ទិដ្ឋភាពស្ដែងៗ ប៉ូលិសចិនមកទទួលក្រុមជំរិតទារប្រាក់ជនជាតិចិនជិត ១០០នាក់ ពីកម្ពុជា

  • 2018-10-15 08:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ខេត្ត​ហ្គ័​ង​ចូ​វ របស់​ប្រទេស​ចិន ប្រមាណ​ជាង ១០០​នាក់ បានធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ពិសេស​មក​ទទួលយក​ជនជាតិ​ចិន​ចំនួន ៩១​នាក់ ពី​ប៉ូលិសអ​ន្តោ​ប្រវេសន៍​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ។ ជនជាតិចិនទាំង៩១នាក់នេះ ពាក់ព័ន្ធ​ករណី​ជំរិតទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា នៅ​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៥ ខែតុលា នេះ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បានប្រគល់​ជនជាតិ​ចិន​ចំនួន ៩១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​២១​នាក់ ពាក់ព័ន្ធ​ករណី​ជំរិតទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) ទៅ​ឲ្យ​ប៉ូលិស​ខេត្ត​ហ្គ័​ង​ចូ​វ របស់​ចិន ដើម្បី​យក​ពួកគេ​ទៅ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​ចិន​។ ប៉ូលិស​ខេត្ត​ហ្គ័​ង​ចូ​វ របស់​ចិន ដែល​មក​មាន​ចំនួន​១៨២​នាក់​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ចិន​វិញ គឺ​តាម​ជើងយន្តហោះ​ពិសេស​ប្រភេទ A330 (​ជើងយន្តហោះ​លេខ CZ3001/CZ3002)​។​

​លោក​បាន​បន្តថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៩១​នាក់ ខាងលើនេះ ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្មនិង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្មនិង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​​ជាមួយ​ក្រុមហ៊ុន​ឋានសួគ៌​សុខា ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​អគារ​លេខ​៣ ស្ថិតនៅ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូរ ខេត្ត​កំពត (​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​បូកគោ​) ពាក់ព័ន្ធ​ករណី​ជំរិតទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​ឃាត់ខ្លួន​ទទួល និង​បណ្តេញ​ជនសង្ស័យ​ជា​ជន​ជាតិចិន ដែល​ពាក់ព័ន្ធ​ករណី​គំរាម​ជម្រិត ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) ដោយ​យក​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ធ្វើ​សកម្មភាព​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ទៅលើ​ប្រជាជន​នៅ​ប្រទេស​ចិន​រាប់លាន​នាក់ និង​ជន​សង្ស័យ​ជា​ជន​ជាតិចិន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​ចិន​បាន​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​នគ​រ​បាល​ប្រទេស​ចិន បាន​លួច​ចូលមក​សំងំ​លាក់ខ្លួន រួច​បន្តសកម្មភាព​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា​ទៀត​៕

ប្រភព៖ រស្មីកម្ពុជា