អ្នក​បើក​បរ​ម៉ូតូ​ភ្លេច​រឿង​តូចៗនេះ​បើ​ប៉ូលិស​ផាក​ដឹងតែ​អស់​បាយ​ព្រឹក​មិនខាន

  • 2018-10-12 02:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើក​បរ​ម៉តូ​មួយ​ចំនួន​ទំនង​ជា​មិន​បាន​ដឹង​ទេ​ថា​ចំណុច​តូចៗមួយ​ចំនួន​ដែល​ខ្លួន​មិន​ចាប់​អារម្មណ៍​ឬភ្លេច​នោះ អាច​នឹង​ត្រូវ​មន្ត្រី​នរគរបាល​ចរាចរណ៍​ផាក​ពិន័យពី​១៥ ០០០​រៀល ទៅដល់​២៥ ០០០​រៀល​។

មួក​សុវត្ថិភាព៖ តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក អនុញ្ញាត​ឲ្យ​ម៉ូតូ​មួយ​គ្រឿង​ផ្ទុក​មនុស្ស​តែ បី​នាក់​ប៉ុណ្ណោះ​ក្នុង​នោះ​មាន​អ្នក​បើក​បរ​ម្នាក់ អ្នក​ជិះ​ពី​ក្រោយ​ម្នាក់ និង​កុមារ​ម្នាក់។ ទាំងអ្នក​បើក​បរ​និង​អ្នក​រួម​ដំណើរ​តម្រូវ​ឲ្យ​ពាក់​មួក​សុវត្ថិភាព​ទាំងអស់​គ្នា ហើយ​កុមារ​ដែល​រួម​ដំណើរ​ក៏​ត្រូវ​ពាក់​មួយ​សុវត្ថិភាព​ដូច​គ្នា​បើ​កុមារ​នោះមានអាយុចាប់ពី​បី​ឆ្នាំ​ឡើង​ទៅ។

ចំពោះអំពើល្មើស​នឹង​ត្រូវ​ពិន័យ​តាមមាត្រា៦ នៃ​អនុក្រឹត្យ​ស្តីពីការ​ផាក​ពិន័យ​អន្តរការណ៍​ឆ្នាំ​២០១៥ នូវ​ទឹក​ប្រាក់​១៥ ០០០រៀល ក្នុង​ម្នាក់ ដោយ​ការពិន័យ​នេះ​ត្រូវ​គិត​តាម​ចំនួន​អ្នក​ប្រ​ព្រឹត្ត​លើក​លែង​តែ​កុមារ។

គន្លឹះមួក​សុវត្ថិភាព៖ អ្នក​បើក​បរ​ខ្លះ​ពាក់​មួក​សុវត្ថិភាព​មែន តែមិនបាន​ដាក់​គន្លឹះ​សុវត្ថិភាព​នោះទេ ត្រង់​ចំណុចនេះ​ក៏ច្បាប់​ត្រូវ​ឲ្យ​ពិន័យ​ផង​ដែរ។ មាត្រា​៦​នៃ​អនុក្រឹត្យ​ស្តីពីការ​ផាក​ពិន័យ​អន្តរការណ៍​ឆ្នាំ​២០១៥ ចែង​ថាអ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ណា​មិនបាន​ដាក់​គន្លឹះ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវនឹង​ត្រូវ​ពិន័យ​១៥ ០០០​រៀល ដៅយ​គិត​តាម​ចំនួន អ្នក​ប្រ​ព្រឹត្ត​លើក​លែង​តែ​កុមារ​ដូចគ្នា។

បើក​បរខុស​ទិស​ដែល​តម្រូវឲ្យ​ធ្វើចរាចរណ៍៖​ អ្នក​បើក​បរ​មួយ​ចំនួន​មិន​ថា​ម៉ូតូ ឬរថ​យន្តទេ បាន​បើក​បរ​បញ្រ្ចាស​ទិសដៅ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ចរាចរណ៍នៅ​ពេល​ផ្ទះ​ផ្លូវ ឬ​មិន​ចង់​វៀង​ផ្លូវ​ឆ្ងាយ​ជាដើម​​។ ក្នុង​ករណីនេះ Sabay លើក​យក​តែ ករណី​ម៉ូតូ​ដែលជិះ​បញ្រ្ចាស​ដែល​ត្រូវ​រក​ការ​ផាក​ពិន័យ​ទៅ​តាម​ច្បាប់​។

ត្រង់ចំណុចនេះ មាត្រា៨នៃ​អនុក្រឹត្យ​ស្តីពីការ​ផាក​ពិន័យ​អន្តរការណ៍​ឆ្នាំ​២០១៥ ចែង​ថាអ្នក​បើក​បរ​យានយន្ត​(សម្តៅ​តែលើ​ម៉ូតូ)​ខុស​ទិស​ដែល​តម្រូវ​ឲ្យ​ធ្វើ​ចរាចរណ៍ត្រូវ​ផាក​ពិន័យ​ជាប្រាក់ចំនួន​២៥ ០០០​រៀល។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ក្នុង​ថ្ងៃពិធីបុណ្យភ្ជុំ​បីថ្ងៃឆ្នាំនេះ​មាន​អ្នក​ស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍ចំនួន​២៨​នាក់​ក្នុង​នោះ​អ្នក​ធ្វើដំណើរ​ដោយ​ម៉ូតូ​មិនពាក់​មួក​សុវត្ថិភាព​ចំនួន២១​នាក់​បាន​ស្លាប់៕​

ចុចអាន៖

អត្ថបទ៖ ទូច សុខា