បវរកញ្ញា​អន្តរជាតិ​កម្ពុជា​២០១៨ ឌី សុ​រះ​ក្ខិ​តា មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​

  • 2018-10-12 04:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត ឌី សុ​រះ​ក្ខិ​តា បវរកញ្ញា​អន្តរជាតិ​កម្ពុជា​២០១៨ ប្រាប់​ពី​គោល​បំណង​ក្នុង​ថ្ងៃ​អនាគត​របស់​ខ្លួន​ថា ​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​ជោគ​ជ័យ​ម្នាក់ ​ដែល​ពេល​នេះ​កញ្ញា​ កំពុង​បោះ​ជំហាន​បណ្ដើរ​ៗ​លើ​វិថី​នេះ​។

កូន​ច្បង​ក្នុង​ចំណោម​បងប្អូន៣នាក់​ បន្ត​ថា ​នាង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញា​បត្រ​នៅ​សាកល​វិទ្យាល័យ​​ភូមិន្ទនីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ផ្នែក​សេដ្ឋកិច្ច។ សព្វ​ថ្ងៃ​កំពុង​បម្រើ​ការ​ងារ​នៅ​ក្រុមហ៊ុន​មួយ​ទាក់​ទង​នឹង​នាំ​ចេញ​​ -ចូល​ទំនិញ ដែល​ធ្វើ​ឲ្យ​បវរកញ្ញា​កម្ពស់ ១៦៥ សង់​ទី​ម៉ែត្រ​ កាន់​តែ​ស្ទាត់​ជំនាញ​លើ​វិស័យ​នេះ។ ​ទោះ​ក្នុង​គ្រួសារ​របស់​ខ្លួន ​មិន​មាន​អ្នក​ណា​ធ្វើ​ជំនួញ ​ដោយ​ឪពុក​ជា​មន្ត្រី​រាជការ ម្ដាយ​ជា​មេ​ផ្ទះ សម្រាប់​មហិច្ឆតា​របស់​ស្រី​ស្អាត​រូប​នេះ ​មិន​ចង់​ក្រាញ​ននៀល​ធ្វើ​ការ​យក​ប្រាក់​ខែ​ពី​គេ​រហូត​ទេ ​ដោយ​ចង់​បើក​របរ​រក​ស៊ី​ដោយ​ខ្លួន​ឯង​ច្រើន​ជាង។​

នៅ​ពេល​និយាយ​ពី​ការ​ប្រឡូក​សិល្បៈ​វិញ ​ស្រី​ស្អាត​រូប​នេះ ក៏​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ថត​ម៉ូដ ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ ​ក្រោយ​​ក្លាយ​ជាបវរកញ្ញា​រង​ទី​១ Miss Grand Cambodia 2018 និង​បវរកញ្ញា​អន្តរជាតិ​កម្ពុជា​២០១៨។ កញ្ញា​បាន​ជម្នះ​រាល់​ឧបសគ្គ ​​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​មាន​ពេល​វេលា​គ្រប់​គ្រាន់​បាន​ហាត់​ដើរ​ម៉ូដ រាំ អំឡុង​ពេល​ប្រឡង ទោះ​មមាញឹក​ខ្លាំង​នឹង​ការងារ​​ក៏​ដោយ។ ចំពោះ​ក្រុម​គ្រួសារ​របស់​សុ​រះ​ក្ខិ​តា ពុំ​មាន​អ្នក​ណា​ជា​អ្នក​សិល្បៈ​ឡើយ ​ហើយ​កម្លាំង​ចិត្ត​ពី​មនុស្ស​ជុំវិញ បាន​ធ្វើ​ឲ្យ​កញ្ញា ​​ហ៊ាន​បោះ​ជំហាន​មក​ប្រកួត​ក្នុង​កម្មវិធី​សម្រស់​ ដែល​កន្លង​មក​ស្រី​ស្អាត​កើត​នៅ​ទី​ក្រុង​ភ្នំពេញ​ មិន​ធ្លាប់​ទាល់​តែ​សោះ។

កញ្ញា ឌី សុ​រះ​ក្ខិ​តា អាច​ប្រើ​ប្រាស់​បាន​២​ភាសា ​គឺ​អង់គ្លេស និង​ខ្មែរ ​ហើយ​កញ្ញា​ក៏​ផ្ដល់​ជា​យោបល់​ថា បើ​នារី​ទាំង​អស់​ចង់​ប្រកួត​ប្រជែង ​ឬ​ចង់​ធ្វើ​អ្វី​ឲ្យ​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយ​ជា​ការពិត ​ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង ​​ក្លាហាន និង​មិន​ត្រូវ​គិត​ថា​ខ្មាស​គេ​នោះ​ទេ៕​ ​

​រូបភាព៖ FB Dy Sorakheta​

អត្ថបទ៖ លឹម សុនា