គ្រូ​កម្ពុជា​ថា ត្រូវ​ការ​ពេល​វេលា​​ច្រើន​ទៀត ដើម្បី​​ឲ្យ​កីឡាករ​សម្រប​​ទម្រង់លេងថ្មី​

  • 2018-10-14 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix Agustin Gonzalez Dalmas គ្រូ​បង្វឹក​របស់​កម្ពុជា​បាន​និយាយ​ក្រោយ​ការ​ប្រកួត​កម្ពុជា​ស្មើ​២-២ ជាមួយ​​ទីម័រខាងកើត​ថា កូន​ក្រុម​របស់​ខ្លួន​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត ដើម្បី​សម្រប​ទៅ​តាម​ទម្រង់​ដែល​លោក​ដាក់​ឲ្យ​លេងថ្មី​។

ក្រុម​កម្ពុជា

​ដៃ​ស្ដាំ​របស់​ Honda រូប​​នេះ​បាន​ឲ្យ​ដឹង​ថា វា​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ ​ដូច្នេះ​វា​មើល​ទៅ​ហាក់​នៅ​ថ្មី​សម្រាប់​ទម្រង់​លេង​ ដែល​លោក និង​ Honda កំពុង​រៀបចំ​ដាក់​ឲ្យ​កីឡាករ​​​កម្ពុជា​លេង។ លោក​យល់​ថា កីឡាករ​កម្ពុជា​ត្រូវ​ការ​ពេលវេលា​ច្រើន​ទៀត ដើម្បី​សម្រប​ការ​លេង​ទៅ​តាម​ការ​ចង់​បាន​របស់​លោក និង​ Honda ។

​លោក​បន្ថែម​ថា បើ​​មើល​ទៅ​លើ​ទម្រង់​លេង និង​ឥរិយាបថ​របស់​កីឡាករ​នៅ​លើ​ទីលាន ​ទោះ​ពួក​គេ​បង្ក​កំហុស​យ៉ាង​ណា ក៏​លោក​មិន​អាច​បន្ទោស​បាន​ដែរ។ លោក​មើល​ឃើញ​ថា កូន​ក្រុម​ទាំង​អស់​បាន​ព្យាយាម​លេង​ទៅ​តាម​អ្វី​ដែល​គ្រូ​បាន​ដាក់​ឲ្យ​លេង។ ប៉ុន្តែ​ប្រហែល​ជា​កីឡាករ​ទាំង​អស់​មិន​ទាន់​សម្រប​បាន ពិសេស​ពួក​គេ​មាន​ភាព​នឿយហត់​​ជា​មួយ​លំហាត់​​​ពិបាក​ៗ ដែល​គ្រូ​បាន​ដាក់​ឲ្យ​ពេល​ហ្វឹកហាត់។

ក្រុម​គោព្រៃ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ទី​៣​របស់​ខ្លួន​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Felix Agustin Gonzalez Dalmas ​និង Honda ជា​មួយ​សិង្ហបុរី​នា​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕ ​​​

លោក Felix Agustin Gonzalez Dalmas (ឆ្វេង)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម