ធ្វើ​ឲ្យគ្រប់គ្នាសើចសប្បាយគ្រប់ពេល តែ​តារាកូរ៉េទាំងនេះ​វិញរងសម្ពាធផ្លូវចិត្តធ្ងន់បំផុត

  • 2018-10-12 07:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព​ផ្លូវ​ចិត្ត​ គឺ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ច្រើន​ជាង​គេ​បង្អស់​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​សម្រាប់​ពិភព K-Pop។ ពេល​ខ្លះ​អ្នក​គាំទ្រ​ និង​អ្នក​មិន​ចូលចិត្ត​ជា​ច្រើន​ភ្លេច​គិត​ថា​ ទោះ​បី​តារា​ៗ​ទទួល​បាន​ភាពល្បី​ល្បាញ មាន​ព្រង​វាសនា​ខ្ពស់​ និង​ធ្វើ​អ្វី​ដែល​ស្ដែង​ពីភាព​អស្ចារ្យ​ ប៉ុន្តែ​យ៉ាង​ណា​ពួកគេ​ក៏​ជា​មនុស្ស​ដែរ។

ពីក្រោយ​ភាព​រីករាយ​ និង​ស្នាមញញឹម​លើ​ឆាក​ តារា​ K-Pop មួយ​ចំនួន​ពិត​ជា​រង​នូវ​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ស្ទើរ​គ្មាន​អ្នក​ដឹង។

១. តារាចម្រៀង​ Suga (ក្រុម BTS)

ពេល​ចូល​រួម​កម្មវិធី​វិទ្យុ​មួយ​កាល​ពី​ឆ្នាំ​ ២០១៤ តារា​ប្រុស​រូបនេះ​ បាន​បង្ហើប​ពី​ឧបសគ្គ​ដែល​លោក​ជួប​ប្រទះ​ពេល​ចូល​សិល្បៈ។ Suga រង​នូវ​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​ ហើយ​ថែម​ទាំង​ធ្លាប់​មាន​អារម្មណ៍​អន្ទះអន្ទែង​ទ្រាំ​មិន​ចង់​បាន​ទៀត​ផង។ ប៉ុន្តែ​ជា​សំណាង​ល្អ​ សមាជិក​ BTS រូបនេះ​ក៏​ជម្នះ​បាន​ដោយ​ជោគជ័យ​ និង​អាច​វិល​មក​សភាព​ធម្មតា​វិញ។

២. តារា​ចម្រៀង​ IU

ក្នុង​ភាគ​មួយ​នៃ​កម្មវិធី "Healing Camp” IU បាន​ប្រាប់​ថា​ នាង​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​បានការ​ និង​ច្រួលច្របល់​ខ្លាំង​ទាក់ទង​នឹង​សមត្ថភាព​ច្រៀង។ ដោយសារ​ពិបាក​ចិត្ត​បែប​​នេះ​ នាង​ក៏​ខំ​ញ៉ាំ​ ញ៉ាំ​រហូត​ដល់​ក្អួត និង​រងនូវ​ការ​ឈឺចាប់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទម្រាំ​ត្រឡប់​មក​សភាព​ដើម​វិញ។

៣. តារាចម្រៀង​ Heechul (ក្រុម Super Junior)

ឃើញ​តែ​ស្នាម​ញញឹម​ និង​ឮ​តែ​សំណើច​សើច​ក្អាកក្អាយ​របស់​ Heechul តែ​តាម​ពិត​តារា​ប្រុស​រូបនេះ​រង​នូវ​ការ​ឈឺចាប់​ និង​វិបត្តិ​ផ្លូវ​ចិត្ត​ឥត​ល្ហែ។ នៅ​ពេល​មិត្ត​ល្អ​ Hankyung ចេញ​ពី​ក្រុម Heechul តែង​វិល​វល់​អារម្មណ៍​ ហើយ​ត្រូវ​ទ្រាំ​ផ្ដាច់​ទំនាក់ទំនង​ពី​មិត្ត​ល្អ​ដល់​ទៅ​ជាង​ ៣​ខែ។ ប៉ុន្តែ​ក្ដី​ស្រឡាញ់​ និង​ការ​គាំទ្រ​ ទើប​តារា​ប្រុស​រូបនេះ​ អាច​ឈរ​ជើង​ដូច​ធម្មតា​វិញ​បាន។

៤. តារាចម្រៀង​ Suzy

នាង​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​នឹង​សំណាង​ ព្រោះ​តែ​សម្រស់​ ភាព​ល្បីល្បាញ​ ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​ប៉ុន្តែ​នាង​ក៏​ជា​មនុស្ស​ម្នាក់​ដែល​រង​ការ​គំរាម​កំហែង​ពី​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ។ ពេល​ខ្លះ​នាង​តែង​ប្រាប់​រឿង​ក្នុង​ចិត្ត​ទៅ​មិត្ត​ភ័ក្ដិ ហើយ​រហូត​យំ​ ព្រោះ​តឹង​តែង​ពេក​ក៏មាន។

៥. តារាចម្រៀង G-Dragon (ក្រុម BIGBANG)

ជា​តារា​ចម្រៀង​ល្បី​ អ្នកនិពន្ធ​បទ​ចម្រៀង​ អ្នក​ធ្វើ​ភ្លេង​ ផលិតករ​ និង​ម្ចាស់​ហាង មាន​​ប្រាក់​រាប់​លានដុល្លារ និង​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ជា​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ជីវិត​របស់​ GD គ្មាន​ឧបសគ្គ​ទេ។ លោក​មាន​រឿង​ជា​ច្រើន​កប់​ក្នុង​ចិត្ត​ ប៉ុន្តែ​តប​ទៅ​នឹង​ការ​ឈឺចាប់​ដែល​មាន​នោះ​ លោក​ក៏​ខំមើល​ថែ​ខ្លួនឯង​ជាថ្មី។

៦. តារាចម្រៀង Kai (ក្រុម EXO)

ក្នុង​បទ​សម្ភាស​មួយ​ Kai បាន​ទម្លាយ​អារម្មណ៍​ក្នុង​ចិត្ត​ថា​ ចរិត​ពិត​របស់​លោក​ មាន​ទំនោរ​ទៅ​រក​ភាព​ស្រស់​ស្រាយ​ ប៉ុន្តែ​គិត​យូរៗ​ទៅ​ វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​តូច​ប៉ុណ្ណោះ។ Kai ចូល​ចិត្ត​នៅ​ម្នាក់​ឯង ហើយ​ក៏​សំងំ​យំ​រហូត​ដែរ។ លោក​គ្មាន​មិត្តភ័ក្ដិ​ទេ ហើយ​ពេល​ពិបាក​ចិត្ត​បំផុត​ លោក​ពួន​ក្នុង​ផ្ទះ​ និង​ព្យាយាម​គេច​ខ្លួន​ពី​មនុស្ស​គ្រប់​គ្នា។ ប៉ុន្តែ​ដោយសារ​បទ​ពិសោធន៍​ជីវិត​ដែល​បាន​ជួប​ប្រទះ​ទាំង​នោះ​ហើយ​ទើប បង្រៀន​ Kai ឲ្យ​ក្លាយ​ជា​មនុស្ស​រឹង​មាំ​ និង​រីករាយ​ជាងមុន​ ដូច​សព្វថ្ងៃ។

៧.​ តារាចម្រៀង​ Jo Kwon

ឲ្យ​តែ​មាន​មុខ​ Jo Kwon នៅ​កម្មវិធី​ណា​មួយ​ តែង​មាន​សំណើច​សើច​ពេញ​នោះ​ ព្រោះ​តែ​វោហារ​ និង​ភាព​ក្រមិចក្រមើម​របស់​លោក។ ប៉ុន្តែ​កម្រ​មាន​អ្នក​ដឹង​ថា​ Jo Kwon ជួប​ប្រទះ​រឿង​រ៉ាវ​ស្មុគស្មាញ​បែប​ណា​ខ្លះ​ក្នុង​ជីវិត​ទេ។ ជាក់ស្ដែង​ អំឡុង​ពេល​ចូល​ហ្វឹកហាត់​ក្នុង​ផលិតកម្ម JYP រយៈ​ពេល​ ៨​ឆ្នាំនោះ Jo Kwon រង​សម្ពាធ​ខ្លាំង​ ហើយ​ធ្លាប់​មាន​វិបត្តិ​លុយកាក់​ទៀត។ ភាព​អត់ធន់​ក៏​បាន​រុញ​ច្រាន​លោក​ក្លាយ​ជា​តារា​ម្នាក់​ជោគជ័យ​ និង​រឹង​មាំ​ដូច​បច្ចុប្បន្ន៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម