តាមការស្រាវជ្រាវមួយបង្ហាញថា យុវវ័យនៅកម្ពុជាកំពុងឆ្លងជំងឺម្យ៉ាងពីបណ្ដាញសង្គម

  • 2018-10-12 04:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 124

ចន្លោះមិនឃើញ

តាម​រយៈ​ស្មាតហ្វូន​នៅ​ក្នុង​ដៃ យុវវ័យ​កំពុង​រវល់​នឹង​ការ​បង្ហាញ​រូប​ខ្លួន​ឯង​នៅ​លើ​បណ្ដាញ​សង្គម​។ មួយ​ថ្ងៃ​ៗ​ពួក​គេ​ថត​រូប​ខ្លួន​ឯង បង្ហោះ​នៅ​លើ​អ៊ីនធឺណិត អម​ដោយ​ការ​បក​ស្រាយ​ពី​អារម្មណ៍​របស់​ខ្លួន​។ សកម្មភាព​បែប​នេះ​កាន់​តែ​មាន​ច្រើន​ឡើង​ៗ​នៅ​ក្នុង​សង្គម ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ខ្លាច​យុវវ័យ​ខ្មែរ​ធ្លាក់​ចូល​ក្នុង​បញ្ហា​ចិត្តសាស្ត្រ​មួយ​ហៅ​ថា អត្តស្នេហនិយម ឬ Narcissism​។

រូបតំណាង

នៅ​ក្នុង​គណនេយ្យ Instagram របស់​យុវតី​ម្នាក់ គឺ​រាល់​ពេល​នាង​តែង​ផុស​រូប​ខ្លួន​ឯង ជា​មួយ​នឹង​ការ​បង្ហាញ​អាការ​ផ្សេងៗ បញ្ជាក់​ពី​អារម្មណ៍​របស់​នាង​។ ស្ទើរ​រាល់​កន្លះ​ម៉ោង​ម្ដង នាង​តែង​ឆែក​មើល​រូប​របស់​នាង ដើម្បី​តាម​ដាន​ចំនួន​អ្នក​ចូល​ចិត្ត​បាន​ប៉ុន្មាន មាន​អ្នក​ដាក់​វិចារ​អ្វី​ខ្លះ ហើយ​ចាប់​ផ្ដើម​វាយ​តម្លៃ​ខ្លួន​ឯង​តាម​ប្រការ​ទាំង​អស់​នោះ​។ នាង​ចង់​ឲ្យ​មនុស្ស​ទាំង​ឡាយ​ងាក​មក​ចាប់​អារម្មណ៍​ជាមួយ​នាង ហើយ​ចាត់​ទុក​នាង​ជា​មនុស្ស​សំខាន់​ម្នាក់​ដែល​គ្រប់​គ្នា​ចាំបាច់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​នាង​ច្រើន​ជាង​នរណា​ទាំង​អស់​។ អាការ​ទាំង​នេះ ត្បិត​មិន​បាន​សម្ដែង​ចេញ​ដោយ​ត្រង់​ តែ​នៅ​ក្នុង​ចិត្ត​គឺ​ពិត​ជា​បាន​គិត​មែន​។

មួយ​វិញ​ទៀត នាង​តែង​បញ្ចេញ​មតិ​អវិជ្ជមាន មិន​ទទួល​យក​នូវ​អ្វី​ដែល​ប៉ះ​ពាល់​អារម្មណ៍​របស់​នាង មិន​ថា​ធ្ងន់ ឬ​ស្រាល ហើយ​ចាត់​ទុក​អ្វី​គ្រប់​យ៉ាង ដែល​មនុស្ស​គ្រប់​គ្នា​ធ្វើ ហាក់​មិន​ព្រម​យល់​ពី​អារម្មណ៍​នាង។

សាស្ត្រាចារ្យ ជីន វេង (Jean Twenge) អ្នក​ឯកទេស​ចិត្តវិទ្យា​អាមេរិកាំង

នេះ​ជា​សញ្ញាណ​នៃ​បញ្ហា​ផ្លូវ​ចិត្ត​មួយ​ហៅ​ថា អត្តស្នេហនិយម ឬ Narcissism​។ បើ​តាម​លោក​ស្រី​ សាស្ត្រាចារ្យ ជីន វេង (Jean Twenge) អ្នក​ឯកទេស​ចិត្តវិទ្យា​អាមេរិកាំង ដែល​ជា​អ្នក​ស្រាវ​ជ្រាវ និង​សរសេរ​សៀវភៅ ពាក់​ព័ន្ធ​នឹង Narcissism​។ អ្នក​ចិត្តវិទ្យា​បាន​ឲ្យ​និយមន័យ​ថា ជា​ការ​លង់​ស្រលាញ់​ខ្លួន​ឯង​ខ្លាំង ដោយ​គិត​ថា​មាន​តែ​ខ្លួន​ដែល​សំខាន់​លើស​អ្វីៗ​ទាំង​អស់ គំនិត​របស់​ខ្លួន​គឺ​ត្រឹម​ត្រូវ ហើយ​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ទទួល​យក​។

សាស្ត្រាចារ្យ​ចិត្តវិទ្យា​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សំ ច័ន្ទសុវណ្ណដារ៉ា លើក​ឡើង​ថា «​ការ​ស្រលាញ់​ខ្លួន​ឯង គឺ​ជា​រឿង​ល្អ​មួយ​ដែល​យុវវ័យ​ត្រូវ​មាន ក៏​ប៉ុន្តែ​ការ​ឲ្យ​តម្លៃ​ខ្លួន​ជ្រុល​ពេក អាច​ធ្វើ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ទាប​ចំពោះ​គំនិត​អ្នក​ដទៃ ឬ​រហូត​លែង​ទទួល​ស្គាល់​ថា អ្នក​ដទៃ​មាន​ការ​គិត​ពិចារណា​ស្មើ​ខ្លួន​។ មួយ​ថ្ងៃ​ៗ គិត​តែ​ពី​ឆ្លុះ​កញ្ចក់ ថតរូប និង​ឈ្លក់​វង្វេង​នឹង​រូប​រាង និង​គំនិត​របស់​ខ្លួន​»​។

សាស្ត្រាចារ្យ​ចិត្តវិទ្យា​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សំ ច័ន្ទសុវណ្ណដារ៉ា

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​អត្តស្នេហនិយម​រៀង​ៗ​ខ្លួន គ្រាន់​តែ​តិច ឬ​ច្រើន​។ ហើយ​វ័យ​ដែល​ប្រឈម​ខ្លាំង​ជាង​គេ គឺ​វ័យ​ជំទង់ និង​យុវជន​វ័យ​ក្មេង ដោយ​ខួរ​ក្បាល​ពួក​គេ​ចាប់​ផ្ដើម​លួត​លាស់​ខ្លាំង ហើយ​មើល​ឃើញ​ពី​ចំណុច​វិជ្ជមាន​របស់​ខ្លួន​កាន់​តែ​ច្រើន​។ ជា​រឿយៗ​គេ​តែង​ចង់​បញ្ចេញ​គំនិត​យោបល់ ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​យក​ចិត្ត​ទុក​ដាក់ និង​ឲ្យ​តម្លៃ​លើ​រូប​គេ​ខ្ពស់​បំផុត​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី​ដុកទ័រ ឌួរវ៉ាស៊ូឡា (Ramani Durvasula) សាស្ត្រាចារ្យ​ចិត្តវិទ្យា នៃ​សកលវិទ្យាល័យ​រដ្ឋ​កាលីហ្វញ៉ា ទៅ​កាន់​កាសែត The Washington Post​។

លោក​សាស្ត្រាចារ្យ​សំ ចន្ទ័សុវណ្ណដារ៉ា​ថា សព្វ​ថ្ងៃ Narcissism កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ជឿន​លឿន​។ ចំណែក​នៅ​កម្ពុជា បញ្ហា​នេះ​ក៏​កំពុង​រីក​រាល​ដាល​ជា​បណ្ដើរៗ ដោយ​សារ​កត្តា​រីក​ចម្រើន​នៃ​បណ្ដាញ​ទំនាក់​ទំនង​សង្គម និង​កត្តា​ចិត្តសាស្ត្រ​សង្គម​តូចៗ​ជា​ច្រើន​ទៀត​។ គេ​មិន​អាច​ទប់​ស្កាត់​ចលនា​នេះ​មិន​ឲ្យ​រីក​រាល​ដាល​បាន​ទេ ព្រោះ​វា​ជា​បម្រែបម្រួល​នៃ​សង្គម​មនុស្ស​ទូទាំង​ពិភព​លោក​។

លោក​ស្រី សាស្ត្រាចារ្យ ជីន វេង (Jean Twenge) អ្នក​ឯកទេស​ចិត្តវិទ្យា​អាមេរិកាំង បាន​លើក​ឡើង​ក្នុង​សារ​ព័ត៌មាន ញូវ យ៉កថាម (New York Time) ថា បណ្ដាញ​ទំនាក់​ទំនង​សង្គម ជា​ចលករ​ធ្វើ​ឲ្យ​អត្តស្នេហ៍និយម​រីក​សាយ​ភាយ​។ ក៏​ប៉ុន្តែ​មាន​ភស្តុតាង​តិច​ណាស់​ដែល​បញ្ជាក់​ថា ការ​ផុស​រូប​ខ្លួន​ឯង នៅ​លើ​បណ្ដាញ​សង្គម​ញឹក​ញាប់ គឺ​ទំនង​ជា​មាន​បញ្ហា Narcissist​។ ជា​ការ​ពិត វា​អាច​មក​ពី​មូលហេតុ​ដែល​ថា ការ​ផុស​រូប​ខ្លួន​ឯង និង​ការ​បញ្ចេញ​ទស្សនៈ​លើ​បណ្ដាញ​សង្គម ដោយ​សារ​មាន​ទំនុក​ចិត្ត​ខ្ពស់ ទទួល​បាន​ភាព​កក់ក្ដៅ និង​ក្ដី​ស្រលាញ់ តាម​រយៈ​អ្នក​ចូល​ចិត្ត​ច្រើន និង​ធ្វើ​ឲ្យ​គណនេយ្យ​បណ្ដាញ​សង្គម​របស់​ខ្លួន​មាន​ភាព​សកម្ម​។

សញ្ញាណ​នៃ Narcissism ត្រូវ​បាន​អ្នក​ចិត្តវិទ្យា​កំណត់ តាម​ចរិត​លក្ខណៈ​មួយ​ចំនួន​ដូច​ជា គិត​ថា​ខ្លួន​ឯង​សំខាន់​លើស​អ្វីៗ​ទាំង​អស់ កន្ទក់កន្ទេញ​តែ​នឹង​ភាព​ជោគជ័យ​របស់​ខ្លួន ប្រកាន់​ខ្លួន​ថា ជា​មនុស្ស​ពិសេស និង​រើស​អើង​ចំពោះ​អ្នក​មាន​សមត្ថភាព​តិច​ជាង ឬ​អន់​ជាង​ខ្លួន ត្រូវ​ការ​ការ​សរសើរ​ច្រើន និង​រាល់​ពេល យល់​ថា​ខ្លួន​ឯង​មាន​សិទ្ធិ​គ្រប់​កាលៈទេសៈ អត់​ខ្វល់​ពី​អ្នក​ដទៃ តែង​គិត​ថា​ខ្លួន​មាន​ប្រៀប​ជា​និច្ច​នៅ​ក្នុង​ទំនាក់​ទំនង​បុគ្គល មិន​ចេះ​យល់​ចិត្ត ឬ​ខ្វល់​ខ្វាយ​ពី​អ្នក​ដទៃ មិន​យល់​ពី​តម្រូវ​ការ​អ្នក​ដទៃ មាន​ចិត្ត​ច្រណែន​ឈ្នានីស​ច្រើន និង​បង្ហាញ​អាកប្ប​កិរិយា​ក្រអឺតក្រទម​។

តាម​លោក​សាស្ត្រាចារ្យ​សុវណ្ណដារ៉ា បើ​កាល​ណា​បញ្ហា​នេះ​កាន់​តែ​កើន​ឡើង​ខ្លាំង វា​អាច​នាំ​ឲ្យ​សង្គម​ជួប​វិបត្តិ​ផ្សេងៗ ដូច​ជា​ក្លាយ​ទៅ​ជា​រោគ​ចិត្ត​ធ្ងន់ធ្ងរ​រហូត​ដល់​សម្លាប់​ខ្លួន បង្កើត​ជា​បក្ស​ពួក​ជ្រុល​និយម​បង្ក​ហានិភ័យ​ដល់ មនុស្ស​ជាតិ​ជា​ដើម​៕


អត្ថបទ៖ ឈិន ធារ៉ាត់