មក​ដឹង​កាន់​តែ​ច្បាស់​ ពី​ក្រោយ​រឿង​រ៉ាវ​និង​មូល​ហេតុ​ Selena ចូល​មន្ទីរពេទ្យ​ផ្លូវ​ចិត្ត

  • 2018-10-13 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​នេះ Selena Gomez កំពុង​តែ​ស្នាក់​នៅ​មន្ទីរ​ព្យាបាល​ខាង​ផ្លូវ​ចិត្ត​ ដោយ​សារ​តែ​នាង​មាន​ជំងឺ​នេះ​ដល់​កម្រិត​ធ្ងន់ធ្ងរ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ តារា​រូប​នេះ​ក៏​បាន​ប្រកាស​ពី​ដើម​ហេតុ​ខ្លះៗ​ ពាក់ព័ន្ធ​នឹង​អាការៈ​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី​២២​ខែ​សីហា Selena បាន​និយាយ​ជាមួយ​អ្នក​គាំទ្រ​នៅ​លើ​ Live នៅ​បណ្ដាញ​សង្គម​ថា​ "អ្វីៗ​គឺ​មាន​ល្អ​ប្រសើរ​នោះ​ទេ ខ្ញុំ​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ខាង​ផ្នែក​អារម្មណ៍​ប៉ុន្មាន​ខែ​មក​នេះ ប៉ុន្តែ​វា​មិន​អី​ទេ។ ខ្ញុំ​គ្រាន់​តែ​គួរ​តែ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ៗ រៀង​រាល់​ថ្ងៃ​ដើម្បី​សម្រេច​នូវ​គោល​ដៅ​ប៉ុណ្ណោះ។" ទោះ​បី​ជា​ប្រាប់​អ្នក​គាំទ្រ​ថា​នាង​មិន​អី​ក៏​ដោយ ក៏​ប៉ុន្តែ​ស្រាប់​តែ​មួយ​ថ្ងៃ​បន្ទាប់​នាង​បាន​ប្រកាស​ថា​ នាង​សម្រាក​ពី​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

យ៉ាង​ណា​មិញ​ ម្ចាស់​បទ "The Heart Wants it Wants” មិន​បាន​ប្រាប់​ពី​មូលហេតុ​ទេ ថា​ការ​លំបាក​ផ្នែក​អារម្មណ៍​នោះ​បណ្ដាល​មក​ពី​អ្វី? ម្យ៉ាងទៀត​រយៈ​ពេល​ប៉ុន្មាន​អាទិត្យ​កន្លង​ទៅ​នេះ ព័ត៌មាន​ពី Justin និង Hailey បាន​ផ្សព្វផ្សាយ​និង​ក្លាយ​ជា​ប្រធាន​បទ​និយាយ​គ្រប់​ទី​កន្លែង​ ដូច្នេះ​ហើយ​នេះ​អាច​ជា​មូលហេតុ។ មួយ​វិញ​ទៀត​នៅ​ចុង​ខែ​កញ្ញា Selena បាន​ទទួល​ស្គាល់​ថា​នាង​បាន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​រក​ការ​ព្យាបាល​ពី​ការ​បាត់​បង់​គ្រាប់​ឈាម​ស​របស់​នាង​ ដោយ​សារ​តែ​ការ​វះកាត់​ក្រលៀន​កាល​ពី​ឆ្នាំ​មុន។

ចំពោះ​ការ​មក​កាន់​មន្ទីរពេទ្យ​លើក​ចុង​ក្រោយ​នេះ​ គឺ​មិន​បាន​បណ្ដាល​មក​ពី​បញ្ហា​ក្រលៀន​នោះ​ទេ ប៉ុន្តែ​មក​ពី​​បញ្ហា​ផ្លូវ​ចិត្ត​កម្រិត​ធ្ងន់​តែ​ម្ដង។ តារា​វ័យ​២៦​ឆ្នាំ​រូប​នេះ ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ព្រម​ទាំង​បាន​ទទួល​ការ​ព្យាបាល​ផ្នែក​ជំងឺ​ផ្លូវចិត្ត​និង​អារម្មណ៍​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ថ្មី​កើន​ឡើង​ចំពោះ​នាង។

ទោះ​បី​ជា​នាង​មិន​បាន​ប្រកាស​ប្រាប់​គ្រប់​គ្នា​ឲ្យ​បាន​ដឹង​ ប៉ុន្តែ​បើ​តាម​ប្រភព​មួយ​ប្រាប់​ទស្សនាវដ្ដី People ថា​ នាង​ពិត​ជា​ពិបាក​ក្នុង​ការ​ធ្វើ​ចិត្ត​ណាស់ ខណៈ​ដែល​ដំណឹង​ភ្ជាប់​ពាក្យ​របស់ Justin និង​ Hailey គឺ​ត្រូវ​បាន​គេ​ប្រកាស​គ្រប់​ទី​កន្លែង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជំងឺ​ផ្នែក​សតិ​អារម្មណ៍​និង​បាក់​ទឹក​ចិត្ត​​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រមូល​ផ្ដុំ​ នូវ​ភាព​អវិជ្ជមាន​ជា​ច្រើន​ក្នុង​ជីវិត៕

​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ