​កម្ពុជា ស្មើ​ ទីម័រខាងកើតដោយលទ្ធផល ២-២

  • 2018-10-12 13:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​​ម្ចាស់​ផ្ទះ​កម្ពុជាបាន​ស្មើ​ក្រុម​ភ្ញៀវ​​ទីម័រ​ខាងកើត​ដោយ​លទ្ធផល​ ២-២ នៃ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់​ដុំ​ដើម្បី​ត្រៀម​ពាន​សំខាន់​នា​ពេល​ខាង​មុខ។

សកម្មភាព​ប្រកួត

ការ​ប្រកួត​នេះ​បង្ហាញ​ឲ្យ​ឃើញ​​ថា កម្ពុជា​មិន​សូវ​បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​ដែល​លេង​ទល់​នឹង​ក្រុម​ម៉ាឡេស៊ី​កាល​ពី​ខែ​​មុន​ឡើយក្នុង​វគ្គ​ទី​១។ ទីម័រ​ខាង​កើត​បាន​​ដាក់​សម្ពាធ និង​​មាន​ឱកាស​នៅ​ចំពោះ​មុខ​ទី​របស់​កម្ពុជា​ជា​ច្រើន​រហូត​ដល់​នាទី​៣០ទើ​ប​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា​ដើម្បី​នាំ​មុខ ១-០។

បន្ទាប់​ពី​ទីម័រ​ខាង​កើត​ស៊ុត​​នាំ​មុខ កម្ពុជា​បាន​ព្យាយាមសម្រុក​ និង​រៀប​ចំ​ទម្រង់​លេង​ជា​ថ្មី​​ ហើយ​ទទួល​បាន​ឱកាស​នាំ​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​​របស់​ក្រុម​ភ្ញៀវ។ ទី​បំផុតខ្សែ​ប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ស៊ុត​បាល់​បាន​សម្រេច​តាម​ស្មើ ១-១ បន្ទាប់​ពី​ទទួល​បាន​បាល់​ដាច់​មាត់។ យ៉ាង​ណា៤​នាទី​បន្ទាប់​ ភាព​រីក​រាយ​របស់កម្ពុជា​ត្រូវ​​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ពោល​គឺ​នៅ​នាទី​៤២​​​ ទីម័រ​ខាង​កើត​រក​បាន​គ្រាប់​បាល់​ទី​២​ដើម្បី​ចប់​វគ្គ​ទី​១​នាំ​មុខ ២-១។

សកម្មភាព​ប្រកួត

ការ​ប្រកួត​វគ្គ​ទី​២ កម្ពុជា​ហាក់​បង្ហាញ​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​វគ្គ​ទី​១ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ​ដោយ​ខ្សែ​ការពារ​របស់​ទីម័រ​ខាង​កើត​រារាំង​បាន​យ៉ាង​ល្អ។ ជា​ពិសេស​ការ​ទាត់​ហ្វ្រីឃីក​របស់ ចាន់ វឌ្ឍនាកា យ៉ាង​ល្អ​ តែ​ត្រូវ​បាន​អ្នក​ចាំ​ទី​របស់​ទីម័រ​ជួយ​សង្គ្រោះ​បាន។ ឱកាស​ល្អ​មួយ​ទៀត ចាន់ វឌ្ឍនាកា បាន​បញ្ជូន​បាល់​ឲ្យ រឹង ប៊ុនហៀង​ ដែល​ចូល​ជំនួស ប្រាក់ មុន្នីឧត្តម ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប​ក្រសួង​ការពារ​ជាតិ​ស៊ុត​ខុសទី។

អ្វី​ដែល​គួរ​ចាប់​អារម្មណ៍ និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​រីក​រាយ​បំផុត​នោះ​គឺ​ប្រហែល​ជា​​១០​នាទី​ចុង​​ក្រោយ កម្ពុជា​បាន​បុក​យ៉ាង​ខ្លាំង​ ព្រម​ទាំង​មាន​ឱកាស​ស៊ុត​ជា​ច្រើន​លើក​ តែ​អត់​សំណាង​សោះ។ យ៉ាង​ណាកម្ពុជា​នៅ​តែ​រក្សា​ភាព​មិន​ដែល​ចាញ់​ទីម័រ​ខាង​កើត​តាំង​ពី​ឆ្នាំ​២០១៤​មក បន្ទាប់​ពី​ រ៉ឹង ប៊ុនហៀង ស៊ុត​បាន​សម្រេច​នៅ​​នាទី​៩០+៥​ ដើម្បី​ឲ្យ​​កម្ពុជា​តាម​ស្មើ ២-២ រហូត​ចប់​ការ​ប្រកួត៕

សកម្មភាព​ប្រកួត

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី