ធន់​ ចាន់ឌី​ រំលឹក​រឿង​ជិត​បាន​វ៉ៃ​បរទេស​ តែ​អកុសល​ខូច​ដៃ​ត្រូវ​សម្រាក​ជិត​កន្លះ​ឆ្នាំ​

  • 2018-10-12 09:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ ធន់​ ចាន់ឌី​ រំលឹក​រឿង​កម្សត់​របស់​ខ្លួន​ពី​មុន​ ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ខំប្រឹង​ប្រកួត​យ៉ាង​ខ្លាំង​ រំពឹង​បាន​វ៉ៃគូ​អន្តរជាតិ​ដូច​គេ​ ប៉ុន្តែ​បែរ​ជា​អាក់ខាន​វិញ​ដល់​សព្វថ្ងៃ​ព្រោះ​របួស​បែក​កែង​ដៃ។​

កីឡាករ ធន់ ចា​ន់ឌី

ធន់​ ចាន់ឌី​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​ ខ្លួន​មាន​របួស​បែក​កែង​ដៃ​ស្ដាំ​ ជា​ហេតុ​ត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​ ៣​ខែ​ ដើម្បី​វះ​យក​ឆ្អឹង​ដែល​បែក​នោះ​ចេញ​ក្រៅ​ ទើប​អាច​បន្ត​អាជីព​ជា​អ្នក​ប្រដាល់​នេះ​ជា​ថ្មី​វិញ។​ អំឡុង​ពេល​នោះ​ អ្នក​ប្រដាល់​វ័យ​១៩​ឆ្នាំ​រូប​នេះ​ ថា​ខ្លួន​បាន​ក្លាយ​ជា​គូ​ឯក​ក្នុង​កម្មវិធី​មួយ​ចំនួន​រួច​ហើយ​ និង​ធ្លាប់​ឈ្នះ​ជើង​ចាស់​ជា​ច្រើន​ផង​ដែរ​ អាច​ថា​នៅ​សល់​តែ​បន្តិច​ទៀត​បាន​វ៉ៃ​គូ​បរទេស​ហើយ។​

ធន់ ចាន់ឌី(ខៀវ)

កូន​សិស្ស​លោក​ ធន់​ សុភា​ ម្នាក់​នេះ​ក៏​ហាក់​អន់​ចិត្ត​និង​ខ្លួន​ឯង​ដែរ​ ដោយ​ឃើញ​មិត្ត​រួម​ក្លឹប​ដែល​ប្រឡូក​ស្រករ​គ្នា​គេ​បាន​ហក់​ដល់​គូ​បរទេស​ ប៉ុន្តែ​ខ្លួន​បែរ​ជា​បាត់​ឱកាស​ ហើយ​ត្រូវ​ខំប្រឹង​ជា​ថ្មី​ទៅ​វិញ​ដូច្នេះ។​ កីឡាករ​មាន​មហាច្ចិតា​ធំ​ខាង​លើ​ ប្ដេជ្ញា​ថា​នឹង​ខំប្រឹង​ទាំង​ការ​ហ្វឹកហាត់​ ក៏​ដូច​ជា​ប្រកួត​ឲ្យ​ខ្លាំង​ជា​ថ្មី​ទៀត​ ដើម្បី​បាន​វ៉ៃ​គូ​បរទេស​ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្លួន​ល្បី​ឈ្មោះ​ និង​អាច​រក​ប្រាក់​កម្រៃ​បាន​ច្រើន​ជាង​នេះ​សម្រាប់​ជួយ​ក្រុម​ក្រួសារ​និង​ប្អូន​រៀន​សូត្រ​ផង​ដែរ។​

ធន់ ចាន់ឌី ឈ្នះដៃគូ​សប្ដាហ៍​មុន

ធន់​ ចាន់ឌី​ ជា​សិស្ស​គុន​មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ បច្ចុប្បន្ន​មាន​វ័យ​១៩​ឆ្នាំ​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ចាស់​វស្សា​ សឹម​ ប៊ុនឆៃ​ ក្នុង​កម្មវិធី​ជើង​ឯក​ប្រដាល់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៦​ ខែ​តុលា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម