ស្លាប់ ២៧នាក់ ក្រោយបាក់ដីនៅភាគខាងជើងកោះស៊ូម៉ាត្រា

  • 2018-10-14 06:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២៧​នាក់​​រួម​ទាំង​សិស្ស​សាលា ១២​នាក់ បាន​ស្លាប់​ក្រោយ​ពេល​បាក់​ដី​នៅ​ភាគ​ខាង​ជើង​កោះ​ស៊ូម៉ាត្រា​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង។

យោង​តាម​មន្ត្រី​ឲ្យ​ដឹង​ថា សាលា​ឥស្លាម​មួយ​ស្ថិត​ក្នុង​​ភូមិ Muara Saladi មាន​អត្រា​អ្នក​ស្លាប់​ច្រើន​បំផុត​ដោយ​សារ​ជំនន់​ទឹកភ្លៀង និង​ការ​បាក់ដី​ដែល​វាយ​ប្រហារ​មក​លើ​កោះ​ស៊ូម៉ាត្រា​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​១៣​ខែ​តុលា។ ក្រោយ​ពេល​កើត​ហេតុ ក្រុម​អ្នក​សង្គ្រោះ និង​អ្នក​ភូមិ បាន​ជួយ​គ្រូ​បង្រៀន និង​សិស្ស​ ១៧ នាក់​ក្នុង​ចំណោម ២៩​នាក់​ដែល​ត្រូវ​បាន​ដី​បាក់​នាំ​យក​ទៅ​ជាមួយ។ ប្រភព​ដដែល​បន្ដ​ទៀត​ថា សាកសព​សិស្ស​សាលា​ចំនួន ១២​នាក់ ត្រូវ​បាន​រក​ឃើញ​ពី​ក្នុង​ដី​ភក់​នា​ថ្ងៃ​សៅរ៍​នេះ។

គួរ​ឲ្យ​ដឹង​ថា ផ្ទះ​សម្បែង​ចំនួន ៥០០​ខ្នង ត្រូវ​បាន​លិច​លង់ ហើយ​ស្ពាន​ចំនួន​៣ បាន​បាក់​ផង​ដែរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រជាជន​ដែល​បាន​ភៀស​ខ្លួន​ទៅ​ទីទួល​សុវត្ថិភាព នៅ​តែ​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដោយ​ខ្លាច​ដី​ភ្នំ​អាច​នឹង​បាក់​មក​បន្ថែម​ទៀត៕

ចុចអាន ៖

ប្រភព៖ Aljazeera   ប្រែសម្រួល ៖ រ័ត្ន