ច្បាស់ហើយ​! បុរសបោះ​សំរាម​ចោល​ក្នុង​ព្រែក​សារភាព​កំហុស និង​ប្រាប់​ពីមូល​ហេតុ​

  • 2018-10-13 06:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ភព​ពី​ក្រ​សួង​បងរិស្ថាន​ឲ្យ​ដឹឹងថា​បុរស​ម្នាក់​ដែល​បោះសំរាមចោលក្នុងព្រែកកោះយ៉ខេត្តកោះកុងបានសារភាពកំហុស និងសុំទោសជាសាធារណៈពីកំហុសឆ្គងរបស់ខ្លួន​នៅ​ព្រឹក​នេះ។

(លោក សាយ សារុត បានទទួលស្គាល់ថាខ្លួនបានប្រព្រឹត្តកំហុស និងថ្លែងទទួលស្គាល់កំហុសនេះ និងសន្យាថាមិនប្រ​ព្រឹត្តទៀតឡើយ/រូបភាព៖ ក្រសួង​បរិស្ថាន)

នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​មានការ​ចែក​រំលែក​តៗគ្នានូវ​វីដេអូឃ្លីបមួយ​ស្តីពី​បុរស់​ម្នាក់​បាន​ឈប់​ម៉ូតូ​អូសរទេះមួយ​នៅ​លើ​ស្ពាន និងបាន​បោះ​សំរាម​ចូល​ក្នុង​ទឹក។ តាម​រយៈ​វីដេអូនេះ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម។

ក្រ​សួង​បរិស្ថាន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នារសៀលនេះ​ថា​បុរសម្នាក់ដែលបានបោះសំរាមពីលើស្ពានចូលក្នុងព្រែកកោះយ៉កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ ត្រូវបានស្គាល់អត្តសញ្ញាណហើយគឺមានឈ្មោះថា​ សាយ សារុត ជាអ្នកប្រមូលសំរាមនៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

ប្រ​ភព​ដដែល​បន្ត​ថា​បុរសរូបនេះបានសារភាព និងទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត ក្រោយពីបានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីម៉ានៅព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង និងអាជ្ញាធរស្រុក។

ក្រ​សួង​សរសេរទៀត​ថា៖ «បុរសរូបនេះបានបញ្ជាក់ថាការណ៍​ដែលខ្លួនបោះសំរាមចោលខ្លះដោយសារតែម៉ូតូដឹកសំរាមរបស់ខ្លួនខូច និងមិនអាចអូសសំរាមទៅមុខរួច ហេតុដូច្នេះត្រូវបោះសំរាមចោលខ្លះ។ សាយ សារុត បានទទួលស្គាល់ថាខ្លួនបានប្រព្រឹត្តកំហុស និងថ្លែងទទួលស្គាល់កំហុសនេះ និងសន្យាថាមិនធ្វើដូច្នេះទៀតឡើយ»៕

អត្ថបទ៖ ទូច សុខា