គ្រាន់​តែ​​ភ្ជុំ​ហើយ មាន​ការងារ​សំខាន់២ នឹង​រុញ ឡាយ លក្ខិណា ឲ្យ​ចេញ​ពី​ប្រទេស​ចុង​ខែ​នេះ

  • 2018-10-12 03:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការងារ​សំខាន់​ៗ​ចំនួន ២ ដែល​នឹង​រុញ ឡាយ លក្ខិណា ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កំណើត យ៉ាង​យូរ​ត្រឹម​ចុង​ខែ​តុលា​នេះ​ប៉ុណ្ណោះ ឆ្ពោះ​ទៅ​ទឹក​ដី​ប្រទេស​កាណាដា​ជា​លើក​ទី​១។

ការងារ​សំខាន់​ទាំង​ពីរ​នោះ​មាន ទី​១ ការ​ចេញ​មុខ​តាម​កម្មវិធី​សំខាន់​ៗ​នៅ​តាម​សហគមន៍​ដែល​មាន​ខ្មែរ​រស់​នៅ ដើម្បី​បម្រើ​អារម្មណ៍​អារម្មណ៍​ពួក​គេ​ក្រោយ​បុណ្យ​ភ្ជុំ ដូច​ដែល​សិល្បករ​ខ្មែរ​ផ្សេង​ទៀត ធ្លាប់​ធ្វើ​ដែរ។ ដោយ​ឡែក​ការងារ​ទី​២ គឺ​នាង​នឹង​ត្រូវ​ទៅ​ចូល​រួម​ថត​វីដេអូ​ចម្រៀង​ថ្មី​ ឲ្យ​ផលិតករ​នៅ​បរទេស​មួយ​ទៀត​ផង ហើយ​នាង គឺ​ជា​សិល្បការិនី​ទៅ​ពី​កម្ពុជា​តែ​ម្នាក់​គត់ ក្នុង​ការងារ​ខាង​លើ ក្រោម​ម្ចាស់​ឧបត្ថម្ភ​តែ​មួយ។

“ក្រុមហ៊ុន​នៅ​កាណាដា ដែល​គាត់ Sponsor ខ្ញុំ​ទៅ​ហ្នឹង គឺ​គាត់​មាន​ផលិតកម្ម ផលិត​ជា MV ជា​ស្ប៉ត​ពាណិជ្ជកម្ម និង​ចម្រៀង​ដែរ ហើយ​គាត់​បាន​អញ្ជើញ​នាង​ខ្ញុំ​ទៅ​ថត MV ច្រៀង​ជាមួយ​អ្នក​ចម្រៀង​នៅ​កាណាដា​ផ្សេង​ៗ​ទៀត"។

មិន​ទាន់​ដឹង​នៅ​ឡើយ ពី​ចំណង​ជើង​បទ​ចម្រៀង​ដែល ឡាយ លក្ខិណា ត្រូវ​ហោះ​ពី​ប្រទេស​កំណើត​ទៅ​ថត និង​ច្រៀង​នោះ។ ប៉ុន្តែ​សាមី​ខ្លួន​បង្ហើប​ថា ចម្រៀង​ទាំង​អស់ មាន​ចំនួន​២​បទ ទី​១​បទ​ខ្មែរ​ ជា​បទ​របស់​នាង​ផ្ទាល់ និង​បទ​ទី​២​ជា​បទ​ភាសា​បារាំង ហើយ​នាង​ក៏​ច្រៀង​ក្នុង​នេះ ជា​ភាសា​បារាំង​ខ្លះ​ៗ​ដែរ។

ប្រសិន​បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ ឡាយ លក្ខិណា នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ ២២ ខែ​តុលា​ខាង​មុខ ។ នេះ​ជា​បេសកកម្ម​ទៅ​បរទេស​លើក​ទី១ ចាប់​តាំង​ពី​វិល​ត្រឡប់​ចូល​សិល្បៈ​វិញ​កាល​ពី​ឆ្នាំ​មុន។ បើ​ទោះ​មិន​ដឹង​ថា លក្ខខណ្ឌ​អ្វី​ខ្លះ ដែល​ម្ចាស់​ឧបត្ថម្ភ​សម្រេច​ជ្រើស​រើស​នាង​ពី​កម្ពុជា​ទៅ ប៉ុន្តែ លក្ខិណា អះអាង​ថា នាង​រីករាយ​ណាស់ ចំពោះ​ការ​ទទួល​បាន​ឱកាស​ខាង​លើ។

"វា​ជា​លើក​ទី​១ អីចឹង​ខ្ញុំ​សប្បាយ​ចិត្ត និង​ពេញ​ចិត្ត​ណាស់ សម្រាប់​ការ​ចេញ​ទៅ​នេះ...យ៉ាង​ណា​ខ្ញុំ មិន​ទាន់​ដឹង​ថា ធ្វើ​បាន​ប៉ុណ្ណា​ទេ ព្រោះ​ជា​លើក​ទី​១ គ្រាន់​តែ​សង្ឃឹម​ថា បង​ប្អូន​ទាំង​អស់ នឹង​ជួយ​គាំទ្រ​នាង​ខ្ញុំ ហើយ​នាង​ខ្ញុំ​ក៏​នឹង​ខំ​ប្រឹង​​ធ្វើ​ឲ្យ​បាន​ល្អ​ដែរ ដើម្បី​យក​មុខមាត់​ត្រឡប់​មក​ខ្មែរ​វិញ!”។ ឡាយ លក្ខិណា ថ្លែង៕

អត្ថបទ៖ ទារិកា