Ariana Grande និង​គូ​ដណ្ដឹង សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា ក្រោយភ្ជាប់​ពាក្យ​​បាន ៤ ខែ

  • 2018-10-15 02:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​ត្រឹម​តែ ៤ ខែ ក្រោយ​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា ពេល​នេះ តារា​ចម្រៀង Ariana Grande និង​គូ​ដណ្ដឹង Pete Davidson បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា។

បើ​តាម​សារព័ត៌មាន TMZ បាន​បញ្ជាក់​ថា គូ​ស្នេហ៍​មួយ​គូ​នេះ បាន​លុប​ចោល​ការ​រៀបការ​របស់​ពួកគេ​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ស្វែង​យល់​ថា ពេលវេលា​សម្រាប់​ពួកគេ​បច្ចុប្បន្ន​គឺ​មិន​សម​គួរ​ឲ្យ​បន្ត​ទំនាក់ទំនង​មួយ​នេះ​ត​ទៅ​ទៀត។

តារា​ចម្រៀង Ariana Grande បាន​សម្រេច​យល់​ព្រម​ភ្ជាប់​ពាក្យ​ជាមួយ​តារា​កំប្លែង Pete Davidson កាល​ពី​ខែ​មិថុនា ក្រោយ​ទាក់ទង​គ្នា​ទើប​តែ​បាន​ប៉ុន្មាន​សប្ដាហ៍។ ជាមួយ​គ្នា​នោះ​ដែរ កាល​ពី​ខែ​មុន​នេះ អតីត​មិត្ត​ប្រុស​របស់​នាង Mac Miller ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ក្នុង​វ័យ​ទើប​តែ ២៦​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តារា​ចម្រៀង​ស្រី​រូប​នេះ កាន់​ទុក្ខ​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម Twitter និង​ព្យាយាម​លាក់បាំង​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​ភ្នែក​មហាជន​ទូទៅ។ នាង​បាន​សម្រេច​ចិត្ត​លុប​ចោល​កម្មវិធី​ទាំង​ប៉ុន្មាន​ដែល​នាង​មាន ដោយ​សារ​តែ នាង​នៅ​មាន​អារម្មណ៍​ធុញ​ថប់ មិន​សប្បាយ​ចិត្ត​ខ្លាំង។

តាម​ប្រភព TMZ ដដែល​បាន​បញ្ជាក់​បន្ថែម​ថា បើ​ទោះ​បី​ជា​ទំនាក់ទំនង​ពួកគេ​ត្រូវ​បាន​បញ្ចប់​មែន​ទៅ​ហើយ​ក្ដី ប៉ុន្តែ​នៅ​ថ្ងៃ​មុខ ពួកគេ​អាច​នឹង​ត្រឡប់​រក​គ្នា​វិញ​ម្ដង​ទៀត​ក៏​ថា​បាន៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា