ។​ ក្រុម​ថៃ​យក​ឈ្នះ​វិសាខា​ខ្មែរ​ ៣-២​ ៕​

អត្ថបទ៖ នួន ស៊ីណា​