ក្រូអាត​​ស្មើ​អង់គ្លេស ០-០ តែ​ត្រូវ​ប្រកួត​គ្នា​ក្នុង​កីឡដ្ឋាន​ទទេដែល​​គ្មាន​អ្នក​ទស្សនា (វីដេអូ)

  • 2018-10-13 03:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រូអាត​និង​អង់គ្លេស​ត្រូវតែ​ជម្នះនឹង​បរិយាកាស​ចម្លែក​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​កីឡដ្ឋាន​ដោយ​គ្មាន​អ្នក​គាំទ្រ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Nations League កាល​ពី​ថ្ងៃ​សុក្រ​នៅ Rijeka ប្រទេស​​ក្រូអាត។

ក្រុម​ម្ចាស់​ផ្ទះ​ក្រូអាត​ត្រូវ​លេង​ក្រោម​ការ​ពិន័យ​របស់​ UEFA ក្រោយ​ពេល​ទង់​និមិត្តសញ្ញា​របស់​ជន​ផ្ដាច់ការ​​​ណាស៊ី ហ៊ីត្លែរ ដែល​ត្រូវ​បាន​គេ​គូស​ក្នុង​ទីលាន​មុន​ពេល​ប្រកួត​ជម្រុះ Euro ២០១៦ ជាមួយ​អ៊ីតាលី។

ការ​ប្រកួត​ម្សិលមិញ រវាង​ក្រូអាត​និង​អង់គ្លេស​​គឺ​ជា​ការ​ប្រកួត​បិទ​ទ្វារ ហើយ អ្នក​ដែល​អាច​ចូល​ទៅ​បាន​មាន​តែ មន្ត្រី​រៀបចំ​ការ​ប្រកួត ភ្ញៀវ VIP មក​ពី​សមាគម​កីឡាបាល់ទាត់​របស់​ប្រទេស​ទាំង​២ បុគ្គលិក​បច្ចេកទេស​របស់​ក្រុម​នីមួយៗ អ្នក​សារព័ត៌មាន និង ក្រុម​ប៉ូលីស​រក្សា​សន្តិសុខ​ប៉ុណ្ណោះ ដែល​មាន​វត្តមាន​ក្នុង​ទីលាន​ដ៏​តូច​ចង្អៀត​ដែល​អាច​ផ្ទុក​ប្រិយមិត្ត​បាន​ត្រឹម ៨ ០០០ នាក់​។

Luka Modric បាន​សារភាព​ថា "វា​ជា​បរិយាកាស​ចម្លែក​មួយ​សម្រាប់​ក្រុម​ទាំង​២​ដែល​លេង​នៅ​ពី​មុខ​កីឡដ្ឋាន​ទទេ"។ ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ជម្នះ​ឲ្យ​បាន។

លោក Gareth Southgate គ្រូ​បង្វឹក​អង់គ្លេស​បាន​និយាយ​ថា លោក​ក៏​បាន​ឲ្យ​វីដេអូ​ជំនួប​បិទទ្វារ​គ្នា​រវាង​ Barcelona និង Las Palmas នៅ​​កីឡដ្ឋាន Nou Camp កាល​ពី​រដូវ​កាល​មុន​ឲ្យ​កូន​ក្រុម​លោក​មើល​ដើម្បី​ឲ្យ​កីឡាករ​មាន​អារម្មណ៍​ថា​ទទួល​បទពិសោធន៍​បែប​នោះ។

មុន​នេះ​បន្តិច អង់គ្លេស និង ក្រូអាត​ប៉ះ​គ្នា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup នៅ​កីឡដ្ឋាន Luzhniki ប្រទេស​រុស្ស៊ី​មាន​អ្នកគាំទ្រ​ដល់​ទៅ ៧៨ ០០០ នាក់៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ សុខ លាងហ៊ត