ពិតទេ កំណែរូបរាង​ថ្មី iPhone ​តែ​ងនាំ​ជំនាន់​ទូរសព្ទ Android ចម្លងតាមឥត​ល្ហែ?

  • 2018-10-18 04:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​មុន​ Apple បាន​បញ្ចេញ​ស្មាតហ្វូន​មួយ​ ដែល​មាន​រូបរាង​ខុស​ប្លែក​ទាំងស្រុង​ពី​បណ្តាល​ស្មាតហ្វូន​ដទៃ​ទៀត​លើ​ទីផ្សារ​។ ប៉ុន្តែ​កំណែទម្រង់​ការ​រចនា​នេះ​ប្រែ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​។

ស្មាតហ្វូន​ទាំង​នេះ​សុទ្ធ​តែ​មាន​ចំណុច​ក្បាល​ឆក​ (Notch)។ ថ្វី​ត្បិត​តែ​ទូរសព្ទ​ Essential Phone របស់​ Andy Rubin មាន​ការ​ណែនាំ​ពី​ការ​រចនា​បែប​នេះ​ពីរ​ បី​ខែ​មុន​ iPhone X ប៉ុន្តែ​មិន​មាន​សន្ទុះ​ធ្វើ​តាម​ច្រើន​ទេ​ រហូត​ដល់​ iPhone X ចេញ​លក់​។

Google ជា​ម្ចាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ក៏​មាន​ម៉ូដែល​ក្បាល​ឆក​ដែរ​ នោះ​គឺ​ Pixel 3 XL ទើប​នឹង​ចេញ​ថ្មី​ៗនេះ​ ក៏​បង្ហាញ​ពី​ការ​គាំទ្រ​ការ​រចនា​បែប​នេះ​ ដូច​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​នានា​ (Android) ដែរ​។

ការ​រចនា​ស្មាតហ្វូន​របស់​ Apple បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ផលិត​នានា​ និង​មាន​ការ​ធ្វើ​តាម​រាប់​មិន​អស់​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ មុខងារ​ស្កេន​ម្រាម​ដៃ​ (Fingerprint Sensor) និង​ Virtual Assistant មិន​ទាន់​និយម​ទេ​ រហូត​ដល់​ Apple ដាក់​មុខងារ​ទាំង​នេះ​ចូល​ iPhone។ បច្ចុប្បន្ន​ ស្មាតហ្វូន​ភាគច្រើន​សុទ្ធ​តែ​មាន​មុខងារ​ទាំង​នេះ​។

តាំង​ពី​ Apple បញ្ចេញ​ iPhone X អេក្រង់​លាត​ពេញ​ និង​មាន​ក្បាល​ឆក​ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ជាច្រើន​ក៏​ណែនាំ​ម៉ូដែល​ថ្មី​របស់​ខ្លួន​ រូបរាង​ស្រដៀង​នឹង​ iPhone X ដែរ​។ Apple បាន​លើក​ឡើង​ថា​ គោលដៅ iPhone X ធ្វើ​ឲ្យ​ស្មាតហ្វូន​មាន​អេក្រង់​ពេញ​ ប៉ុន្តែ​មែនទែន​ទៅ​មិន​លាត​ពេញ​ទេ​ ដោយសារ​ Notch នេះ​ឯង​។

ក្រុមហ៊ុន​មួយ​ចំនួន​ បាន​ព្យាយាម​ធ្វើ​ខុស​ពី​នេះ​ ដូចជា​ Samsung បាន​ជម្រុះ​ Notch នេះ​ចំពោះ​បណ្តាល​អំបូរ​ Galaxy S និង​ Note។ Vivo របស់​ចិន​ បាន​ព្យាយាម​បំបាត់​កាមេរ៉ា​មុខ​ ពេល​មិន​មាន​តម្រូវការ​។ ប៉ុន្តែ​ក៏​នៅ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ បន្ត​ទទួល​យក​គំរូ​រចនា​នេះ​ដែរ​ ដូចជា​ Google ជា​ដើម​។

ពេល​ Apple ចេញ​ម៉ូដែល​មាន​អេក្រង់​ពេញ​ គ្មាន​ក្បាល​ឆក​នេះ​ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ដទៃ​ទៀត​ក៏​ប្រហែល​យក​គំរូ​បន្ត​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ thisisinsider   ប្រែ​សម្រួល៖ ប៊ុនធឿន